ការជួបជុំគ្នាម្តងទៀតរវាង ប៊ី សុធារី និង Thae Su Nyein បានធ្វើឱ្យរង្គោះរង្គើយ៉ាងខ្លាំងនៅក្នុងវិស័យបវរកញ្ញាទោះបីជាការប្រកួតមិនទាន់ចាប់ផ្តើមជាផ្លូវការក៏ដោយ។ ទិដ្ឋភាពនេះបានជំរុញឱ្យមនុស្សជាច្រើនជឿថានៅពេលកម្មវិធី Miss Cosmo ប្រកួតជាផ្លូវការនឹងមានទស្សនីយភាពដ៏ជក់ចិត្ត។
នៅល្ងាចថ្ងៃទី ១៦ ខែសីហា ប៊ី សុធារី Miss Cosmo Cambodia 2026 បានធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន ដោយមានអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនមកចាំទទួល។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងគឺ ប៊ី សុធារី បានជួប Thae Su Nyein ម្តងទៀតបន្ទាប់ពីអ្នកទាំងពីរបានបែកជាគ្នាយូរក្រោយពីធ្លាប់បានរួមការងារជាមួយគ្នាម្តងកាលពីខែវិច្ឆិកា ឆ្នាំ២០២៥។

សកម្មភាពរបស់ ប៊ី សុធារី និង Thae Su Nyein ត្រូវបានក្រសែភ្នែកជាច្រើនយកចិត្តទុកដាក់ពីព្រោះអ្នកទាំងពីរគឺធ្លាប់បានប៉ះគ្នាម្តងនៅក្នុងការប្រកួត Miss Grand ស្របពេលដែលបវរកញ្ញាទាំងពីររូបសុទ្ធតែប៉ះទង្គិចគ្នាជាមួយនឹងម្ចាស់កម្មវិធីនេះ។ ការជួបជុំនេះបានធ្វើឱ្យល្បីពេញបណ្តាញសង្គមយ៉ាងឆាប់រហ័សទាំងនៅវៀតណាម កម្ពុជា រួមទាំងមីយ៉ាន់ម៉ា។ មានវីដេអូមួយក៏បង្ហាញពីសកម្មភាព Thae Su Nyein និង ប៊ី សុធារី បានអង្គុយជិតគ្នាក្នុងពេលធ្វើដំណើរហើយបង្ហាញភាពរីករាយជាមួយគ្នា។
ជាមួយនឹងសមត្ថភាពនៅក្នុងវិស័យបវរកញ្ញាជាច្រើនឆ្នាំការតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិលើកនេះអ្នកគាំទ្រជាច្រើនបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប៊ី សុធារី នឹងក្តោបឱកាសយកចំណាត់ថ្នាក់ខ្ពស់ក្នុងការប្រកួតនេះ៕










