ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបាននិងកំពុងឡើងកម្តៅសារជាថ្មី ក្រោយយោធាថៃបានបន្តធ្វើសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដោយបើកគ្រឿងចក្រឈូសឆាយដីធ្វើផ្លូវថ្មី និងរាយបន្លាលួសចូលមកក្នុងទឹកដីកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលទង្វើឈ្លានពានឯកតោភាគីនេះ បានបង្ខំឱ្យរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីថ្លែងការណ៍តវ៉ាជាផ្លូវការ និងក្តៅគគុកមួយ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ បានលាតត្រដាងថា សកម្មភាពបំពានច្បាប់របស់យោធាថៃបានកើតឡើងនៅទីតាំងចំនួនពីរ។ ករណីទីមួយ កើតឡើងចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ដោយកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវថ្មី នៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង។ មិនទាន់បាត់ក្តៅហុយៗផង ចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា យោធាថៃបានបន្តរំលោភបំពានជាលើកទីពីរ ដោយបើកគ្រឿងចក្រឈូសឆាយដី និងរាយរបងលួសបន្លាយ៉ាងគគ្លើន នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលទីតាំងទាំងអស់នេះ គឺស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត។
.jpg)
យោងតាមប្រភពព័ត៌មានដដែល រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសកម្មភាពទាំងនេះថាជា ការរំលោភបំពានយ៉ាងចំហលើអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ ដែលត្រូវបានខណ្ឌសីមា និងកំណត់យ៉ាងត្រឹមត្រូវនៅលើផែនទីខ្នាត ១/២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនបារាំង-សៀម។ សកម្មភាពឯកតោភាគីរបស់ថៃនេះ ក៏បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MoU ឆ្នាំ២០០០) ស្តីពីការស្ទង់មតិ និងការខណ្ឌសីមាព្រំដែនគោក ដែលហាមដាច់ខាតមិនឱ្យភាគីណាមួយធ្វើការផ្លាស់ប្តូរបរិស្ថានតាមបន្ទាត់ព្រំដែន មុនពេលគណៈកម្មការចម្រុះ JBC បញ្ចប់ការងារឡើយ។ ក្រសួងការបរទេសកម្ពុជាបានសង្កត់ធ្ងន់ និងប្រកាសក្តៅៗថា កម្ពុជានឹងមិនទទួលស្គាល់រាល់សកម្មភាពខុសច្បាប់ទាំងនេះថាជាការបង្កើតខ្សែបន្ទាត់ព្រំដែន ឬជាការទាមទារសិទ្ធិលើដីធ្លីរបស់ភាគីថៃឡើយ ហើយទង្វើនេះក៏មិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងកម្មសិទ្ធិរបស់កម្ពុជានោះដែរ។
ដើម្បីសម្រាលសភាពការណ៍ និងបញ្ចៀសការប្រឈមមុខដាក់គ្នារវាងកងទ័ព កម្ពុជាបានទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគីទាំងអស់នេះភ្លាមៗ និងប្រញាប់ដកកងកម្លាំងប្រដាប់អាវុធ ព្រមទាំងគ្រឿងចក្រសំណង់ចេញពីតំបន់នោះជាបន្ទាន់។ ទន្ទឹមនឹងនេះ កម្ពុជានៅតែបន្តបង្ហាញជំហរយ៉ាងច្បាស់លាស់ ក្នុងការដោះស្រាយរាល់បញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដើម្បីរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អ ផ្ញើសារព្រមានទៅភាគីថៃថា បូរណភាពទឹកដីខ្មែរ មិនអាចត្រូវបានបំពានដោយគ្មានការទទួលខុសត្រូវនោះឡើយ៕










