ចង់ឲ្យខ្មែរអន់ជាងខ្លួនរហូតមែនទេទើបសុខចិត្ត? អស់ពីចោទប្រកាន់ទម្លាក់កំហុសរឿងនេះ រឿងនោះមិនអស់ចិត្ត ឥឡូវថៃសម្ដែងធ្វើជាព្រួយបារម្ភរឿងកម្ពុជាទទួលបានរថក្រោះទំនើបពីចិនវិញម្ដង ដោយរដ្ឋមន្រ្តីការបរទេសថៃ បានត្អូញត្អែប្រាប់ចិនថា ការដែលកម្ពុជាទទួលបានគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ទាំងនេះ គឺកំពុងបង្កហានិភ័យ និងគំរាមកំហែងដល់ស្ថិរភាពការទូត ព្រមទាំងបទឈប់បាញ់តាមព្រំដែន។ ចេតនាត្អូញត្អែរទាំងមិនសមហេតុផលនេះ ត្រូវបានគេមើលឃើញថាគ្រាន់តែជាល្បិចកលការទូតថ្មីមួយ ដើម្បីបិទបាំងភាពទាល់ច្រករបស់ខ្លួនតែប៉ុណ្ណោះ។
.jpg)
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Bloomberg ភាគីថៃបានបង្ហាញការមិនសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពេលការស៊ើបការណ៍សម្ងាត់របស់ខ្លួនរកឃើញថា រថក្រោះប្រយុទ្ធប្រភេទ T-59D របស់ចិនចំនួន ៣៩គ្រឿង ត្រូវបានបញ្ជូនមកឱ្យកម្ពុជាកាលពីខែមិថុនា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយោធាដែលមានស្រាប់។ ទោះបីជាដឹងច្បាស់ថា គ្រឿងយុទ្ធោបករណ៍ទាំងនោះមិនទាន់ត្រូវបានដាក់ពង្រាយនៅតាមបន្ទាត់ព្រំដែនក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងបាងកកបានប្រញាប់ប្រញាល់យកបញ្ហានេះទៅធ្វើជាលេសការទូតភ្លាមៗ ដើម្បីបំប៉ោងសាច់រឿងឱ្យមើលទៅជាភាពតានតឹងផ្នែកយោធា។
.jpg)
តាមការពិត ចេតនាពិតប្រាកដនៃការរត់ទៅរកចិននាពេលនេះ គឺដើម្បីបញ្ចុះបញ្ចូលឱ្យទីក្រុងប៉េកាំងជួយអន្តរាគមន៍រារាំង និងសម្ពាធឱ្យកម្ពុជាបោះបង់ចោលយន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ហើយងាកមកចរចាទ្វេភាគីដែលថៃងាយស្រួលកេងចំណេញវិញ។
ការយកបញ្ហាគ្រឿងយុទ្ធោបករណ៍ការពារជាតិមកធ្វើជាលេសដើម្បីបង្កកការងារព្រំដែនប្រវែង ៨០០គីឡូម៉ែត្រ បានស្តែងឱ្យឃើញពីភាពចង្អៀតចង្អល់ និងភាពទាល់ច្រករបស់ភាគីថៃយ៉ាងពិតប្រាកដ។ នៅក្នុងច្បាប់អន្តរជាតិ ការពង្រឹងសមត្ថភាពយោធាដើម្បីការពារបូរណភាពទឹកដី គឺជាសិទ្ធិអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា ដែលប្រទេសជិតខាងគ្មានសិទ្ធិមកលូកដៃ ឬហាមឃាត់មិនឱ្យកម្ពុជាអភិវឌ្ឍខ្លួននោះឡើយ។ ការដែលថៃភ័យព្រួយហួសហេតុ រួចបែរជាយកបញ្ហារថក្រោះមកធ្វើជាចំណាប់ខ្មាំងការទូតនោះ គ្រាន់តែជារូបភាពការទូតដ៏សែនខ្វះភាពស្មោះត្រង់ ដើម្បីបិទបាំងការភ័យខ្លាច និងការគេចវេសមិនហ៊ានចូលខ្លួនដោះស្រាយទំនាស់ព្រំដែនទឹក និងគោក ក្រោមប្រព័ន្ធតុលាការអន្តរជាតិដែលមានតម្លាភាពតែប៉ុណ្ណោះ។
ការសម្តែងក្តីបារម្ភហួសហេតុរបស់រដ្ឋាភិបាលថៃទៅកាន់ទីក្រុងប៉េកាំង មិនអាចបង្វែរដានពីឆន្ទៈដ៏ពិតប្រាកដរបស់កម្ពុជាក្នុងការស្វែងរកយុត្តិធម៌តាមច្បាប់សកលបានឡើយ។ ជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដើរតាមយន្តការ UNCLOS គឺជាផ្លូវការទូតដ៏ត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ ចំណែកឯលេសដោះសាររឿងរថក្រោះរបស់ថៃ គ្រាន់តែជារូបភាពការទូតមួយដើម្បីបិទបាំងការគេចវេសពីកាតព្វកិច្ចចរចាព្រំដែនគោករបស់ខ្លួនតែប៉ុណ្ណោះ៕
Home ព័ត៌មានអន្តរជាតិ ថៃចាត់ទុកការផ្ដល់រថក្រោះ T-59D ពីចិនទៅកម្ពុជា គឺជាការគំរាមកំហែងដល់ស្ថិរភាពព្រំដែន









