ស្ងាត់ៗតែតាមដានគ្រប់ជំហាន! ថ្មីៗនេះសារព័ត៌មានសេដ្ឋកិច្ចពិភពលោក Bloomberg បានបង្ហើបឲ្យដឹងថា ប្រទេសវៀតណាមកំពុងសម្រុកដុតដៃដុតជើងសាងសង់កំពង់ផែទឹកជ្រៅខ្នាតយក្ស ហុន ក្វាយ (Hon Khoai) ក្នុងទំហំទឹកប្រាក់ជិត ៤ ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលចិននៅក្នុងតំបន់។ គម្រោងដ៏មហិមារនេះ ត្រូវបានជំរុញឱ្យក្លាយជាកិច្ចការអាទិភាពកំពូលរបស់ទីក្រុងហាណូយ ភ្លាមៗបន្ទាប់ពីកម្ពុជាបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ដែលបានបង្កជាក្តីបារម្ភផ្នែកសន្តិសុខ និងសេដ្ឋកិច្ចយ៉ាងខ្លាំងសម្រាប់ភាគីវៀតណាម។
.jpg)
យោងតាមការដកស្រង់សម្តីរបស់មន្ត្រីការពារជាតិវៀតណាមមួយរូប កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន បានជំរុញឱ្យវៀតណាមត្រូវតែស្វែងរកតុល្យភាពអំណាចភូមិសាស្ត្រនយោបាយឡើងវិញ។ លោក ឡេ ហុង ហៀប (Le Hong Hiep) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS ប្រទេសសិង្ហបុរី បានពន្យល់ថា កំពង់ផែ ហុន ក្វាយ នេះ មិនមែនជាគម្រោងសេដ្ឋកិច្ចធម្មតានោះទេ ប៉ុន្តែវាត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់បានទាំងវិស័យស៊ីវិល និងយោធា ដែលអនុញ្ញាតឱ្យវៀតណាមអាចដាក់ពង្រាយនាវាចម្បាំងធំៗ និងតាមដានសកម្មភាពនានានៅក្នុងតំបន់ឈូងសមុទ្រថៃបានកាន់តែមានប្រសិទ្ធភាព។ បន្ថែមលើនេះ វាក៏ជាខែលការពារឥទ្ធិពលសេដ្ឋកិច្ចរបស់វៀតណាមផងដែរ ក្នុងករណីដែលកម្ពុជាចាប់ផ្តើមប្រើប្រាស់ព្រែកជីកថ្មី ហើយកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹករបស់វៀតណាម។
.jpg)
ទោះជាមានការវិភាគ និងការព្រួយបារម្ភជាហូរហែពីសំណាក់ភាគីវៀតណាម និងអ្នកជំនាញអន្តរជាតិក្តី រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរច្បាស់លាស់ និងបដិសេធដាច់ខាតចំពោះការចោទប្រកាន់ទាំងឡាយណាដែលថា ព្រែកជីកហ្វូណនតេជោនឹងត្រូវប្រើប្រាស់សម្រាប់គោលដៅយោធាបរទេស។ កម្ពុជាបានសង្កត់ធ្ងន់ថា នេះជាគម្រោងប្រវត្តិសាស្ត្ររបស់ជាតិ ក្នុងការបើកច្រកផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្រ ដើម្បីពង្រឹងឯករាជ្យភាពខាងការដឹកជញ្ជូន លើកកម្ពស់សេដ្ឋកិច្ចជាតិ និងសម្រាលបន្ទុកចំណាយរបស់អាជីវករ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
សរុបសេចក្តីមក ការពន្លឿនគម្រោងកំពង់ផែ ហុន ក្វាយ របស់វៀតណាម និងការសាងសង់ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា បានស្តែងឱ្យឃើញពីការប្រកួតប្រជែងឥទ្ធិពល និងការការពារផលប្រយោជន៍រៀងៗខ្លួនរបស់ប្រទេសជិតខាងទាំងពីរ។ ទោះបីជាការអភិវឌ្ឍផ្ទៃក្នុងរបស់កម្ពុជាត្រូវបានមើលឃើញក្នុងទម្រង់ជាការគំរាមកំហែងសន្តិសុខពីសំណាក់ទីក្រុងហាណូយក្តី ជំហររបស់កម្ពុជានៅតែបន្តបង្ហាញពីភាពស្មោះត្រង់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយសង្ឃឹមថាការបកស្រាយប្រកបដោយតម្លាភាព នឹងអាចកាត់បន្ថយភាពតានតឹង និងរក្សាបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ានទាំងមូល៕










