កុំយកគំរូតាមឱ្យសោះ! ស្ត្រី Influencer ថៃម្នាក់ត្រូវបានមហាជនជប៉ុនរិះគ.ន់ពេញប្រទេសនាដើមខែកក្កដា ឆ្នាំ២០២៦ ក្រោយពីដេកននៀលសង្កត់រុក្ខជាតិកម្រលើកំពូលភ្នំអាគិតាកា កូម៉ាហ្គាតាកែ (Akita Komagatake) និងបេះផ្កាភ្នំ យកមកថតរូបលេងសើច ព្រោះតែចង់បាន Like និង Share! មហាជនជប៉ុនខឹងសម្បារ និងចាត់ទុកទង្វើនេះជាការបំផ្លា.ញបរិស្ថាន និងល្មើសច្បាប់ឧទ្យានជាតិយ៉ាងធ្ងន់ធ្ងរ ហើយវាជារឿងដ៏អាម៉ាស់មួយសម្រាប់ស្ត្រីថៃខ្វះការយល់ដឹងរូបនេះ។
មហាជនជប៉ុនបានរិះគ.ន់ខ្លាំងៗទៅលើស្ត្រីថៃម្នាក់ជា Influencer បន្ទាប់ពីនាងធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុន ហើយបានដេកននៀលសង្កត់រុក្ខជាតិដែលការពារដោយច្បាប់ នៅលើកំពូលភ្នំអាគិតាកា កូម៉ាហ្គាតាកែ ស្ថិតក្នុងខេត្តអាគិតា។ រូបភាព និងវីដេអូរបស់នាង ត្រូវបានចែកចាយបន្តគ្នាយ៉ាងឆាប់រហ័សលើបណ្តាញសង្គមជប៉ុន កាលពីថ្ងៃទី៦ ខែកក្កដា ដោយអ្នកលេងបណ្តាញសង្គមថា ស្ត្រីរូបនេះបេះផ្កាភ្នំ រួចហើយ ដេកពីលើរុក្ខជាតិទាំងនោះដើម្បីថតរូបបង្អួត ដែលជាទង្វើបំផ្លាញបរិស្ថានក្នុងឧទ្យានជាតិ និងល្មើសច្បាប់ឧទ្យានយ៉ាងធ្ងន់ធ្ងរ។
វាបានក្លាយជាប្រធានបទជជែកគ្នាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមជប៉ុន បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គម X ដែលមានគណនីឈ្មោះ «@masanews3» បង្ហោះរូបភាព និងវីដេអូស្ត្រីថៃ និងសរសេរថា «ភ្ញៀវទេសចរថៃម្នាក់បេះផ្កាលើកំពូលភ្នំអាគិតាកា កូម៉ាហ្គាតាកែ ថែមទាំងដេកសង្កត់លើរុក្ខជាតិកម្រថែមទៀត។ នេះជាការបំផ្លាញបរិស្ថានក្នុងឧទ្យានជាតិ ទង្វើនេះល្មើសច្បាប់ឧទ្យានជាតិជប៉ុន ដែលឧទ្យានមានភ្នាក់ងារត្រួតពិនិត្យជាប្រចាំ»។
បន្ទាប់ពីរូបភាព និងវីដេអូរបស់នាងត្រូវបានចែកចាយនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជប៉ុនជាច្រើនបញ្ចេញមតិរិះគន់យ៉ាងខ្លាំង និងទាមទារឱ្យស្ត្រី Influencer ថៃទទួលខុសត្រូវនូវទង្វើរបស់ខ្លួនជាបន្ទាន់ ពីព្រោះពួកគេពិបាកទទួលយកទង្វើនេះណាស់។ ពួកគេយល់ថា វាមិនសមរម្យទាល់តែសោះ និងអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការដាក់ទោសយ៉ាងធ្ងន់ធ្ងរលើស្ត្រីនេះដែលមិនគោរពច្បាប់អភិរក្ស ដើម្បីការពារកុំឱ្យហេតុការណ៍បែបនេះកើតឡើងម្តងទៀត។
សូមបញ្ជាក់ថា ភ្នំអាគិតាកា កូម៉ាហ្គាតាកែ ស្ថិតក្នុងឧទ្យានជាតិ «Towada-Hachimantai» ខេត្តអាគិតា គឺជាតំបន់អភិរក្សបរិស្ថាន ហើយនៅទីនេះ មានរុក្ខជាតិកម្រជាច្រើនប្រភេទដែលប្រទេសប៉ុនមានច្បាប់ការពារ។ ហេតុនេះ ការបេះរុក្ខជាតិ ឬធ្វើអ្វីបំផ្លាញធម្មជាតិនៅលើភ្នំ ត្រូវបានចាត់ទុកជាការបំពានច្បាប់ស្តីពីឧទ្យានធម្មជាតិរបស់ជប៉ុន។
អត្តសញ្ញាណពិតប្រាកដរបស់ស្ត្រី Influencer ថៃរូបនេះ មិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការជប៉ុនបញ្ចេញឈ្មោះចំៗជាសាធារណៈឡើយ ប៉ុន្តែបើតាមប្រភពព័ត៌មានពី Khaosod English ថា នាងមានអ្នកតាមដានជាង ១០ម៉ឺននាក់ ហើយតែងតែបង្ហោះរូបភាព និងវីដេអូដើរលេងតាមតំបន់ផ្សេងៗក្នុងប្រទេសជប៉ុន។ បន្ទាប់ពីរងការរិះគន់ខ្លាំងៗពីសំណាក់ជនជាតិជប៉ុន និងជនជាតិថៃដូចគ្នា នាងក៏បិទគណនីបណ្តាញសង្គមរបស់ខ្លួន ថែមទាំងលុបរូបភាព/វីដេអូដែលបង្កបញ្ហានោះចេញ ដើម្បីគេចពីការរិះគន់៕










