Home ព័ត៌មានអន្តរជាតិ ជ.នជាតិឡាវទម្លាយថា «ទឹកជ្រលក់គ្រឿងសមុទ្រថៃដ៏ល្បីមួយ» គឺជារូបមន្តបុរាណឡាវ «ចែវស៊ុម»

ជ.នជាតិឡាវទម្លាយថា «ទឹកជ្រលក់គ្រឿងសមុទ្រថៃដ៏ល្បីមួយ» គឺជារូបមន្តបុរាណឡាវ «ចែវស៊ុម»

124
0

ការជជែកវែកញែកយ៉ាងក្តៅគគុកនៅក្នុងបណ្តាញសង្គមរវាងពលរដ្ឋឡាវ និងថៃ បានផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពីបុរសជ.នជាតិឡាវម្នាក់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «សឿ ឡុក វ៉ាយហ្វាយ» បានចេញមុខអះអាងថា ទឹកជ្រលក់គ្រឿងសមុទ្រថៃ (Seafood Sauce) ដែលល្បីល្បាញទៅកាន់ពិភពលោកនោះ តាមពិតទៅ គឺជារូបមន្តដែលចម្លងចេញពីទឹកជ្រលក់បុរាណឡាវឈ្មោះ «ចែវស៊ុម» (Jeaw Som) ទាំងស្រុង។

តាមការរៀបរាប់នៅក្នុងវីដេអូដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ បុរសឡាវរូបនេះបានបញ្ជាក់ថា «ចែវស៊ុម» ជាទឹកជ្រលក់ដែលមានរសជាតិជូរហឹរ ធ្វើឡើងពីខ្ទឹមស បុកលាយជាមួយម្ទេស និងគ្រឿងផ្សំផ្សេងទៀត ដែលដូនតាឡាវបាននិយមធ្វើបរិភោគតាំងពីយូរលង់ណាស់មកហើយ សម្រាប់ជ្រលក់ជាមួយខ្យង ខ្ចៅ សាច់មាន់ស្ងោរ ឬបរិភោគជាមួយបាយដំណើប។ លោកបានបន្ថែមថា បើទោះជាប្រទេសឡាវគ្មានដែនសមុទ្រ ក៏មិនមែនមានន័យថា ឡាវមិនអាចបង្កើតរូបមន្តទឹកជ្រលក់នេះបានឡើយ ប៉ុន្តែភាគីថៃបានយកទៅកែច្នៃបន្តិចបន្តួច រួចប្តូរឈ្មោះជា «ទឹកជ្រលក់គ្រឿងសមុទ្រ» ដើម្បីតាំងខ្លួនជាម្ចាស់ដើម។

ការអះអាងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃសម្ដែងការមិនពេញចិត្ត និងបានចូលមកឆ្លើយតបវិញយ៉ាងចាស់ដៃ។ ភាគីថៃវែកញែកថា រូបមន្តទឹកជ្រលក់គ្រឿងសមុទ្រនេះ គឺបង្កើតឡើងដោយដូនតាអ្នកនេសាទថៃដែលរស់នៅតាមឆ្នេរសមុទ្រផ្ទាល់ មិនមែនចម្លងពីឡាវនោះទេ។ ពួកគេបានសង្កត់ធ្ងន់ថា ទឹកជ្រលក់ឡាវ និងថៃ មានភាពខុសគ្នាទាំងគ្រឿងផ្សំ និងរសជាតិ ហើយការដែលឡាវគ្មានព្រំដែនជាប់សមុទ្រ គឺមិនអាចមានទឹកជ្រលក់សម្រាប់បរិភោគជាមួយអាហារសមុទ្រតាំងពីបុរាណបានឡើយ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសជិតខាងទាំងពីរមានជម្លោះពាក្យសម្តីលើបញ្ហាម្ហូបអាហារ។ កន្លងមក ស្ត្រីជនជាតិឡាវម្នាក់ក៏ធ្លាប់បានអះអាងដែរថា «បាយដំណើបស្វាយទុំ» ដែលថៃផ្សព្វផ្សាយទៅកាន់ពិភពលោក ក៏មានប្រភពដើមពីប្រទេសឡាវដែរ ព្រោះពលរដ្ឋឡាវបរិភោគបាយដំណើបជាអាហារចម្បងប្រចាំថ្ងៃរហូតដល់ទៅជាង ៩០% តាំងពីបុរាណ។ ប៉ុន្តែដោយសារថៃមានភាពឆ្លាតវៃផ្នែកទីផ្សារ និងវិស័យទេសចរណ៍ ពួកគេបានយកបាយដំណើបទៅបរិភោគជាមួយមាន់អាំង ឬបុកល្ហុង ហើយផ្សព្វផ្សាយទៅកាន់អន្តរជាតិ រហូតធ្វើឱ្យពិភពលោក យល់ច្រឡំថាជាវប្បធម៌របស់ថៃ។

ពលរដ្ឋឡាវភាគច្រើនបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការចេញមុខទម្លាយការពិតនេះ។ ពួកគេបានបង្ហាញក្តីខកចិត្ត និងឈឺចាប់ ដែលអត្តសញ្ញាណ និងវប្បធម៌ម្ហូបអាហារឡាវជាច្រើនមុខ ត្រូវបានពិភពលោកស្គាល់ជារបស់ថៃ ដោយសារតែថៃមានប្រព័ន្ធសេដ្ឋកិច្ចរឹងមាំ និងពូកែខាងផ្សព្វផ្សាយជាង ដោយមិនបានផ្តល់តម្លៃដល់ម្ចាស់ស្រុកដើម និងតែងតែមានទម្លាប់យកវប្បធម៌ពីប្រទេសជិតខាងធ្វើជារបស់ខ្លួន៕