ក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យសៀងហៃ (Shanghai University) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញមនុស្សយន្ត (Humanoid Robot) ដំណើរការដោយបច្ចេកវិទ្យាសិប្បនិម្មិត (AI) យ៉ាងឆ្លាតវៃ មានសមត្ថភាពប្រមូលផលប៉េងប៉ោះក្នុងកសិដ្ឋានបានយ៉ាងល្អដោយគ្មានការខូចខាត គឺដូចគ្នានឹងការប្រមូលផលដោយមនុស្ស ។ នេះជាជំហ៊ានថ្មីមួយទៀតរបស់ចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្តឱ្យកាន់តែទំនើបសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មបែបឌីជីថល ។
មនុស្សយន្តនេះត្រូវបានបំពាក់កាមេរ៉ាស្កេនដើម្បីចាប់រូបភាពដើមប៉េងប៉ោះនៅជុំវិញខ្លួនវា និងប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់វិភាគពីទំហំផ្លែ ពណ៌ រួចហើយជ្រើសរើសបេះតែផ្លែណាទុំល្អប៉ុណ្ណោះ ។ ដៃរបស់វាអាចធ្វើត្រាប់តាមដៃមនុស្ស ដើម្បីបេះប៉េងប៉ោះនៅចន្លោះមែកដោយថ្នមៗគ្មានស្នាមជាំ ឬខូចខាតឡើយ ខណៈការប្រមូលផលរបស់ម៉ាស៊ីនធម្មតា តែងតែធ្វើឱ្យខូចផលដំណាំ ។

បច្ចេកវិទ្យាមនុស្សយន្តត្រូវបានអភិវឌ្ឍន៍ឡើងយ៉ាងពិសេសដើម្បីដោះស្រាយបញ្ហាប្រឈមបំផុតក្នុងកសិដ្ឋានប៉េងប៉ោះ ពីព្រោះកន្លងមក ការប្រមូលផលដោយម៉ាស៊ីនធម្មតាធ្វើឱ្យជាំផ្លែ និងខូចសំបក ។ មនុស្សយន្ត AI ថ្មីនេះអាចប្រមូលផលដោយយជោគជ័យរហូតដល់ជាង៩០% វាចាប់ផ្តើមបេះផ្លែដោយប្រើប្រាស់ដៃថ្នមបំផុត និងមិនទាញផ្លែខ្លាំងៗនាំឱ្យជ្រុះចេញពីមែក (គឺដូចគ្នានឹងការបេះដោយដៃមនុស្ស) រួចហើយ ក៏ដាក់ផ្លែក្នុងថាសយ៉ាងមានរបៀបដើម្បីធានាសុវត្ថិភាពក្នុងពេលដឹកជញ្ជូន ។ 
ក្រៅពីការប្រមូលដំណាំ វាក៏អាចកាត់តម្រឹមស្លឹកផងដែរ និងធ្វើការនៅកន្លែងលំបាកៗរយៈពេល២៤ម៉ោងដោយគ្មានការរអាក់រអួល ។ ក្រុមអ្នកស្រាវជ្រាវរំពឹងថា វានឹងជួយដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មយ៉ាងមានប្រសិទ្ធភាព ។
គួរបញ្ជាក់ថា មនុស្សយន្ត Humanoid Robot ត្រូវបានដាក់ឱ្យធ្វើការនៅតាមកសិដ្ឋានដំណាំធំៗក្នុងតំបន់មួយចំនួននៅប្រទេសចិន ហើយក្រុមអ្នកស្រាវជ្រាវមានគម្រោងប្រើប្រាស់វាក្នុងឧស្សាហកម្មទ្រង់ទ្រាយធំនាពេលឆាប់ៗ ៕










