តារាចម្រៀង ជូវី លីន បានបង្ហាញអារម្មណ៍របស់ខ្លួនជាសាធារណៈជុំវិញរូបភាពមួយសន្លឹកហាក់ដូចជាប្រៀបធៀបទៅនឹងរឿងរបស់លោកដែលខំបញ្ចេញស្នាដៃនៅពីក្រោយភាពជោគជ័យជាច្រើនប៉ុន្តែលទ្ធផលបែរជាមិនសូវមានអ្នកមើលឃើញនោះទេ។ ផ្ទុយទៅវិញអ្នកស្ទើរតែមិនធ្វើអ្វីសោះក្លាយជាវីរបុរស ដល់ពេលមានការទាមទារស្រាប់តែថាលោកជាមនុស្សចិត្តចង្អៀត។
.png)
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ជូវី លីន បានក្លាយជាសិល្បករឯករាជ្យដោយបានបង្ហាញមុខនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប និងចុងក្រោយនេះធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធីមួយដែលជ្រើសរើស Cam Pop ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ជូវី លីន ស្រាប់តែចែករំលែករូបភាពមួយហើយបានបង្ហាញអារម្មណ៍របស់ខ្លួនឡើងមកនៅពេលមនុស្សមួយចំនួនមិនមើលឃើញអ្នកធ្វើពិតប្រាកដបែរជាលើកតម្កើងអ្នកដែលចាំតែយកមុខមាត់។
នៅក្នុងរូបភាពនោះបានបង្ហាញពីមនុស្សមួយក្រុមដែលកំពុងថតរូបដាំដើមឈើ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ការជីកដីក្នុងការដាំដើមឈើនេះគឺជាបុរសម្នាក់ផ្សេងទៀត។ ក្នុងន័យនេះគឺចង់សម្តៅថា អ្នកដែលធ្វើពិតប្រាកដមិនបានបង្ហាញមុខនោះទេ តែនៅពីក្រោយអ្នកដែលសម្តែងធ្វើនៅពីមុខកាមេរ៉ា។ 
ជូវី លីន បានលើកឡើងថា «ពីមុនមក ខ្ញុំមិនដែលខ្វល់ថាមនុស្សស្គាល់ការងាររបស់ខ្ញុំ ឬពេញចិត្តវាទេ។ ដរាបណាខ្ញុំមានឱកាសធ្វើអ្វីដែលខ្ញុំស្រលាញ់ នោះគ្រប់គ្រាន់សម្រាប់ខ្ញុំ។ ប៉ុន្តែដោយហេតុផលខ្លះ រឿងរ៉ាវផ្លាស់ប្តូរ នៅពេលដែលពាក្យសម្ដីរីករាលដាលខុសគ្នា ជាពិសេសពីប្រជាជនរបស់យើង។ អ្នកដែលស្ទើរតែមិនបានធ្វើអ្វីសោះ ក្លាយជាវីរបុរស ខណៈពេលដែលអ្នកដែលពិតជាបានកសាងវាឡើង ត្រូវបានកាត់បន្ថយទៅជា «គ្រាន់តែជួយ» ឬ «គ្រាន់តែចូលរួម»។
សិល្បកររូបនេះលើកឡើងទៀតថា «នៅពេលដែលយើងព្យាយាមនិយាយការពិត ភ្លាមៗនោះ យើងក្លាយជាមនុស្សដែលមានគំនិតចង្អៀតចង្អល់ ពីព្រោះការពិតតែងតែជារឿងដែលរំខានបំផុតសម្រាប់មនុស្សដែលចូលចិត្តការកុហក»។
គួរឱ្យដឹងថា ជូវី លីន ក្រៅពីការច្រៀងលោកក៏ជាអ្នកដឹកនាំនិងថត MV ម្នាក់ផងដែរ៕










