Home ព័ត៌មានអន្តរជាតិ ពលករថៃមកពីខេត្តទាំង៤នេះ ត្រូវបានកូរ៉េខាងត្បូងដាក់ក្នុងបញ្ជីខ្មៅ

ពលករថៃមកពីខេត្តទាំង៤នេះ ត្រូវបានកូរ៉េខាងត្បូងដាក់ក្នុងបញ្ជីខ្មៅ

99
0

យោងតាមការប្រកាសជាផ្លូវការរបស់ក្រសួងការងារថៃនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កូរ៉េខាងត្បូងបានសម្រេចផ្អាកការនាំចូលកម្លាំងពលកម្ម និងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ចំពោះពលករថៃមកពី៤ខេត្ត រួមមាន ៖ ខេត្តឧត្តរថានី, ខនកែន, ជ័យភូមិ និងមហាសារ៉ាខាម ដែលធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវ រយៈពេល១ឆ្នាំពេញ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦) ដោយសារពលករថៃមួយចំនួនធំដែលធ្វើការក្រោមទិដ្ឋាការ E-8 (Visa E-8) លួ.ចរត់ចេញពីកន្លែងការងារ និងបោះបង់ចោលកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េខាងត្បូង ។

ពលករថៃដែលបានលួចរត់ នឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ (Blacklist) មិនឱ្យចូលប្រទេសកូរ៉េខាងត្បូងជាថ្មីឡើយ រីឯអ្នកមានបំណងចង់ទៅធ្វើការពីខេត្តទាំង៤នេះ ក៏មិនអាចដាក់ពាក្យស្នើសុំទិដ្ឋាការ E-8 បានដែរក្នុងអំឡុងពេលហាមឃាត់ ។ ទោះយ៉ាងណា កូរ៉េខាងត្បូងនៅតែបន្តទទួលពលករបរទេសមកពីបណ្តាប្រទេសផ្សេងទៀត និងខេត្តផ្សេងនៃប្រទេសថៃដែលមិនរងការហាមឃាត់ ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin News និង MGR Online នៅថ្ងៃទី១២ ខែឧសភា កូរ៉េខាងត្បូងបានដាក់ពលករថៃមកពី៤ខេត្ត ក្នុងបញ្ជីខ្មៅរយៈពេល១ឆ្នាំពេញ (ឆ្នាំ២០២៦) ដោយសារពលករថៃធ្វើការនៅកូរ៉េខាងត្បូងក្រោមទិដ្ឋាការ E-8 រត់ចូលការងារជាច្រើននាក់ ហើយការដាក់ក្នុងបញ្ជីខ្មៅប៉ះពាល់យ៉ាងខ្លាំងដល់ពលករថៃទាំងអស់ និងបាត់បង់ទំនុកចិត្តពីកូរ៉េខាងត្បូង ។

ក្រោយផ្ទុះការចាប់អារម្មណ៍ខ្លាំងពីកូរ៉េខាងត្បូងដាក់ពលករថៃក្នុងបញ្ជីខ្មៅ តើជាព័ត៌មានក្លែងក្លាយ ឬពិត? នាថ្ងៃទី១២ ខែឧសភា មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយនៅប្រទេសថៃ (Anti-Fake News Center Thailand) បញ្ជាក់ថា នេះជាព័ត៌មានពិតប្រាកដ ដោយមជ្ឈមណ្ឌលនេះថា បើតាមនាយកដ្ឋានការងារនៃក្រសួងការងារថៃ គឺកូរ៉េខាងត្បូងបានដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមធ្វើការរយៈពេល១ឆ្នាំពេញ សម្រាប់ពលករកាន់ទិដ្ឋាការ E-8 ធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវកាល ដោយសារពួកគេរត់ចោលថៅកែ ។

មន្ត្រីនាយកដ្ឋានការងារនៃក្រសួងការងារថៃបានដាស់តឿនថា ការរត់ចោលថៅកែ គឺជាការបំពានកិច្ចសន្យាការងារ និងខុសច្បាប់កូរ៉េខាងត្បូង ហើយពលករថៃដែលប្រព្រឹត្តខុសនឹងត្រូវកូរ៉េខាងត្បូងចាប់ខ្លួនដាក់ពន្ធនាគារ ឬបញ្ជូនត្រឡប់មកប្រទេសវិញ ។ សកម្មភាពខុសច្បាប់ទាំងនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសថៃ និងកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្តលើពលករថៃទាំងអស់ ។

ជាលទ្ធផល ពលករថៃនៅទូទាំងប្រទេសនឹងបាត់បង់ឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង មិនមែនប៉ះពាល់តែពលករមកពីខេត្តទាំង៤ ទេ ។ នាយកដ្ឋានការងារនៃក្រសួងការងារថៃបានសំណូមពរទៅកាន់ពលកររបស់ខ្លួន ចៀសវាងរត់ចោលថៅកែ និងអនុវត្តតាមលក្ខខណ្ឌការងាររបស់កូរ៉េខាងត្បូង ៕