ភ្នំពេញ៖ សម្រាប់កញ្ញា កុល វណ្ណាលីន ការចំណាយពេលមួយថ្ងៃដាំដើមកោងកាងជាមួយមិត្តរួមការងារនៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុងបានប្រែក្លាយជាអនុស្សាវរីយ៍ដែលធ្វើឱ្យគាត់ញញឹមរាល់ពេលដែលគាត់នឹងដល់រឿងនេះនៅថ្ងៃនេះ។
“ខ្ញុំមិនអាចបំភ្លេចបានឡើយនៅគ្រាដែលខ្ញុំបានជាប់ភក់នៅពេលដាំដើមកោងកាង ហើយមិត្តរួមការងារបាននាំគ្នាប្រញាប់ប្រញាល់មកជួយ” នេះជាការលើកឡើងរបស់គាត់ទាំងស្នាមញញឹម។ “វាបានបង្ហាញឱ្យឃើញថា កម្មវិធីការងារសង្គម ជួយកសាងសាមគ្គីភាព និងធ្វើឱ្យពួកយើងកាន់តែជិតស្និទ្ធនឹងគ្នា។ នៅពេលពួកយើងធ្វើការងារស្ម័គ្រចិត្តជាមួយគ្នា ពួកយើងក្លាយជាគ្រួសារតែមួយ”។ 
ណាហ្គាវើលដ៍ ទទួលបានពានរង្វាន់ចំនួន ៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨ ឆ្នាំ២០២៦ ។
បទពិសោធន៍របស់គាត់ ឆ្លុះបញ្ចាំងពីវប្បធម៌នៃការងារស្ម័គ្រចិត្តយ៉ាងទូលំទូលាយនៅក្រុមហ៊ុនណាហ្គាវើលដ៍។ តាមរយៈផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលមានឈ្មោះថា ណាហ្គាវើលដ៍បេះដូងសប្បុរស បុគ្គលិកបានរួមចំណែកផ្តល់ពេលវេលាស្ម័គ្រចិត្តសរុបជាង ៦០.០០០ ម៉ោងគិតចាប់តាំងពីឆ្នាំ២០១៤ ដែលគាំទ្រដល់គំនិតផ្ដួចផ្ដើមនានាលើវិស័យអប់រំ ការអភិវឌ្ឍសហគមន៍ វិស័យកីឡា និងការការពារបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ កាលពីពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់នៅក្នុងកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨ ឆ្នាំ២០២៦ នៅទីក្រុងបាងកកប្រទេសថៃដែលក្នុងនោះក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបានពានរង្វាន់ចំនួន ៤ រួមមាន ពានរង្វាន់ក្រុមហ៊ុនល្អបំផុតក្នុងប្រទេសកម្ពុជា (កម្រិតប្លាទីនីម) ៦ ឆ្នាំជាប់ៗគ្នា ពានរង្វាន់ឧត្តមភាពក្នុងការផ្តល់ចំណេះដឹង និងការអប់រំ (កម្រិតមាស) ពានរង្វាន់កម្មវិធីសហគមន៍ល្អបំផុត (កម្រិតប្រាក់) និងពានរង្វាន់ឧត្តមភាពផ្នែកបរិស្ថានល្អបំផុត (កម្រិតប្រាក់)។
ប៉ុន្តែលើសពីពានរង្វាន់ទាំងនេះ ឥទ្ធិពលវិជ្ជមានដែលកើតចេញពីសកម្មភាពទាំងនេះ ត្រូវបានស្តែងឱ្យឃើញតាមរយៈរឿងរ៉ាវដែលកើតមានឡើងជារៀងរាល់ថ្ងៃ។
កញ្ញា វណ្ណាលីន រួមជាមួយបុគ្គលិកស្ម័គ្រចិត្តប្រមាណ ៦០០ នាក់ផ្សេងទៀត បានដាំកូនឈើជាង ២៤.០០០ ដើមក្នុងឆ្នាំ២០២៥ ដែលនេះគឺជាសមិទ្ធផលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ណាហ្គាវើលដ៍ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រង។
នៅអនុវិទ្យាល័យអូរបែកក្អមក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ លោកគ្រូ ឃុន ពិសិដ្ឋ ដែលជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្របរិស្ថាន បានសង្កេតឃើញពីការផ្លាស់ប្តូរឥរិយាបថរបស់សិស្សានុសិស្សចាប់តាំងពីសាលាបានចូលរួមក្នុង “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” របស់ក្រុមហ៊ុនណាហ្គាវើលដ៍។ កម្មវិធីប្រកួតប្រជែងនៅតាមសាលារៀននេះ ត្រូវបានដំណើរការក្នុងឆ្នាំ២០២៤ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយបច្ចុប្បន្នបានពង្រីកវិសាលភាពដល់សាលារៀនចំនួន ៧៩ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តកំពង់ចាមដែលបង្រៀនសិស្សានុសិស្សអំពីការគ្រប់គ្រងសំណល់ ការកែច្នៃឡើងវិញ និងការទទួលខុសត្រូវចំពោះបរិស្ថាន។
លោកគ្រូបានឱ្យដឹងថា “កម្មវិធីនេះបានជួយកែលម្អបរិស្ថានសិក្សានៅក្នុងសាលារបស់យើង និងផ្តល់ឱកាសឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់ព្រមទាំងចេះថែរក្សាបរិស្ថានជុំវិញខ្លួន”។ “បច្ចុប្បន្ន ពួកគេចូលរួមក្នុងសកម្មភាពសម្អាតអនាម័យប្រចាំថ្ងៃ ហើយថែមទាំងចាប់ផ្តើមបង្កើតសួនបន្លែនៅឆ្នាំនេះទៀតផង។ ខ្ញុំពិតជាមានមោទនភាពដែលពួកគេបានជំរុញទឹកចិត្តគ្នាទៅវិញទៅមក និងអភិវឌ្ឍស្មារតីនៃការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះបរិស្ថាន។
កិច្ចខិតខំប្រឹងប្រែងទាំងនេះហើយដែលធ្វើឱ្យសាលារៀនមួយនេះគ្រងតំណែងជាជើងឯកនៃពានរង្វាន់សាលារៀនស្អាតប្រចាំឆ្នាំ២០២៥ ។ សម្រាប់អ្នកដទៃទៀត ការផ្លាស់ប្តូរនេះបានផ្តល់ឥទ្ធិពលវិជ្ជមានលក្ខណៈបុគ្គល។
តាមរយៈកម្មវិធីសាលារៀនស្អាត និងបៃតងរបស់ណាហ្គាវើលដ៍ សិស្សានុសិស្សចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យក្នុងថ្នាក់រៀន និងបរិវេណសាលារៀនព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកផងដែរ។
ផុន ឧត្តម ដែលកាលពីមុនមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដោយសារបញ្ហាខ្វះខាតថវិកា បានចាត់ទុកកម្មវិធីជួយសង្គ្រោះយុវជនដែលងាយរងគ្រោះរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ថាជាអ្នកផ្តល់ឱកាសទីពីរសម្រាប់រូបគាត់។ គាត់បាននិយាយថា “ការដែលមិនអាចបន្តការសិក្សានៅសាកលវិទ្យាល័យបាន វាប្រៀបដូចជាទ្វារដែលត្រូវបានបិទអ៊ីចឹង ប៉ុន្តែកម្មវិធីនេះបានជួយឱ្យខ្ញុំអាចកសាងអនាគតជាថ្មីឡើងវិញ”។
កម្មវិធីស្នាក់នៅរយៈពេល ២០ ខែនេះ បានផ្តល់នូវជំនាញអនុវត្តជាក់ស្តែងដល់យុវជនដែលជួបការលំបាកចាប់ពីជំនាញទំនាក់ទំនងភាសាអង់គ្លេសរហូតដល់ចំណេះដឹងផ្នែកឌីជីថលព្រមទាំងជួយកសាងទំនុកចិត្ត និងការត្រៀមលក្ខណៈសម្រាប់ទីផ្សារការងារ។ បច្ចុប្បន្ន ឧត្តម កំពុងបម្រើការងារជាគ្រូបង្រៀននៅសាលាឯកជនមួយក្នុងខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ គាត់បន្ថែមថា “ការរៀនទំនាក់ទំនងជាភាសាអង់គ្លេសដោយភាពជឿជាក់ បានបើកផ្លូវឱ្យខ្ញុំទទួលបានឱកាសការងារនេះ ហើយឥឡូវនេះ ខ្ញុំមានលទ្ធភាពចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអនាគតគ្រួសាររបស់ខ្ញុំ”។
បុគ្គលិកស្ម័គ្រចិត្ត បង្ហាញទឹកចិត្តចេញពីបេះដូងក្នុងគ្រប់សកម្មភាពការងារសង្គម។
ចំពោះបុគ្គលជាច្រើនទៀត ដូចជាកញ្ញា វណ្ណាលីន ជាដើម បទពិសោធន៍ដែលទទួលបាន គឺលើសពីការចូលរួមការងារសង្គម។ លោក ជុំ យ៉េត ដែលបានចូលរួមស្ទើរគ្រប់សកម្មភាពការងារសង្គម បានជាប់ឈ្មោះជា “បុគ្គលិកស្ម័គ្រចិត្តឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីថ្លែងអំណរគុណបុគ្គលិកស្ម័គ្រចិត្តលើកដំបូងរបស់ក្រុមហ៊ុន។ លោកបានឱ្យដឹងថា “អ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុត គឺការបានឃើញស្នាមញញឹមរបស់កុមារ។ វាមានអត្ថន័យបំផុតសម្រាប់ខ្ញុំ”។ លោកបានបន្ថែមទៀតថា ការលះបង់ពេលវេលារបស់លោក ក៏ជាវិធីមួយក្នុងការចូលរួមចំណែកដល់ប្រទេសផងដែរ។ “យើងធ្វើការងារស្ម័គ្រចិត្តដើម្បីសហគមន៍របស់យើង ហើយយើងស្ម័គ្រចិត្តដើម្បីជួយអភិវឌ្ឍប្រទេសរបស់យើង”។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា លោកមានក្តីរំភើបយ៉ាងខ្លាំងចំពោះការទទួលស្គាល់នេះ។ លោកបានបញ្ជាក់ដោយឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការចូលរួមចំណែកកសាងជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពថា “សម្រាប់ពួកយើង ពានរង្វាន់ទាំងនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់វឌ្ឍនភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយដែលបង្ហាញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងសម្រាប់សហគមន៍នៅទូទាំងប្រទេស”។
ក្នុងខណៈពេលដែលក្រុមហ៊ុនណាហ្គាវើលដ៍ប្រារព្ធខួបលើកទី៣១ របស់ខ្លួន ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើគំនិតផ្ដួចផ្ដើមដែលគាំទ្រដល់គោលដៅនិរន្តរភាពរបស់កម្ពុជាដែលភាពជោគជ័យត្រូវបានវាស់វែងមិនមែនដោយសារតែការឈ្នះពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគឺវាស់វែងតាមរយៈសកម្មភាពជាក់ស្តែងដែលកើតមានឡើងជារៀងរាល់ថ្ងៃមិនថាជាការដើរកាត់ភក់ ការផ្តល់ឱកាសទីពីរ ឬការផ្លាស់ប្តូរតូចៗដែលរួមចំណែកបង្កើតបានជាសមិទ្ធផលដ៏ធំធេងសម្រាប់សង្គមជាតិ។
អបអរសាទរដល់បុគ្គលិកស្ម័គ្រចិត្តឆ្នើមរបស់ណាហ្គាវើលដ៍!
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ច ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ផ្នែកនិរន្តរភាពដែលបានដំណើរការយូរជាងគេបំផុតក្នុងតំបន់អាស៊ីដែលផ្តល់ការទទួលស្គាល់ដល់បណ្តាអង្គភាព និងអ្នកដឹកនាំទាំងឡាយណាដែលបាន និងកំពុងជំរុញវឌ្ឍនភាពផ្នែកនិរន្តរភាពនៅទូទាំងតំបន់៕










