Home ព័ត៌មានជាតិ ហ្វីលីពីនដើរតួជាអ្នកសម្របសម្រួលរៀបចំជំនួបរវាងកម្ពុជា-ថៃនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន

ហ្វីលីពីនដើរតួជាអ្នកសម្របសម្រួលរៀបចំជំនួបរវាងកម្ពុជា-ថៃនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន

69
0

នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន បានដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងស្តារឡើងវិញនូវយន្តការចរចារវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH6JscqyMantmBnNPBdFtXOF1pHridKTfPz3iy_xtw6ScsQOw61ylWCVCcyvJolPscIp7H9dtUjmWLn80QR5a04TE9sWVueYrhyT1LJBz0maV9EhQID1FOhwERd_rh-F3ZWsL6rJ_fmmOWlY7Z5BkV4J7PG26C9tU2ht294j1B_uTszauvBxTaYAf7BlA/s1280/photo_2026-05-08_09-55-32%20(2).jpg

ជំនួបត្រីភាគីនេះកើតឡើងនៅមុនពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន និងបន្ទាប់ពីកម្ពុជា-ថៃបានព្រមព្រៀងគ្នាឈានទៅរកបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

«មេដឹកនាំកម្ពុជា-ថៃយល់ឃើញដូចគ្នាថា នេះជាពេលវេលាបង្កើតសន្តិភាព មិនមែនជាពេលវេលាសម្រាប់សង្គ្រាមទៀតទេ ។ កម្ពុជា និងថៃ បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងឱ្យបានទូលំទូលាយ, ការអត់ធ្មត់ និងចៀសវាងសកម្មភាពណានាំឱ្យមានភាពតានតឹង ហើយភាគីទាំងពីរនឹងបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការចរចាដោយសន្តិវិធី និងចូលរួមក្នុងន័យស្ថាបនា» ។ នេះជាប្រសាសន៍របស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបត្រីភាគីរវាងកម្ពុជា-ហ្វីលីពីន-ថៃ នៅទីក្រុងសេប៊ូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNsxrQqqXVYObgLUixjYPE08oAoDEkPQWhcgYN1bF91z1jm1D7WOzWxbagLsxpYIYShJW06eajK9A9ET2thzQqqhBg_xhclxmUq3BPqK-j5-ELx8PATL-hgG9KcZzFXq_fyMKAGSrGr5doXNbCiR7n_R-g1cxXs1moXnXDRilEYfJHc5gEEvRhjI9gN7Q/s1280/photo_2026-05-08_09-55-32%20(3).jpg

ប្រធានាធិបតីហ្វីលីពីនបន្តថា ៖ «ខ្ញុំជឿជាក់វាអាចទៅរួចដោយសារជំនឿដ៏មុតមាំ និងច្បាស់លាស់របស់មេដឹកនាំទាំង២ ដែលយល់ឃើញដូចគ្នាថា នេះជាពេលវេលាសន្តិភាព មិនមែនជាពេលវេលាសម្រាប់សង្គ្រាមទៀតទេ ។ ប្រទេសទាំង២បានឈានដល់កិច្ចព្រមព្រៀងមួយចំនួន និងបង្ហាញឆន្ទៈរួមគ្នាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី» ។

ក្រៅពីនេះ ប្រធានាធិបតីហ្វីលីពីនក៏បានប្រកាសពីការពន្យារពេលបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចំនួន៣ខែទៀត ដើម្បីបំពេញការងារត្រួតពិនិត្យ និងធ្វើរបាយការណ៍ពីការអនុវត្តបទឈប់បាញ់របស់កម្ពុជា-ថៃ ដោយហ្វីលីពីនត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើជាអ្នកសម្របសម្រួលក្រុម AOT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdqik04AqKtDrYhpJ6M4zW7fiIEZwic2usvsKw3o2YvoNfbDyIM7D8O7GLCYJUs3l7QQB4NH-7lvIi8bhlNa9qEgo37pyGFJAHMzoKgxpjWG0S_ICXe7cXprWEegM3fkf4B-Vwzgg59AxT0l7HazrDCiL7EDrlojdxpQoGm8ZRrj5khFuaEgyfOld99uc/s1030/photo_2026-05-08_09-55-33%20(2).jpg

ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅចំពោះមុខអាស៊ាន ដោយសង្កត់ធ្ងន់លើការស្តារឡើងវិញនូវយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), គណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ថៃចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនយ៉ាងពេញលេញ ។ កម្ពុជាបន្តកិច្ចសហប្រតិបត្តិការពេញទំហឹង និងអំពាវនាវចំពោះការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងភ្លាមៗនូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយ​កម្ពុជាមិនទទួលស្គាល់ការ​កែប្រែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំង ។

រីឯលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃឱ្យដឹងថា ជំនួបជាមួយសម្តេចមហាបវរធិបតីលើកនេះ គឺជាការជជែកគ្នាត្រង់ៗ មានអត្ថន័យ ក្នុងនាមជាប្រទេសជិតខាងល្អ និងជាឱកាសដ៏សំខាន់ក្នុងការប្តេជ្ញាចិត្តចរចាដើម្បីសន្តិភាព ។ នេះជាការបើកទំព័រទំនាក់ទំនងថ្មីរបស់ប្រទេសទាំងពីរដែលត្រូវសម្លឹងទៅថ្ងៃអនាគត កម្ពុជា-ថៃនឹងឈានទៅមុខជាមួយគ្នាបន្តិចម្តងៗក្នុងទិសដៅតែមួយដើម្បីពង្រីកកិច្ចសហការលើវិស័យមានប្រយោជន៍រួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQe-UDpwbH7WLYuQzDAKsIo-udRomqsKJQbUSTztNPYvmTM8T6l0IWCVL3-tWmBf1yzmG9JK4Zor6NwU2jFTyp2PJHI3mcIXJQGt92wq-enJUC9u5Y_CMh9S8zn1kqoqs-tPFC23A_4wQ-SzZsJPsYJP0IV9rMWVvrLP3Esk2XFU5DvOl_JzwKie5x8eM/s1280/photo_2026-05-08_09-55-32%20(4).jpg

គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចពិភាក្សានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានព្រមព្រៀងគ្នាជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំង២ធ្វើការរួមគ្នាលើវិធានការកសាងទំនុកចិត្តឡើងវិញ និងបញ្ចៀសសកម្មភាពណាដែលបង្កឱ្យមានភាពតានតឹង ៕