កម្មវិធីប្រលងចម្រៀងរ៉េបដែលផលិតដោយផលិតកម្មបារមីនិងភ្លើងគប់បានធ្វើឱ្យទស្សនិកជនកោតសរសើរយ៉ាងខ្លាំងពីទស្សនិកជនពីមួយវគ្គទៅវគ្គកាន់តែជក់ចិត្តជាពិសេសគឺវគ្គប្រកួតដែលចាក់ផ្សាយថ្មីៗនេះដោយបាននាំយករៀមច្បងចំនួន៣រូបមកអង្រួនកម្មវិធី។ ជួបជាមួយនឹងលោក ណូយ វ៉ាន់ណេត លោក ហួរ ឡាវី និងអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យ វណ្ណដា និយាយាថាសិល្បៈពិតជាគ្មានព្រំដែន។

នៅក្នុងវគ្គ Legend ដែលចាក់ផ្សាយកាលពីយប់ថ្ងៃទី៣ ខែមេសា បេក្ខជននៅក្នុងកម្មវិធីប្រកួតមានឱកាសដ៏ពិសេសមួយដោយបានឡើងសម្តែងជាមួយនឹងរៀមច្បងចំនួន៣រូបគឺ លោក ណូយ វ៉ាន់ណេត លោក ហួរ ឡាវី និងអ្នកនាង ខាត់ សុឃីម។ បេក្ខជននិង Legend បានបញ្ជូលរួមគ្នាទាំងប្រភេទសម័យនិងបុរាណ លាយជាមួយនឹងការរ៉េបទៅតាមការច្នៃប្រឌិតរៀងៗខ្លួន ដោយរួមផ្សំជាមួយនឹងការសម្តែងយ៉ាងពិសេស។ ទិដ្ឋភាពបែបនេះគឺជាលើកទី១ហើយដែលទស្សនិកជនបានឃើញការប្រកួតចម្រៀងរ៉េបដែលរួមបញ្ជូលរៀមច្បងជាន់ខ្ពស់និងអ្នករ៉េបជំនាន់ក្រោយ។
វត្តមានរបស់សិល្បកររៀមច្បងទាំង៣រូបនៅក្នុងកម្មវិធីនេះបានធ្វើឱ្យ វណ្ណដា ដែលជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធីបានបង្ហាញអារម្មណ៍មានមោទនភាពជំនួសបេក្ខភាព។ តារារ៉េបរូបនេះបានសរសេរនៅលើបណ្តាញសង្គមថា «សិល្បៈគឺពិតជាគ្មានព្រំដែន ក្នុងវគ្គ Legend! ទោះសិល្បៈវិវត្តទៅតាមសម័យកាល តែតម្លៃនៃចំណេះដឹងនៅតែជាគ្រឹះដ៏សំខាន់បំផុត។ ខ្ញុំពិតជាមានមោទនភាពជំនួសបេក្ខជន បេក្ខនារីគ្រប់រូប ដែលបានរៀនសូត្រ និងសហការជាមួយកំពូលរាមច្បងក្នុងវគ្គដ៏ពិសេសនេះ»។ 
គួរបញ្ជាក់ផងដែរថា កន្លងមក វណ្ណដា និងរៀមច្បង ណូយ វ៉ាន់ណេត បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំពឹងថាសិល្បករទាំងពីររូបមានឱកាសចាប់ដៃគ្នានោះនឹងធ្វើឱ្យមានភាពជក់ចិត្តជាមិនខាន។ វណ្ណដា ក៏មានក្តីសុបិនមួយអាចបកស្រាយបទជាមួយនឹងរៀមច្បងរូបនេះដូចគ្នា។ ងាកមកកាន់ អ្នកនាង ខាត់ សុឃីម វិញទស្សនិកជនធ្លាប់បានឃើញតារាពហុជំនាញរូបនេះបានផ្តល់កិត្តិយសចូលរួមការប្រគំតន្រ្តីរបស់ វណ្ណដា និងបង្ហាញការគាំទ្រដល់សិស្សប្អូនដោយបានចូលរួមកម្មវិធីមួយចំនួនរបស់ វណ្ណដា ដូចគ្នា។
ចំណែកឯ Legend ហួរ ឡាវី ដែលបច្ចុប្បន្នមានអាយុ៨១ឆ្នាំរូបនេះនៅតែធ្វើឱ្យទស្សនិកជនសរសើរនិងគោរពលោកដែលជាសិល្បៈជើងចាស់មួយរូបមិនប្រកាន់ខ្លួនតែងតែផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងសិល្បៈជំនាន់ក្រោយ៕










