កង្វះខាតប្រេងឥន្ធនៈ និងតម្លៃប្រេងកើនឡើងបានជំរុញឱ្យផលិតផលផ្សេងៗនៅប្រទេសថៃឡើងថ្លៃស្ទើរតែគ្រប់មុខ ដែលបញ្ហានេះបង្កក្តីបារម្ភពីផលប៉ះពាល់វិស័យទេសចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ គឺនឹងធ្លាក់ចុះទាំងភ្ញៀវទេសចរបរទេស ទាំងភ្ញៀវទេសចរក្នុងស្រុក ប្រសិនបើគ្មានចំណាត់ការពីរដ្ឋាភិបាលទេនោះ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មភាគខាងត្បូងប្រទេសថៃបារម្ភពីការខ្វះខាតប្រេងឥន្ធនៈ តម្លៃប្រេងឥន្ធនៈ និងសំបុត្រយន្តហោះកើនឡើង នឹងកាន់តែធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងដោយសារគ្មានភ្ញៀវទេសចរបរទេសពេលចូលឆ្នាំ និងពលរដ្ឋបោះបង់ដំណើរកម្សាន្ត ។ នេះជាការរាំងស្ទះដល់កំណើនសេដ្ឋកិច្ច ជាពិសេស សេដ្ឋកិច្ចនៅភាគខាងត្បូងថៃនឹងកើនឡើងមិនដល់២% ដោយសភាពាណិជ្ជកម្មសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការខ្វះប្រេងឱ្យបានឆាប់បំផុតដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស និងពលរដ្ឋ ។
.jpg)
លោក សាលីន តូថាប់ថៀង ប្រធានសភាពាណិជ្ជកម្មភាគខាងត្បូង កាលពីថ្ងៃទី២៤ ខែមីនា និយាយថា ស្ថានការណ៍ថាមពលនៅប្រទេសថៃពេលនេះ ជាពិសេស ប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូនទំនិញ និងប្រើប្រាស់ក្នុងវិស័យកសិកម្ម គឺមានមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់ពលរដ្ឋទេ ធ្វើឱ្យពលរដ្ឋមករង់ចាំលេខរៀងចាក់ប្រេងនៅតាមស្ថានីយ ។.jpg)
កង្វះខាតប្រេងបានប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ ដោយសារគ្មានទំនុកចិត្តថា តើស្ថានីយប្រេងនៅតាមផ្លូវមានប្រេងសម្រាប់លក់ដែរឬអត់ ។ តម្លៃប្រេងវិញក៏កើនឡើងមិនឈប់ឈរធ្វើឱ្យពលរដ្ឋមិនធ្វើដំណើរចេញពីផ្ទះ ហើយការធ្វើដំណើរក្នុងពិធីបុណ្យចូលឆ្នាំអាចនឹងធ្លាក់ចុះផងដែរ ។ ពលរដ្ឋភាគច្រើនបានប្រើប្រាស់រថយន្តផ្ទាល់ខ្លួនធ្វើដំណើរទៅតាមបណ្តាខេត្ត ប៉ុន្តែពេលតម្លៃប្រេងកើនឡើង និងខ្វះខាត ពួកគេសម្រេចចិត្តមិនធ្វើដំណើរទៅខេត្ត ព្រមទាំងបោះបង់ដំណើរកម្សាន្តទៅកន្លែងផ្សេងៗ ។ រីឯតម្លៃសំបុត្រយន្តហោះឡើងថ្លៃខ្ពស់ ជាពិសេស សំបុត្រយន្តហោះធ្វើដំណើរមកកាន់ភាគខាងត្បូង ។
ប្រធានសភាពាណិជ្ជកម្មបន្តថា បញ្ហាតម្លៃប្រេងខ្ពស់ និងខ្វះខាតប្រេងប៉ះពាល់ទាំងពលរដ្ឋថៃ ប៉ះពាល់ទាំងវិស័យទេសចរណ៍ ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំនៅខែមេសា ខណៈវិស័យដឹកជញ្ជូនក៏ប៉ះពាល់ដែរ ទើបធ្វើឱ្យផលិតផលមួយចំនួនឡើងថ្លៃ ។ វាបានអូសទម្លាក់កំណើនសេដ្ឋកិច្ច ជាពិសេស សេដ្ឋកិច្ចនៅភាគខាងត្បូងនឹងកើនឡើងមិនដល់២% ។ ហេតុនេះ លោកស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការខ្វះប្រេងម៉ាស៊ូតឱ្យបានឆាប់ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស និងពលរដ្ឋ រួមទាំងពន្លឿនគោលនយោបាយជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ។
បច្ចុប្បន្ន ពលរដ្ឋថៃបានចំណាយថវិកាច្រើនជាងចំណូល ជាពិសេស ចំណាយលើការទិញទំនិញឡើងថ្លៃ ។ លើសពីនេះ តម្លៃសម្ភារៈផ្សេងៗ និងវត្ថុវេចខ្ចប់ឡើងថ្លៃទាំងអស់បង្កការលំបាកដល់អាជីវកម្មផ្សេងៗដែលរកស៊ីវេចខ្ចប់ផលិតផលលក់ ៕










