កសិករថៃនៅតាមបណ្តាខេត្តកំពុងជួបទុក្ខលំបាកខ្លាំងស្របពេលប្រទេសមានវិបត្តិខ្វះខាតប្រេងឥន្ធនៈ ដំណាំដែលដាំបានផលហើយ បែរជាគ្មានទីផ្សារលក់ចេញទៅក្រៅប្រទេស ខណៈតម្លៃក្នុងស្រុកថោកខ្លាំងមិនធ្លាប់មាន ដូចជា ៖ ផ្លែស្វាយ និងស្ពៃក្តោប ពួកគេក៏ទុកឱ្យដំណាំទាំងនេះស្អុយរលួយចោលក្នុងចម្ការ និងខ្លះទៀតប្រមួលយកទៅចាក់ចោលនៅគំនរសំរាម ពីព្រោះមិនរួចថ្លៃការចំណាយ ។

កសិករថៃដាំស្វាយនៅខេត្តពិជិត ពេលនេះ ជួបទុក្ខធំផ្ទួនៗគ្នាដោយសារផ្លែស្វាយគ្មានទីផ្សារលក់ទៅក្រៅប្រទេស ខណៈតម្លៃលក់ក្នុងស្រុកធ្លាក់ចុះមិនអាចទទួលយកបាន គឺស្មើត្រឹមតែ២បាតប៉ុណ្ណោះក្នុង១គីឡូក្រាម (ឬ១គីឡូ ស្មើ២០០រៀល) ក៏សម្រេចចិត្តប្រមូលយកទៅចាក់ចោល ។ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាលំបាករបស់កសិករ ស្របពេលតម្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងទំនិញផ្សេងៗកើនឡើងខ្ពស់ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កសិករដាំស្វាយនៅខេត្តពិជិត កំពុងជួបទុក្ខលំបាកបង្ខំចិត្តប្រមូលស្វាយដាក់រថយន្តទៅចោលនៅគំនរសំរាម បន្ទាប់ពីតម្លៃស្វាយហ្វាឡាន់ និងស្វាយខៀវសាវឺយ ធ្លាក់ចុះមកនៅត្រឹម២បាតក្នុង១គីឡូក្រាម ។ តម្លៃដ៏ថោកបំផុតនេះពុំអាចកសិកររួចថ្លៃការចំណាយដើមទុនទេ ពីព្រោះបច្ចុប្បន្ន ត្រូវចំណាយខ្ពស់លើការដឹកជញ្ជូនដោយសារប្រេងឡើងថ្លៃ ។

កសិករដាំស្វាយនៅឃុំវាំងថាប់សៃ ស្រុកសាកឡិក ខេត្តពិជិត ដែលជាទីកន្លែងនាំចេញស្វាយយ៉ាងច្រើនទៅក្រៅប្រទេស កំពុងប្រឈមមុខនឹងតម្លៃស្វាយធ្លាក់ចុះខ្លាំង ជាពិសេស ស្វាយហ្វាឡាន់ និងស្វាយខៀវសាវឺយ (មិនទាន់ទុំ) តម្លៃធ្លាក់ចុះមកនៅត្រឹម២បាត ខណៈតម្លៃស្វាយណាមដកម៉ាយ (ទុំ) ត្រឹមតែ១០បាតក្នុង១គីឡូក្រាម ។ តម្លៃធ្លាក់ចុះយ៉ាងគំហុកនេះធ្វើឱ្យកសិករខាតដើមទុន ថែមទាំងគ្មានអ្នកទិញ ទើបប្រមូលស្វាយយ៉ាងច្រើនទៅចាក់ចោល ។
មូលហេតុចម្បងធ្វើឱ្យពួកគេមិនអាចបញ្ចេញស្វាយដ៏ច្រើនលក់ក្នុងស្រុក ដោយសារប្រទេសថៃប្រឈមនឹងវិបត្តិថាមពល ខ្វះខាតប្រេង តម្លៃប្រេងកើនឡើង ទើបធ្វើឱ្យឈ្មួញកណ្តាល ក៏ដូចជារថយន្តដឹកជញ្ជូនមិនហ៊ានទទួលទិញ ។ ការទិញស្វាយទៅលក់ចែកចាយបន្តនាពេលបច្ចុប្បន្នមិនត្រឹមតែមិនចំណេញទេ ថែមទាំងបារម្ភពីរថយន្តអស់ប្រេងនៅតាមផ្លូវផងដែរ ។
.jpg)
កសិករដាំស្វាយខេត្តពិជិត សំណូមពរទៅកាន់រដ្ឋាភិបាលប្រញាប់ស្វែងរកប្រេងមកផ្គត់ផ្គង់តម្រូវការជាបន្ទាន់ មុនពេលសេដ្ឋកិច្ចថៃដួលរលំបាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារ ។ កសិករថា ទោះជាពួកគេដាំស្វាយមានគុណភាពល្អក៏ដោយ ក៏លក់បានថោកដដែរល ហើយគ្មានអ្នកទិញទៀត ស្វាយស្អុយរលួយពេញចម្ការ ទើបសុំឱ្យរដ្ឋាភិបាលជួយដោះស្រាយមុនពេលកសិករខាតបង់ខ្លាំងជាងនេះ ។
ចំណែកតម្លៃស្ពៃក្តោបនៅខេត្តពេជ្រឆាប៊ូន ក៏ធ្លាក់ចុះខ្លាំងដែរ ដែលធ្វើឱ្យកសិករបង្ខំចិត្តយកទៅបោះចោលដូចគ្នា ដើម្បីជាការតវ៉ាប្រឆាំងនឹងតម្លៃប្រេងឡើងថ្លៃ ។ កសិករដាំស្ពៃក្តោបនៅស្រុកឡមឡាក់ ខេត្តពេជ្រឆាប៊ូន ពេលនេះ កំពុងជួបទុក្ខលំបាកដោយសារស្ពៃក្តោបធ្លាក់ថ្លៃមកនៅត្រឹម១បាតក្នុង១គីឡូក្រាម (ឬ១គីឡូ ស្មើ១០០រៀល) ប្រសិនបើលក់ គឺមិនរួចការចំណាយថ្លៃដើមឡើយ ខណៈកន្លងមក មានតម្លៃពី៣បាត ទៅ៤បាតក្នុង១គីឡូក្រាម ។
តម្លៃប្រេងកើនឡើងជាមូលហេតុធ្វើឱ្យគ្មានឈ្មួញកណ្តាលមកទទួលទិញផលដំណាំតាមចម្ការ ដែលស្ថានការណ៍នេះធ្វើឱ្យកសិករជាច្រើនគ្រួសារនៅខេត្តពេជ្រឆាប៊ូន នាំគ្នាដកស្ពៅក្តោបចោល ពីព្រោះគ្មានទីផ្សារដូចមុន ថែមទាំងមិនរួចថ្លៃការចំណាយលើការទិញការុង និងជួលកម្មករ ។ វាជំរុញឱ្យកសិករថៃកាន់តែជួបការលំបាកខ្លាំងឡើង ពីព្រោះបានចំណាយដើមទុនខ្ពស់ បែរជាលក់ក្នុងតម្លៃថោក ៕










