ការចាកចេញរបស់ Heeseung ពីក្រុម ENHYPEN បានបន្សល់ទុកនូវរលកតវ៉ាយ៉ាងខ្លាំងពីសំណាកអ្នកគាំទ្រទូទាំងពិភពលោក។ មិនខុសពីអ្នកគាំទ្រដទៃទៀត អ្នកគាំទ្រក្រុមចម្រៀង ENHYPEN នៅកម្ពុជាបានប្រមូលថវិកាគ្នាយ៉ាងស្រុះដៃដើម្បីបញ្ជូនឡានតវ៉ាទៅកាន់អាគារ HYBE ដើម្បីឱ្យសមាជិក Heeseung វិលត្រឡប់ចូលក្រុមវិញ។

នៅថ្ងៃទី១២ ខែមីនា ប្រភពពីផេក Enhypen Engene Cambodia បានបញ្ជាក់ថាឡានតវ៉ារបស់ពួកគេដែលកើតឡើងពីកម្លាំងសាមគ្គីគឺបានទៅដល់មុខអាគារ HYBE ហើយគាំទ្រនិងតវ៉ាឱ្យសមាជិក Heeseung ត្រឡប់ចូលក្រុមវិញ។ ជាមួយនឹងការសំណូមពរតាមរយៈឡានតវ៉ា ឃ្លាចុងក្រោយគឺបានបញ្ជាក់ពី Cam Engene ដែលជាអ្នកគាំទ្ររបស់ ENHYPEN នៅក្នុងប្រទេសកម្ពុជា។ តាមការប្រភពដដែលក៏បានបញ្ជាក់ទៀតថា ឡានតវ៉ារបស់ពួកគេក៏ត្រូវបានអ្នកគាំទ្របរទេសបង្ហោះនៅលើបណ្តាញសង្គម X ផងដែរ។
បន្ទាប់ពីការបញ្ជាក់ពី Belift Lab បុត្រសម្ព័ន្ធរបស់ HYBE Group នៅថ្ងៃទី១០ ខែមីនា អ្នកគាំទ្របានបង្ហាញពីផែនការសម្រាប់ការបញ្ជូនឡានតវ៉ាទាមទារឱ្យក្រុមហ៊ុនពិចារណាឡើងវិញនូវការសម្រេចចិត្តនេះ។
ទោះបីជា Heeseung បានចែករំលែកលិខិតសរសេរដោយដៃនៅលើ Weverse ដោយពន្យល់ថាលោកបានចំណាយពេលយូរដើម្បីពិភាក្សាអំពីអនាគតរបស់លោកជាមួយក្រុមហ៊ុន មុនពេលសម្រេចចិត្តបន្តផ្លូវតន្ត្រីផ្ទាល់ខ្លួនរបស់លោកក៏ដោយអ្នកគាំទ្រនៅតែមិនអាចទទួលយកបាន។ មានអ្នកគាំទ្រជាច្រើនមកពីជុំវិញពិភពលោកបានរៀបចំការតវ៉ា និងយុទ្ធនាការស្នើសុំឱ្យក្រុមហ៊ុននាំ Heeseung ត្រឡប់មកក្រុមវិញ៕










