នេះហើយជាលទ្ធផលនៃសង្រ្គា.ម! ត្រឹមរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបញ្ជូនគ្រាប់មីស៊ីលទៅកម្ទេចផ្នែកខ្លះនៃប្រទេសអារ៉ាប់រួម, ទីក្រុងឌូបៃ ដែលជាធម្មតាគឺជាមជ្ឈមណ្ឌលទេសចរណ៍ និងការធ្វើដំណើរដ៏មមាញឹកបំផុតមួយនៅមជ្ឈិមបូព៌ា បានប្រែក្លាយទៅជាទីក្រុងខ្មោចដ៏ស្ងប់ស្ងាត់ភ្លាមៗ ក្រោយអាជ្ញាធរបានប្រកាសបិទដែនអាកាស និងបញ្ឈប់ប្រតិបត្តិការហោះហើរ ឬធ្វើដំណើរទៅមក ជំរុញឲ្យទីក្រុងដ៏ប្រណិតមួយនេះធ្លាក់ទៅក្នុងសភាពដ៏ស្ងាត់ជ្រងុំ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសគិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នេះ ដងផ្លូវ មជ្ឈមណ្ឌលផ្សារទំនើប និងឆ្នេរខ្សាច់ដែលជាធម្មតាតែងមានមនុស្សម្នារធ្វើសកម្មភាពយ៉ាងអ៊ូអររបស់ទីក្រុងឌូបៃ ហាក់ដូចជាស្ងប់ស្ងាត់ខុសពីធម្មតា ដោយប្រជាជនជាច្រើនបង្ខំចិត្តសម្ងំនៅក្នុងផ្ទះ ឬស្វែងរកកន្លែងជ្រកកោនសុវត្ថិភាព ខណៈដែលការជូនដំណឹងអំពីការវាយប្រហារតាមអាកាសនៅតែបន្ត។
.jpg)
តាមរយៈរូបភាព និងការបង្ហោះរបស់អ្នកដែលកំពុងស្នាក់នៅទីក្រុងឌូបៃជាច្រើនបានបង្ហាញថា មនុស្សមួយចំនួនបានប្រញាប់ប្រញាល់ទៅផ្សារទំនើបដើម្បីទិញទំនិញប្រើប្រាស់ចាំបាច់មករក្សាទុក។ ចំណែកការដឹកជញ្ជូនអាហារតាមអនឡាញ បានកត់ត្រាការពន្យារពេលដោយសារតែតម្រូវការកើនឡើងហួសប្រមាណ។ ជាមួយគ្នានេះ នៅក្នុងសង្កាត់ដែលធ្លាប់តែមានមនុស្សច្រើនដើរអ៊ូអរពេញដងផ្លូវរហូតដល់យប់ជ្រៅ ឥឡូវនេះប្រែជាទទេស្អាតគ្មានសូម្បីតែសម្លេងមនុស្សជជែកគ្នា។.jpg)
ជាមួយគ្នានេះដែរ បើទោះជាទីក្រុងឌូបៃមានប្រព័ន្ធការពារផ្លូវអាកាសទំនើបអាចស្ទាក់ចាប់គ្រាប់ផ្លោងចូលភាគច្រើនក៏ដោយ ប៉ុន្តែកម្ទេចកម្ទីដែលសេសសល់ពីការស្ទាក់ចាប់ទាំងនោះ បានបង្កឱ្យមានអគ្គីភ័យនៅតាមទីតាំងសំខាន់ៗដូចជាតំបន់ Palm Jumeirah ហើយបំណែកមួយចំនួនទៀតបានធ្លាក់ទៅបំផ្លាញផ្នែកខ្លះនៃអាកាសយានដ្ឋានអន្តរជាតិឌូបៃ និងសណ្ឋាគារ Burj Al Arab ដ៏ល្បីល្បាញ ហើយអាជ្ញាធរបានរាយការណ៍ពីអ្នករបួស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទោះបីជាពួកគេបានខិតខំធានាដល់សាធារណជន និងរក្សាសណ្តាប់ធ្នាប់ក៏ដោយ។
ជាមួយនឹងការរួមបញ្ចូលគ្នានៃការលុបចោលជើងហោះហើរ ការបិទអាជីវកម្ម និងការជូនដំណឹងសន្តិសុខនៅក្នុងកម្រិតខ្ពស់ បានធ្វើឱ្យទីក្រុងឌូបៃបច្ចុប្បន្ននេះប្រែក្លាយស្ទើរតែដូចជា “ទីក្រុងខ្មោច” ទាំងស្រុង និងសូម្បីតែនៅក្នុងរដូវទេសចរណ៍កំពូលក៏ដោយ។ ការផ្លាស់ប្តូរភ្លាមៗនេះបង្ហាញពីរបៀបដែលជម្លោះក្នុងតំបន់អាចប៉ះពាល់យ៉ាងឆាប់រហ័សដល់សកម្មភាពសេដ្ឋកិច្ច និងជីវិតប្រចាំថ្ងៃនៅក្នុងទីក្រុងដែលត្រូវបានគេចាត់ទុកថាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានសុវត្ថិភាព និងមានស្ថេរភាពបំផុតនៅក្នុងឈូងសមុទ្រមជ្ឈិមបូព៌ា៕










