រយៈពេលចុងក្រោយនេះតារាចម្រៀង សុខ ពិសី ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាពិសេសជុំវិញរឿងដៃគូជីវិតហើយក្នុងនោះក៏មានបុរសវ័យក្មេងបង្ហាញសញ្ញាមានចិត្តស្រលាញ់ប៉ងចង់បានតារាចម្រៀងរូបនេះមកធ្វើជាគូអនាគត។ យ៉ាងណាមិញ សុខ ពិសី បានបញ្ជាក់ថារូបនាងពុំទាន់បើកបេះដូងនៅឡើយទេហើយបុរសដែលនាងអាចបង្ហាញគឺមានន័យថាគូអនាគតរបស់នាងមានលក្ខខណ្ឌទាំងនេះ។

នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ តារាចម្រៀង សុខ ពិសី ស្រាប់តែចេញមកបង្ហោះថា «មនុស្សប្រុសក្នុងក្ដីស្រមៃទៅថ្ងៃអនាគតរបស់ខ្ញុំគឺច្បាស់លាស់ sweet និង មានគំនិតចាស់ទុំ ព្រោះប៉ុន្មានឆ្នាំទៅមុខទៀតក៏ចរិតខ្ញុំនៅតែក្មេងដដែល»។ ម្ចាស់បទ «តើប្រើពេលប៉ុន្មានទើបអាចភ្លេចបង» បានបញ្ជាក់យ៉ាងច្បាស់លាស់ថានាងមិនអាចយកអ្នកដែលមានអត្តចរិតក្មេងដូចជាខ្លួនបានទេ។

សុខ ពិសី ថាឆ្នាំក្រោយបើនាងជ្រើសរើសនរណាម្នាក់សូមឱ្យហ្វេនគោរពតាមការសម្រេចចិត្តរបស់នាងបើទោះជាបុរសនោះជានរណាក៏ដោយ។ តារាចម្រៀងរូបនេះថែមទាំងធានាថាបើនាងបង្ហាញបុរសក្នុងក្តីស្រមៃទៅថ្ងៃអនាគតនោះមានន័យថាបុរសនោះគឺគ្រប់លក្ខខណ្ឌដែលនាងចង់បានគឺច្បាស់លាស់ មានចរិតចាស់ទុំនិងស្វីត។
ជាមួយនឹងការបង្ហើបពីលក្ខខណ្ឌបុរសដែលនឹងកាន់ដៃជាមួយគ្នាកសាងជីវិតគ្រួសារ តារាចម្រៀង សុខ ពិសី ក៏បានអះអាងដែរថាការដែលនាងមិនចេះប្រកាន់ខ្លួន តែងតែស្និទ្ធស្នាល លេងសើចជាមួយនឹងហ្វេនៗគ្រប់គ្នាមិនមែនមានន័យថានាងផ្តល់ក្តីសង្ឃឹមឱ្យគេគ្រប់គ្នានោះទេប៉ុន្តែនោះជាចរិតពិតរបស់នាង។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះក្រៅពីអាជីពជាតារាចម្រៀងស្ថិតនៅក្នុងទ្រនំសាន់ដេ សុខ ពិសី គឺមានមុខជំនួញផ្ទាល់ខ្លួនផងដែរ៕










