ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ តទៅ ប្រជាពលរដ្ឋនឹងទទួលបានការតភ្ជាប់ចរន្តអគ្គិសនីតាមផ្ទះដោយឥតគិតថ្លៃ ក្រោយការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថាឲ្យមានការលើកលែងថ្លៃតភា្ជប់ចរន្តអគ្គិសនីដល់អតិថិជនដែលស្នើកម្លាំងត្រឹម២០អំពែចុះ។ .jpg)
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានណែនាំឱ្យអាជ្ញាធរអគ្គិសនីលើកលែងថ្លៃតភ្ជាប់ចរន្ត (ពោលគឺមិនយកម្រៃសេវាថ្លៃតភ្លើង) ឱ្យអតិថិជនលំនៅឋានដែលស្នើកម្លាំងពី៥អំពែ, ១០អំពែ ២០អំពែ ឬ ១ហ្វា និងកាត់បន្ថយពេលវេលាតភ្ជាប់ ដើម្បីជួយសម្រួលការភ្ជាប់ចរន្តថ្មីដល់ពលរដ្ឋឱ្យបានរហ័ស។ 
ពាក់ព័ន្ធការកែទម្រង់និងទិសដៅការងាររបស់វិស័យថាមពលនៅក្នុងប្រទេសកម្ពុជា លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីវិធានការថ្មី ដោយលោកចង់កាត់បន្ថយការិយាធិបតេយ្យក្នុងការផ្តល់សេវាទៅកាន់ប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួល ដូច្នេះលោកបានណែនាំឱ្យអាជ្ញាធរអគ្គិសនីចេញបទបញ្ញត្តិមិនឱ្យលើសពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។
.jpg)
បន្ថែមពីនេះ ដើម្បីជាការសម្រួលនីតិវិធីរដ្ឋបាល ការតភ្ជាប់ចរន្តអគ្គិសនីសម្រាប់អតិថិជនខ្នាតតូចនឹងបន្ថយពេលវេលាពី ១៥ ថ្ងៃ មកនៅត្រឹម ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះទាំងអគ្គិសនីកម្ពុជា និងសេវាករទូទាំងប្រទេស។ .jpg)
បើតាមឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ គិតមកទល់ពេលនេះភូមិប្រមាណ ៩៩,១ភាគរយ បានភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញជាតិរួចហើយ ខណៈភូមិដែលពុំមានភ្ជាប់ចរន្តពីបណ្តាញជាតិ ក៏មានការដាក់ពង្រាយប្រព័ន្ធពន្លឺព្រះអាទិត្យ(សូឡា)របស់អគ្គិសនីកម្ពុជា ដើម្បីឱ្យពលរដ្ឋមានភ្លើងប្រើបណ្តោះអាសន្នផងដែរ។ លោកបន្ថែមថា បើគិតជាលំនៅឋានខ្នងផ្ទះគឺបានភ្ជាប់ចរន្តអគ្គិសនីពីបណ្តាញជាតិជិត ៩៦ភាគរយហើយ៕










