បណ្ដាញសារព័ត៌មានអន្តរជាតិលំដាប់ពិភពលោក រ៉យទ័រ កាលពីថ្ងៃពុធម្សិលមិញបានចេញផ្សាយអត្ថបទព័ត៌មានមួយពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ ដោយលើកឡើងថា គណបក្សនយោបាយថៃនានាបានជ្រើសយកបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា មកធ្វើជាគោលនយោបាយគោលរបស់ខ្លួននៅក្នុងការឃោសនាដើម្បីស្វែងរកសម្លេងគាំទ្រ។

តាមរយៈអត្ថបទដែលមានចំណងជើងថា «គណបក្សថៃបានបង្កើនអារម្មណ៍ជាតិនិយម ខណៈដែលការប៉ះទង្គិចគ្នានៅប្រទេសកម្ពុជាបានធ្វើឱ្យអ្នកបោះឆ្នោតនៅទីជនបទរំជើបរំជួល» កាសែត រ៉យទ័រ បានរំលេចឡើងអំពីអ្នកនយោបាយថៃម្នាក់ដែលមានឈ្មោះថា ភូមីន លីធីរ៉ាប្រាសឺត បានក្លាយជាបេក្ខភាពមួយរូបដែលលេចធ្លោយ៉ាងខ្លាំង ដោយសារមានគោលនយោបាយផ្តោតលើជាតិនិយម បន្ទាប់ពីការប៉ះទង្គិចគ្នានៅព្រំដែនជាមួយកម្ពុជា។

ក្រោយចាកចេញពីគណបក្សភឿថៃ ដែលមានប្រជាប្រិយភាពជាយូរមកហើយនៅតំបន់ជនបទភាគឦសាននៃប្រទេសថៃ ឥឡូវនេះលោក ភូមីន កំពុងឈរឈ្មោះជាមួយគណបក្សផ្សេងមួយទៀត ដើម្បីបង្ហាញថាលោកគាំទ្រសកម្មភាពកាន់តែខ្លាំងបន្ទាប់ពីជម្លោះ។ .jpg)
តាមការយល់ឃើញរបស់ រ៉យទ័រ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្យថៃឥឡូវនេះ ច្រើនតែនិយាយអំពីការសាងសង់របងព្រំដែន, ការគាំទ្រយោធា និងការប្រកាន់ជំហររឹងមាំផ្សេងៗទៀតប្រឆាំងនឹងកម្ពុជា។ ហើយគណបក្សដែលមានសម្ព័ន្ធភាពជិតស្និតជាមួយកងទ័ព កំពុងប្រើប្រាស់បញ្ហាទាំងនេះដើម្បីទាក់ទាញការគាំទ្រ។.jpg)
គួរបញ្ជាក់ថា ការលើកឡើងនេះ កើតឡើងក្រោយចរន្តជាតិនិយមជ្រុលកំពុងតែហក់ឡើងខ្ពស់នៅក្នុងប្រទេសថៃ ដែលបង្កជាការខឹងសម្បារនឹងការប្រយុទ្ធគ្នាតាមព្រំដែន ដែលបានសម្លាប់ពលរដ្ឋថៃសរុបចំនួន ១៤៩ នាក់ និងបង្ខំឱ្យពលរដ្ឋរាប់សែននាក់ភៀសខ្លួន។
.jpg)
ដោយឡែកបើតាមលោក Thitinan Pongsudhirak សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជូឡាឡុងកន បានលើកឡើងថា ស្ថានភាពនយោបាយនេះបានបង្ខំឱ្យបណ្តាគណបក្សធំៗ រួមទាំងគណបក្សភឿថៃ និងគណបក្សប្រជាជន ត្រូវបង្កើនការបង្ហាញពីស្មារតីស្នេហាជាតិ និងការការពារអធិបតេយ្យភាព ដើម្បីចៀសវាងការចោទប្រកាន់ថា «មិនប្រឆាំងកម្ពុជាឱ្យបានខ្លាំងក្លាគ្រប់គ្រាន់»៕










