សំណេរមួយរបស់ពិធីការិនីទូរទស្សន៍ ដាវណ្ណ បានបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកបន្ទាប់ពីកញ្ញាបានលើកឡើងថា បវរកញ្ញា បុគ្គលល្បី មួយចំនួនស្លៀកពាក់សឹងតែស្រាត ខណៈរូបភាពទាំងនេះបានជះឥទ្ធិពលដល់ប្រយោលនាំឱ្យមានអំពើបៀតបៀន។ ការលើកឡើងរបស់ពិធីការិនីរូបនេះត្រូវបាន ខាត់ ស្រីច័ន្ទ ថាគួររកវិធីណាដែលល្អជាងនេះនិងលុបបំបាត់គំនិតនេះចោល។

នៅថ្ងៃទី២០ ខែមករា ពិធីការិនី ដាវណ្ណ បានបង្ហោះរូបភាព Screenshot របស់អ្នកស្រី ម៉ម សុម៉ាលី សំណូមពរកុំឱ្យមានការស្លៀកពាក់ស៊ិចស៊ីដោយសារតែមានកុមារីរងគ្រោះច្រើន។ កញ្ញា ដាវណ្ណ ក៏បានភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ខ្ញុំជ្រេញនឹងប្រយោគមួយថា “ខ្ញុំស្លៀកស៊ិចស៊ី តែចរិតខ្ញុំល្អ” ខ្ញុំស្លៀកស៊ិចស៊ី មិនមែនឱ្យបុរសមកបៀតបៀនទេ។ បវរកញ្ញាខ្លះ បុគ្គលល្បីខ្លះ សឹងតែស្រាត ចំទិតចំទង អាសអាភៀសពេញអនឡាញ ដល់ពេលគេរិះគន់ តាំងតបវិញថា ឱ្យស្លៀកឈុតប្រពៃណីគ្រប់ពេលមែន? ។ ចង់និយាយថា ពេលដែលអ្នកស៊ិចស៊ី លេចអស់នឹង ប្រុសៗអត់រំលោភអ្នកដោយផ្ទាល់ទេ តែរំលោភកុមារី នៅតាមស្រុកស្រែចំការ ព្រោះឥទ្ធិពលនៃរូបភាព បានប៉ះពាល់ដោយប្រយោល»។ 
សំណេរខាងលើរបស់កញ្ញា ដាវណ្ណ ក៏ត្រូវបានសាធារជនប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិចម្រុះមានមតិខ្លះក៏គាំទ្រ ចំណែកឯមតិខ្លះទៀតមិនគាំទ្រទាំងស្រុងឡើយ។ ក្នុងនោះដែរសំណេររបស់ពិធីការិនីរូបនេះត្រូវបាន ខាត់ ស្រីច័ន្ទ មិនគាំទ្រឡើយ។
នៅថ្ងៃទី២១ មករា ខាត់ ស្រីច័ន្ទ ND Miss Mera Cambodia បានបង្ហោះថា «នៅក្នុងឆ្នាំ ២០២៦ ហើយហេតុអ្វីនៅមានគំនិតបែបនេះទៅវិញ គួរតែរកវិធីណាមួយដែលល្អនិងសមស្របជាងនេះទេ? សម័យកាន់តែជឿនលឿន website ជាច្រើនដែលអាច….. បានហេតុអ្វីបន្ទោសទៅលើការស្លៀកពាក់ទៅវិញ។ ទោះបវកញ្ញាឬបុគ្គលល្បីមិនស្លៀកស៊ិចស៊ី ចុះហាមឃាត់រូបភាពចែកចាយពីប្រទេសផ្សេងបានទេ? ហាមឃាត់ឬបិទ Website ទាំងនោះបានទេ ? សូមពិចារណានិងលុបបំបាត់គំនិតទាំងនេះសូមអគុណ»៕










