ស៊ីដនី ៖ អាជ្ញាធរអូស្ត្រាលីបានសម្រេចបិទឆ្នេររាប់សិបកន្លែង បន្ទាប់ពីការវា.យប្រហារដោយត្រីឆ្លាមលើជាកទីបួនក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ ដែលជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់សាធារណជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦។

យោងតាមប្រភពខាងលើ ឧប្បត្តិហេតុទាំងនេះ បានកើតឡើងនៅតាមបណ្តោយតំបន់ឆ្នេរសមុទ្រដ៏ពេញនិយមនៅក្នុងប្រទេសអូស្ត្រាលី ជាហេតុធ្វើឲ្យអាជ្ញាធរតំបន់ប្រកាសអាសន្នបិទឆ្នេរជាបណ្ដោះអាសន្ន និងបង្កើនការល្បាតតាមអាកាស និងផ្ទៃទឹក រួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើដ្រូន និងឧទ្ធម្ភាគចក្រដើម្បីតាមដានសកម្មភាពរបស់ត្រីឆ្លាម។
តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃអង្គារនេះ ឆ្នេរទាំងអស់នៅជុំវិញទីក្រុង Port Macquarie ចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងស៊ីដនី ត្រូវបានបិទបន្ទាប់ពីបុរសម្នាក់ត្រូវបានត្រីឆ្លាមខាំឱ្យរបួស អំឡុងពេលជិះស្គីលើសមុទ្រ កាលពីវេលាព្រឹកអង្គារនេះ។ រីឯកាលពីថ្ងៃចន្ទ នៅឆ្នេរសមុទ្រមួយក្នុងតំបន់ Manly នៃទីក្រុងស៉ីដនី ក៏មានសេចក្តីរាយការណ៍អំពីបុរសម្នាក់ ត្រូវត្រីឆ្លាមខាំផងដែរ។ 
មិនតែប៉ុណ្ណោះ ក្នុងថ្ងៃដដែល ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ សំណាងល្អបានរួចខ្លួន ក្រោយត្រីឆ្លាមបុកក្តារសម្រាប់ជិះស្គីលើទឹករបស់គេ ហើយខាំចំត្រូវក្តារស្គីនោះ។ ហើយកាលពីថ្ងៃអាទិត្យ ក្មេងប្រុសម្នាក់ក៏បានរងរបួសធ្ងន់ធ្ងរ ក្រោយត្រូវត្រីឆ្លាមខាំ នៅឆ្នេរមួយកន្លែងទៀតនៃទីក្រុងស៊ីដនី។ ដូច្នេះឆ្នេរទាំងអស់នៅតំបន់ Northern Beaches នៃទីក្រុងស៉ីដនីនៅពេលនេះ ត្រូវបានបិទរហូតដល់ពេលមានការជូនដំណឹងជាថ្មី។.png)
គួរជម្រាបថា ការបិទឆ្នេរទាំងនេះបានផ្ដល់ផលរំខានដល់សហគមន៍ឆ្នេរសមុទ្រ និងទេសចរណ៍ ដោយសារតែនៅអំឡុងពេលនេះ ជារដូវឆ្នេរដ៏មមាញឹក ដែលជាធម្មតាមានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានសង្កត់ធ្ងន់ថា វិធានការនេះ គឺជាដំណោះស្រាយចាំបាច់ ក្នុងការទប់ស្កាត់ការវាយប្រហារបន្ថែមទៀតដោយត្រីឆ្លាម ខណៈដែលស្ថានភាពតទៅមុខទៀតនៅតែមិនទាន់អាចប៉ាន់ស្មានដឹងនៅឡើយ៕










