ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ថ្កោលទោ.សកងទ័ពថៃ ដែលយកគ្រឿងចក្រមកឈូសឆាយកំទេចរូបសំណាកព្រហ្មញ្ញសាសនាក្នុងតំបន់អានសេះទឹកដីកម្ពុជាក្រោមលេសជម្លោះព្រំដែន ដោយក្រសួងការបរទេសឥណ្ឌាចាត់ទុកជាទង្វើឥតសាសនាមិនអាចទទួលយកបានឡើយ ។ លើសពីនេះ វាធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកគោរពព្រហ្មញ្ញសាសនានៅទូទាំងពិភពលោក និងជាទង្វើបង្ហាញពីការមិនគោរពបេតិកភណ្ឌវប្បធម៌ ។

កាលពីថ្ងៃទី២២ ខែធ្នូ កន្លងមក កងទ័ពថៃបានប្រើប្រាស់គ្រឿងចក្រឈូសឆាសកំទេចរូបសំណាកព្រហ្មញ្ញសាសនានៅតំបន់អានសេះ ដែលពួកគេអះអាងថា កងទ័ពកម្ពុជាបានរៀបចំធ្វើរូបសំណាកនេះជាថ្មី និងចោទប្រកាន់ធ្វើរូបសំណាកលើក្នុងទឹកដីថៃខុសច្បាប់ ។

លោក Shri Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា នេះជារូបសំណាកព្រះវិស្ណុ គឺជាព្រះអាទិទេពដ៏ខ្ពង់ខ្ពស់បំផុតក្នុងសាសនាហិណ្ឌូ ហើយអាទិទេពហិណ្ឌូ និងពុទ្ធសាសនា ត្រូវបានចាត់ទុកជាបេតិកភណ្ឌវប្បធម៌រួមក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ការបំផ្លាញរូបសំណាកក្រោមលេសជម្លោះព្រំដែន គឺប៉ះពាល់អារម្មណ៍អ្នកគោរពព្រហ្មញ្ញសាសនានៅទូទាំងពិភពលោក និងពុំគួរត្រូវបានបំផ្លាញឡើយ ។ យើងសូមអំពាវនាវជាថ្មីឱ្យកម្ពុជា-ថៃត្រឡប់មករកការចរចាការទូតវិញ ដើម្បីស្តារសន្តិភាព និងចៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ និងបេតិកភណ្ឌ ។

គួរបញ្ជាក់ថា ថ្មីៗនេះ អតីតសមាជិកសភាឥណ្ឌា លោក Vijayasai Reddy V បានបង្ហោះសាររិះគន់ខ្លាំងៗចំពោះទង្វើទមិឡឥតសាសនារបស់កងទ័ពថៃ ដែលយកគ្រឿងចក្រមកឈូសឆាយ និងវាយកំទេចរូបសំណាកព្រហ្មញ្ញសាសនាដ៏ធំមួយក្នុងទឹកដីកម្ពុជាថា មិនអាចទទួលយកបានឡើយ បើទោះជាថៃអះអាងជាជម្លោះព្រំដែនជាមួយកម្ពុជាក៏ដោយ ។ លោកបង្ហោះសារក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី២៣ ខែធ្នូ រួមទាំងភ្ជាប់រូបភាពកងទ័ពថៃយកគ្រឿងចក្រមកផ្តួលរំលំរូបសំណាកព្រហ្មញ្ញសាសនា ថាការបំផ្លាញរូបសំណាកអាទិទេពសាសនាហិណ្ឌូក្រោមលេសជម្លោះព្រំដែន គឺមិនអាចទទួលយកបានទេ ។

ការវាយប្រហារលើជំនឿ និងទីតាំងបេតិកភណ្ឌបង្ហាញពីភាពមិនចេះអត់ឱន និងប្រមា.ថយ៉ាងខ្លាំង ។ ម្យ៉ាងទៀត ទាំងថៃ និងកម្ពុជា សុទ្ធតែជាប្រទេសកាន់សាសនាព្រះពុទ្ធ ប៉ុន្តែការកត់ត្រារបស់ប្រវត្តិសាស្រ្តនៅតែបង្ហាញពីការធ្វើទុក្ខបុកម្នេញម្ដងហើយម្ដងទៀតលើវត្តអារាម រូបសំណាកហិណ្ឌូ និងមានការប៉ុនប៉ងលុបបំបាត់និមិត្តសញ្ញាវប្បធម៌ហិណ្ឌូជានិច្ច ។ លោកចាត់ទុកការប្រើប្រាស់អំពើហិង្សាប្រឆាំងនិមិត្តសញ្ញា និងទីសក្ការៈបូជា មិនអាចរាប់បញ្ចូលជាហេតុផល មិនអាចលើកលែងទោស និងមិនអាចលុបលាងដោយហេតុណាមួយ ពីព្រោះគ្មានសាសនាណាបញ្ជាក់ពីសន្តិភាពរបស់ខ្លួន តាមរយៈការបំផ្លាញជំនឿរបស់អ្នកដទៃឡើយ ។

នេះបង្ហាញពីទង្វើឥតសាសនារបស់កងទ័ពថៃដែលបំផ្លាញមិនរើសគោលដៅមកលើកម្ពុជា សូម្បីតែរូបសំណាក ។ ការវាយប្រហារកម្ពុជាជាថ្មីរបស់កងទ័ពថៃ គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយការប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោលមិនញញើតច្បាប់អន្តរជាតិ ។ មិនមែនមានតែពលរដ្ឋកម្ពុជាទេដែលរងការឈឺចាប់នឹងទង្វើឥតសាសនា ប្រទេសនានា រួមទាំងឥណ្ឌាបានបង្ហាញក្តីឈឺចាប់ដូចគ្នា ជនបរទេសគាំទ្រកម្ពុជាដែលចង់បានសន្តិភាព ខណៈថៃទាត់ចោលសន្តិភាពម្តងហើយម្តងទៀត ៕