ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ប៉ាតាយ៉ា គឺជាទីក្រុងទេសចរណ៍ដ៏ល្បីនៅប្រទេសថៃ បានគ្របដណ្តប់ដោយធូលីកខ្វក់ PM 2.5 យ៉ាងខ្លាំង រហូតដល់ពិបាកធ្វើដំណើរតាមផ្លូវដោយសារធូលីក្រាស់ និងបណ្តាលឱ្យមានគ្រោះថ្នា.ក់ចរាចរណ៍ជាញឹកញាប់ ។ អាជ្ញាធរប្រកាសអាសន្នពីផលប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេស មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ក្រោយពីបរិមាណធូលីកខ្វក់នៅទីក្រុងប៉ាតាយ៉ា កើនឡើងខ្លាំងជាងទីក្រុងបាងកក ។

សារព័ត៌មានថៃបានរាយការណ៍ពីស្ថានការណ៍ធូលីកខ្វក់ PM 2.5 នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែធ្នូ គឺធូលីកខ្វក់យ៉ាងក្រាស់បានគ្របដណ្តប់ពាសពេញទីក្រុងប៉ាតាយ៉ារហូតដល់មើលអ្វីមិនច្បាស់ ស្រដៀងនឹងអ័ព្ទគ្របដណ្តប់លើឆ្នេរសមុទ្រ ជាពិសេស មានធូលីកខ្វក់ខ្លាំងនៅឆ្នេរសមុទ្រប៉ាតាយ៉ាខាងត្បូង ។ នាវាដឹកអ្នកដំណើរជាច្រើនគ្រឿងបានបង្កើនការប្រុងប្រយ័ត្ន ខណៈការធ្វើដំណើរតាមផ្លូវជាច្រើនពិបាកខ្លាំង ដោយសារមានធូលីកខ្វក់ក្រាស់មើលមិនឃើញផ្លូវ និងប្រឈមគ្រោះថ្នាក់ចរាចរណ៍ ។
ទិន្នន័យវាស់គុណភាពខ្យល់នៅទីក្រុងប៉ាតាយ៉ា នាវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែធ្នូ បង្ហាញថា កម្រិតធូលីកខ្វក់ PM 2.5 កើនឡើងខ្ពស់បំផុតរហូតដល់៨៨.៥មីក្រូក្រាមក្នុង១ម៉ែត្រគូបនៃខ្យល់ ដែលធ្វើឱ្យសន្ទស្សន៍គុណភាពខ្យល់ (AQI) ក្នុង១៧៤តំបន់កើនឡើងដល់កម្រិតគ្រោះថ្នាក់ ។ កំណើនធូលីកខ្វក់នេះធ្វើឱ្យមនុស្សចាស់ អ្នកជំងឺ និងកុមារ ប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ហើយកម្រិតធូលីកខ្វក់ដែលត្រួតពិនិត្យកាលពីថ្ងៃទី៣ ខែធ្នូ គឺខ្ពស់ជាងកម្រិតធូលីកខ្វក់ជាមធ្យមរបស់អង្គការសុខភាពពិភពលោករហូតដល់១៧.៧ដង ទើបអាជ្ញាធរដាស់តឿនពលរដ្ឋមិនគួរស្ថិតក្រោមកំដៅថ្ងៃយូរ ។

តាមការវាយតម្លៃបឋម មូលហេតុដែលបណ្តាលឱ្យទីក្រុងប៉ាតាយ៉ាមានធូលីកខ្វក់កើនឡើងខ្ពស់ ដោយសារការដុតកាកសំណល់កសិកម្មនៅតំបន់ជុំវិញខេត្តឈុនបុរី យានជំនិះច្រើនបើកបរក្នុងទីក្រុង ជាពិសេស ពេលរដូវកាលទេសចរណ៍សម្បូរយានជំនិះ និងស្ងប់ខ្យល់ ទើបធ្វើឱ្យធូលីកខ្វក់គ្របដណ្តប់ពាសពេញមិនរសាត់ទៅតំបន់ផ្សេង ។ ស្ថានការណ៍ធូលីពេលនេះធ្វើឱ្យប៉ះពាល់សុខភាពទាំងរយៈពេលខ្លី និងវែង ជាពិសេស មនុស្សចាស់ អ្នកជំងឺផ្លូវដង្ហើម-បេះដូង និងកុមារ មានអាការៈក្រហាយភ្នែក ក្អក ពិបាកដកដង្ហើម ណែនទ្រូង ឬជំងឺរ៉ាំរ៉ៃរើឡើងវិញ ។
អាជ្ញាធរ និងគ្រូពេទ្យណែនំាំឱ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់ប្រភេទ N95 ឬម៉ាស់ការពារធូលីកខ្វក់គ្រប់ពេលចេញទៅខាងក្រៅ ចៀសវាងធ្វើសកម្មភាពកណ្តាលថ្ងៃ បិទទ្វារ-បង្អួចដើម្បីកាត់បន្ថយការស្រូបធូលី ព្រមទាំងតាមដានព័ត៌មានអាកាសធាតុយ៉ាងដិតដល់ ។.jpg)
ចំណែកធូលីកខ្វក់នៅទីក្រុងបាងកក ក៏បានកើនឡើងខ្លាំងដែរកាលពីថ្ងៃទី៣ ខែធ្នូ ដែលធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋរស់នៅ៦២តំបន់ ក្នុងនោះតំបន់បាងរ៉ាក់មានធូលីកខ្វក់ខ្លាំងបំផុត ដែលស្មើរហូតដល់៥៩.៥មីក្រូក្រាមក្នុង១ម៉ែត្រគូបនៃខ្យល់ ។
មជ្ឈមណ្ឌលដោះស្រាយការបំពុលបរិយាកាសនៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានរាយការណ៍ពីគុណភាពអាកាសធាតុកាលពីថ្ងៃទី៣ ខែធ្នូ ថា ធូលីកខ្វក់ក៏បានកើនឡើងខ្លាំងនៅខេត្តជាច្រើនដែរ រួមមាន ៖ ប៉ាធុមថានី ណុនថាក់បុរី ណាខនប៉ាធុម សមុទ្រសាខន សមុទ្រប្រាកាន ឈៀងរ៉ៃ ឈៀងម៉ៃ ឡាំពូន សុខោទ័យ ពិស្នុលោក និងកាឡាក់ស៊ីន ៕










