ប្រទេសថៃ ៖ ទោះជាសមាជិកព្រឹទ្ធសភា ប្រធានគណបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សនៅប្រទេសថៃ ចាត់ទុកការបើកសំឡេងខ្លាំងៗរបស់ Influencer កាន់ ចមផ្លាំង ដូចជា ៖ សំឡេងខ្មោច យន្តហោះចម្បាំង និងឆ្កែលូ រំខានដំណេកពលរដ្ឋខ្មែរ គឺជាការរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំខានសុខភាពផ្លូវកាយ ផ្លូវចិត្តកុ.មារ ស្ត្រី ចាស់ជរា អ្នកជំងឺ ជនពិការ ក៏ដូចជាបំពានលើបទឈប់បា.ញ់ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ប៉ុន្តែបុគ្គលនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសង្គមថៃ ជាពិសេស ក្រុមជ្រុលនិយម ថែមទាំងមានអ្នកប្រគល់ពានរង្វាន់ «បុគ្គលមានប្រយោជន៍ដល់សង្គម» ឱ្យ Influencer ទៀតផង ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ Influencer កាន់ ចមផ្លាំង បានទទួលពានរង្វាន់ «បុគ្គលមានប្រយោជន៍ដល់សង្គម» ក្រោយពីបង្កសកម្មភាពអុកឡុក និងចាក់សំឡេងខ្លាំងៗរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ទល់មុខភូមិណងចាន់ និងភូមិណងយ៉ាកែវ ឃុំឃូកសូង ខេត្តស្រះកែវ) ។ សកម្មភាពរំលោភសិទ្ធិមនុស្សរបស់បុគ្គលនេះដែលអន្តរជាតិមិនឱ្យតម្លៃ បែរជាសង្គមថៃគាំទ្រលើកតម្កើងជាវីរបុរសក្លាហាន និងប្រគល់ពានរង្វាន់ «បុគ្គលមានប្រយោជន៍ដល់សង្គម» និងជំរុញឱ្យធ្វើសកម្មភាពរំខានពលរដ្ឋខ្មែរបន្តទៀត ។
ក្រោយពីទទួលបានពានរង្វាន់ «បុគ្គលមានប្រយោជន៍ដល់សង្គម» ពីក្រុមសិល្បករសង្គមច្នៃប្រឌិតនៅប្រទេសថៃ កាន់ ចមផ្លាំង និយាយថា បើមានឱកាស ខ្លួននឹងត្រឡប់មកធ្វើសកម្មភាពរំខានពលរដ្ឋខ្មែរនៅព្រំដែនខេត្តស្រះកែវឡើងវិញ រួមទាំងអរគុណដល់អ្នកគាំទ្រផងដែរដែលជំរុញឱ្យខ្លួនធ្វើសកម្មភាពនៅព្រំដែន ។
កាលពីថ្ងៃទី២ ខែវិច្ឆិកា កាន់ ចមផ្លាំង បានបង្ហោះរូបភាព និងសរសេរក្នុងហ្វេសប៊ុកថា «ក្រុមសិល្បករសង្គមច្នៃប្រឌិតបានប្រគល់ពានរង្វាន់ឱ្យខ្ញុំ ខណៈពេលនេះ មានទាំងអ្នកស្រឡាញ់ និងអ្នកមិនចូលចិត្ត ។ ពីដំបូង គិតថាឈប់ធ្វើសកម្មភាពនៅព្រំដែនទៀតហើយ ប៉ុន្តែសង្គមបានគាំទ្រឱ្យធ្វើសកម្មភាពបន្តទៀត បើមានឱកាស នឹងធ្វើសកម្មភាពនៅព្រំដែនខេត្តស្រះកែវឡើងវិញ ដើម្បីកុំឱ្យអ្នកប្រគល់ពានរង្វាន់ឱ្យខកបំណង ។ អរគុណដែលផ្តល់កម្លាំងចិត្តជំរុញឱ្យខ្ញុំចង់ធ្វើសកម្មភាពបន្ត និងអរគុណអ្នកគាំទ្រទាំងអស់ដែលតែងតែជំរុញគ្រប់ពេលវេលា» ។
គួរបញ្ជាក់ថា ទន្ទឹមនឹងមានអ្នកស្រឡាញ់ចូលចិត្ត Influencer រូបនេះក៏រងនូវរិះគន់ពីសង្គមផងដែរ ពាក់ព័ន្ធនឹងការកេងបន្លំប្រាក់មូលនិធិដែលពលរដ្ឋថៃផ្ញើចូលគណនីធនាគារសម្រាប់ធ្វើសកម្មភាពនៅព្រំដែន ដូចជា ៖ រៀបចំលេណដ្ឋាន បន្ទប់ទឹក និងបើកសំឡេងរំខានពលរដ្ឋខ្មែរ ដោយសារចំណាយខុសគោលដៅ និងគ្មានបញ្ជីចំណូល ចំណាយច្បាស់លាស់ ។ មតិភាគច្រើនសង្ស័យថា ប្រមូលប្រាក់មូលនិធិដែល កាន់ ចមផ្លាំង ប្រមូលបានរាប់រយលានបាត គឺពាក់ព័ន្ធនឹងផលប្រយោជន៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងយកទៅទិញរថយន្តទំនើបជិះ រហូតធ្វើឱ្យ កាន់ ចមផ្លាំង ផ្អាកសកម្មភាពនៅព្រំដែនមួយរយៈ ។
ទោះយ៉ាងណា ពលរដ្ឋថៃនៅព្រំដែនគាំទ្រ កាន់ ចមផ្លាំង និងប្រាប់ឱ្យមកធ្វើសកម្មភាពរំខានពលរដ្ឋខ្មែរបន្ត ដោយពួកគេថា សមាជិកព្រឹទ្ធសភា និងមន្ត្រីសិទ្ធិមនុស្ស បានតែរិះគន់ប៉ុណ្ណោះ មិនដែលចុះមកមើលពលរដ្ឋនៅព្រំដែនដោយផ្ទាល់ទេ ។ ក្រុមជ្រុលនិយមថៃថែមទាំងរិះគន់ខ្លាំងៗទៅលើសមាជិកព្រឹទ្ធសភា អ្នកស្រី អាំងខាណា នីឡៈផៃជិត ក្រោយពីរិះគន់ Influencer និង និយាយការពិតពីថៃឈ្លានពានកម្ពុជា ដូចជា ៖ បើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពកម្ពុជា ៕











