សហរដ្ឋអាមេរិក ៖ បន្ទាប់ពីជំរុញឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់បញ្ចប់សង្គ្រា.ម ប្រធានាធិបតីអាមេរិក លោក Donald Trump បានទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីណាត់គ្នាពិភាក្សាពីការបញ្ចប់សង្គ្រា.មនៅប្រទេសអ៊ុយក្រែនដែលបានអូសបន្លាយពេលជាច្រើនឆ្នាំ ។ សង្គ្រា.មរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺជាសង្គ្រា.មរ៉ាំរ៉ៃបានកើតឡើងមុនសង្គ្រា.មផ្សេងទៀតដែលប្រធានាធិបតីអាមេរិកព្យាយាមជំរុញសន្តិភាព ក្រោយពីបញ្ចប់សង្គ្រា.មជាច្រើនកន្លែង ។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Trump បង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា លោកបានទូរស័ព្ទជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin ហើយមេដឹកនាំប្រទេសទាំងពីរបានយល់ព្រមជួបគ្នានៅប្រទេសហុងគ្រី ដើម្បីស្វែងរកវិធីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។
លោក Trump ថ្លែងថា ៖ «ខ្ញុំទើបតែជជែកតាមទូរស័ព្ទជាមួយលោក Putin ហើយប្រធានាធិបតីរុស្ស៊ីបង្ហាញក្តីរីករាយជាមួយខ្ញុំនិងអាមេរិកទទួលបានជោគជ័យក្នុងការជំរុញសន្តិភាពនៅមជ្ឈិមបូព៌ា ដែលជាក្តីសុបិនរបស់លោក Putin ជាច្រើនឆ្នាំមកនេះ ។ ខ្ញុំជឿជាក់ថា ភាពជោគជ័យនៅមជ្ឈិមបូព៌ានឹងជួយក្នុងការចរចារបស់យើងឈានទៅបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផងដែរ» ។
ប្រធានាធិបតីរុស្ស៊ីក៏បានអរគុណភរិយារបស់លោក Trump លោកស្រី Melania ដែលបានបំពេញការងារផ្នែកកុមារ និងជំរុញការងារលោកស្រី Melania បន្តទៀត ព្រមទាំងជជែកពីពាណិជ្ជកម្មរវាងរុស្ស៊ី-អាមេរិកពេលបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ នាចុងបញ្ចប់នៃកិច្ចសន្ទនា មេដឹកនាំទាំង២រូបបានព្រមព្រៀងរៀបចំកិច្ចប្រជុំទីប្រឹក្សាជាន់ខ្ពស់ នាសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៥ ដែលភាគីអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio រួមទាំងមន្ត្រីពាក់ព័ន្ធ រីឯទីក្លែងប្រជុំ ពុំទាន់កំណត់ ។
ក្រោយកិច្ចប្រជុំទីប្រឹក្សាជាន់ខ្ពស់ ប្រធានាធិបតីរុស្ស៊ី លោក Putin នឹងជួបជាមួយលោក Trump នៅទីក្រុងប៊ូដាបេស ប្រទេសហុងគ្រី ជជែកពីការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរវាងរុស្ស៊ីនិងអ៊ុយក្រែន ។ នៅថ្ងៃទី១៨ ខែតុលា លោក Trump មានគម្រោងជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodimir Zelenski នៅបន្ទប់ការងាររបស់លោកដើម្បីជជែកពាក់ព័ន្ធនឹងសង្គ្រាម និងស្ថានការណ៍ផ្សេងៗ ។
គួរបញ្ជាក់ថា លោក Trump បានបញ្ចប់សង្គ្រាមចំនួន៨កន្លែងក្នុងរយៈពេល៨ខែ រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់រយលាននាក់ពីសង្គ្រាម ប៉ុន្តែលោកពុំទទួលបានពានរង្វាន់ណូបែលសន្តិភាពទេ ។ ពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ គឺបានទៅលោកស្រី Maria Corina Machado ប្រធានគណបក្សប្រឆាំងវេណេស៊ុយអេឡា ៕