នៅថ្ងៃទី ១៥ ខែតុលា ព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដែលរៀបចំដោយទស្សនាវដ្តី W Korea ក្នុងទីក្រុងសេអ៊ូល បានប្រមូលផ្តុំតារាសម្តែង តារាចម្រៀង និងតារាល្បីៗជាច្រើនចូលរួម។ ក្នុងនោះក៏មានសមាជិក៣រូបរបស់ BTS ផងដែរគឺមានដូចជា RM J-Hope និង V ។
នៅក្នុងបទសម្ភាសន៍ជាមួយ W Korea នៅពេលដែលត្រូវបានសួរអំពីគម្រោងរបស់ BTS សម្រាប់ចុងឆ្នាំ RM ដែលជាមេក្រុមបាននិយាយថា «យើងកំពុងមមាញឹករៀបចំសម្រាប់ការត្រឡប់មកវិញរបស់យើង។ យើងមានថតរូប ថត MV ហាត់ក្បាច់រាំ… តាមពិតទៅ ខ្ញុំក៏មានការហាត់ក្បាច់រាំនៅថ្ងៃស្អែកដែរ»។ RM បានសង្កត់ធ្ងន់ថា «សូមទន្ទឹងរង់ចាំវានៅខែមីនាខាងមុខ» ដោយបង្កើនការរំពឹងទុកសម្រាប់ការត្រលប់មកវិញនូវសមាជិក ៧ នាក់ពេញលេញរបស់ BTS បន្ទាប់ពីរង់ចាំយ៉ាងយូរ។
កាលពីមុន BTS បានបង្ហាញថាក្រុមនឹងចេញអាល់ប៊ុមថ្មីនៅនិទាឃរដូវឆ្នាំ ២០២៦។ កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េក៏បានព្យាករណ៍ថា BTS នឹងត្រឡប់មកវិញនៅខែមីនា ឆ្នាំ ២០២៦ ប៉ុន្តែក្រុមហ៊ុនគ្រប់គ្រង Big Hit Music មិនបានបញ្ជាក់រឿងនេះទេ។ ដូច្នេះហើយ ការលាតត្រដាងរបស់ RM ធ្វើឱ្យអ្នកគាំទ្រកាន់តែច្បាស់ថា BTS ពិតជានឹងត្រឡប់មកឆាកតន្ត្រីនៅខែមីនា ឆ្នាំក្រោយ បន្ទាប់ពីសមាជិកទាំងអស់បានបញ្ចប់កាតព្វកិច្ចយោធា។
ថ្មីៗនេះ សមាជិក BTS មានដូចជា RM , Jin , Jimin និង V បានចូលរួមក្នុងកម្មវិធី Spring Summer 2026 Fashion Week រួមមាន New York, Milan, និង Paris។
សមាជិកនីមួយៗបានធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធីសម្រាប់ម៉ាកល្បីៗលំដាប់ពិភពលោក ក្នុងនាមជាទូតសុឆ្ឆន្ទៈនៃម៉ាកយីហោ។ យោងតាមរបាយការណ៍របស់វេទិកាទីផ្សារ Lefty សមាជិក BTS រកចំណូលបានសរុបចំនួន ៣៩.២៦ លានដុល្លារនៅក្នុង EMV តាមរយៈការបង្ហោះ Instagram ក្នុងអំឡុងពេលសប្តាហ៍ម៉ូតរដូវកាលនេះ៕