ប្រទេសថៃ ៖ ស្របពេលលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋ.កម្មឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីបង្ហាញការសោកស្តាយដែលពលរដ្ឋកូរ៉េខាងត្បូងបាត់បង់ជីវិ.តនៅកម្ពុជា ហើយលោកសុំចូលរួមជាមួយកូរ៉េខាងត្បូងដាក់សម្ពាធកម្ពុជាឱ្យបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន ។
តាមការលើកឡើងរបស់លោក សិរិផុង អាំងសាគុណកៀត អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ គឺកាលពីថ្ងៃទី១៦ ខែតុលា លោក អនុថីន នាយករដ្ឋមន្ត្រីថៃបានទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដើម្បីបង្ហាញការសោកស្តាយចំពោះពលរដ្ឋកូរ៉េខាងត្បូងបាត់បង់ជីវិតនៅកម្ពុជា ហើយលោក អនុថីន ថា ពេលនេះ ថៃកំពុងចរចាដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ហើយការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន គឺជាលក្ខខណ្ឌមួយដែលថៃស្នើឱ្យកម្ពុជាអនុវត្ត ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានសុំចូលរួមសហការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងដាក់សម្ពាធកម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ហើយថៃរីករាយជួយពលរដ្ឋកូរ៉េខាងត្បូងពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ខណៈប្រធានាធិបតីកូរ៉េខាងត្បូងបានអរគុណថៃដែលជួយពលរដ្ឋកូរ៉េខាងត្បូងចាញ់បោកជនខិលខូចនាំទៅប្រទេសមីយ៉ាន់ម៉ា ។
ប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហោះសារក្នុងបណ្តាញសង្គម X ក្រោយពីជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១៦ ខែតុលា ថា លោករីករាយយ៉ាងខ្លាំងដែលបានសន្ទនាជាមួយលោក អនុថីន លើកដំបូង ។ ប្រទេសថៃជាមិត្តរបស់កូរ៉េខាងត្បូង ដោយថៃបានបញ្ជូនកងទ័ពមកចូលរួមក្នុងអំឡុងពេលចាប់ផ្តើមសង្គ្រាមនៅឧបទ្វីបកូរ៉េ បច្ចុប្បន្ន ថៃជាដៃគូយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូងក្នុងកិច្ចសហការជិតស្និទ្ធ មិនថាក្នុងអាស៊ាន APEC និងវេទិកាពហុភាគីផ្សេងទៀត ។
លើសពីនេះ ថៃជាប្រទេសគោលដៅទេសចរណ៍របស់ពលរដ្ឋកូរ៉េ ហើយយើងមានទំនាក់ទំនងល្អជាមួយគ្នា ពីព្រោះមានក្រុម K-Pop ថៃជាច្រើនក្នុងក្រុម ។ ប្រទេសទាំងពីរបានឯកភាពនៅតែមានសក្តានុពលសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេស ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈានទៅដល់កិច្ចព្រមព្រៀងឱ្យបានឆាប់ ។
នាយករដ្ឋមន្ត្រីថៃក៏បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ និងផ្តួចផ្តើមកិច្ចសន្ទនាថ្មីរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលការគាំទ្ររបស់ថៃ គឺជាការលើកទឹកចិត្តសម្រាប់យើង ។ ខ្ញុំសង្ឃឹមជួបលោក អនុថីន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ APEC នាចុងខែតុលានេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាជាមួយលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
សម្តេចបានបង្ហោះសារក្នុងហ្វេសប៊ុកថា មេដឹកនាំប្រទេសជិតខាងមួយមានគម្រោងពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាពាក់ព័ន្ធនឹងជនជាតិកូរ៉េ ហើយសម្តេចសូមឱ្យលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងជម្រាបទៅប្រធានាធិបតីកូរ៉េខាងត្បូងថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារនេះជំនួសកម្ពុជាឡើយ ។ មេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសខ្លួនឱ្យបានល្អទៅ ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េខាងត្បូងលើបញ្ហាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសហការទ្វេភាគីដើម្បីដោះស្រាយបញ្ហា មិនចាំបាច់មានអ្នកទី៣ មកជួយជំរុញទេ ៕