អ្នកលេងបណ្តាញសង្គមនៅប្រទេសថៃបានបង្ហាញការខឹងសម្បារឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្រោយពីឯកអគ្គរដ្ឋទូតចិនសរសេរក្នុងហ្វេសប៊ុកកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា គាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យជាតិ និងសន្តិសុខ ។ ថ្មីៗនេះ សារព័ត៌មានថៃគ្រប់ស្ថាប័ន ក៏ដូចជាពលរដ្ឋថៃ បានចោទប្រកាន់ចិនបញ្ជូនអាវុ.ធឱ្យកម្ពុជាធ្វើសង្គ្រា.មជាមួយថៃ ហើយត្រូវបានចិនបដិសេធ ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានសរសេរក្នុងហ្វេសប៊ុកដែលមានឈ្មោះ «Wang Wenbin Chinese Ambassador to the Kingdom of Cambodia 汪文斌» ថា ៖ «ចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍ ហើយចិននឹងជាដៃគូអាចជឿទុកចិត្តបានក្នុងការអភិវឌ្ឍរបស់កម្ពុជា ជារៀងរហូត» ។
រដ្ឋាភិបាល កងទ័ព និងពលរដ្ឋថៃ ពុំត្រូវការឱ្យប្រទេសណាមួយគាំទ្រកម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃទេ ដោយថៃព្យាយាមផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត លាបពណ៌ទៅកាន់ពិភពលោកឱ្យយល់ថា ខ្លួនជាជនរងគ្រោះរងការបំពានពីកម្ពុជា ។ រីឯចិន គឺថៃចាត់ទុកជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន ហើយថៃរឹតតែមិនគាំទ្រចិនដែលមានចំណងមិត្តភាពល្អជាមួយកម្ពុជា ។ ការបង្ហោះក្នុងហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលគាំទ្រកម្ពុជាការពារអធិបតេយ្យជាតិ គឺធ្វើឱ្យសារព័ត៌មានថៃ និងអ្នកលេងបណ្តាញសង្គមថៃខឹងសម្បារម្តងទៀត ក្រោយពីពួកគេទើបតែចោទប្រកាន់ចិនផ្តល់អាវុធឱ្យកម្ពុជា ។
អ្នកលេងបណ្តាញសង្គមថៃរិះគន់ថា ចិនគាំទ្រកម្ពុជាតាំងពីដំបូង នេះហើយជាមូលហេតុដែលកងទ័ពថៃពុំអាចធ្វើអ្វីបានច្រើន ចិនពុំដឹងពីប្រវត្តិសាស្ត្រកម្ពុជា-ថៃទេ ដូច្នេះ ចិនកុំនិយាយរឿងនេះ ។ ពួកគេថែមទាំងបណ្តេញស្ថានទូតចិនចេញពីប្រទេសថៃទៀតផង ពីព្រោះចិនបង្ហាញគោលជំហរច្បាស់ហើយ គឺគាំទ្រកម្ពុជា ។
គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកនយោបាយ ពលរដ្ឋ និងសារព័ត៌មានថៃ បានចោទប្រកាន់ចិនបញ្ជូនអាវុ.ធឱ្យកម្ពុជាធ្វើសង្គ្រា.មជាមួយថៃ ក្រោយពីសារព័ត៌មាន New York Times ចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៥ ថា ចិនផ្គត់ផ្គង់អាវុ.ធដល់កម្ពុជាស្របពេលមានជម្លោះព្រំដែនជាមួយថៃ ។ ព័ត៌មាននេះធ្វើឱ្យអ្នកនយោបាយថៃស្នើទៅស្ថានទូតចិនស្រាយបំភ្លឺឱ្យបានច្បាស់លាស់ តើចិនពិតជាបញ្ជូនអាវុ.ធឱ្យកម្ពុជាដែរឬទេ ។
បន្ទាប់មក ហ្វេសប៊ុកផេកស្ថានទូតចិនប្រចាំប្រទេសថៃបានច្រានចោលព័ត៌មាននេះថា ចិនពុំបានបញ្ជូនអាវុធកងទ័ពទៅឱ្យកម្ពុជាធ្វើសង្គ្រាមជាមួយថៃឡើយ ។ តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក្នុងឋានៈចិនជាមិត្តរបស់ប្រទេសទាំងពីរ ចិនព្យាយាមធ្វើឱ្យស្ថានការណ៍ធូរស្រាលវិញ ចិនពុំបានបញ្ជូនអាវុធណាមួយឱ្យកម្ពុជាធ្វើសង្គ្រាមជាមួយថៃទេ ។ រីឯអាវុធរបស់ចិននៅកម្ពុជាបច្ចុប្បន្ន គឺបានពីគម្រោងសហប្រតិបត្តិការរវាងកម្ពុជា-ចិន កន្លងមក ។
ចិនពុំទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនពីជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្តែចិនគាំទ្រឱ្យសមាជិកអាស៊ានជំរុញការដោះស្រាយជម្លោះតាមវិធីរបស់អាស៊ាន ។ ចិនរីករាយក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសផ្សេងៗក្នុងតំបន់ ចិនដើរតួនាទីជំរុញបទឈប់បាញ់ប្រកបដោយនិរន្តរភាព និងស្តារសន្តិភាពនៅតំបន់ព្រំដែន ៕