ប្រទេសថៃ ៖ នៅខែកញ្ញា ឆ្នាំ២០២៥ ខ្យល់ព្យុះបួឡូយបានវាយប្រ.ហារប្រទេសថៃបណ្តាលឱ្យទឹកជំនន់ជន់លិចខេត្តចំនួន១៧ និងពលរដ្ឋថៃយ៉ាងហោចណាស់៧នាក់បាត់ប.ង់ជីវិត ព្រមទាំងគំរា.មកំហែងដល់សុវត្ថិភាពពលរដ្ឋថៃជាង២សែននាក់ទៀត ។ ដូចគ្នានេះ នៅខេត្តពិស្នុលោករបស់ថៃ ក៏មានទឹកជំនន់លិចលំនៅឋានពលរដ្ឋផងដែរ ក្នុងនោះលំនៅឋាន១ខ្នងកម្ពស់២ជាន់ បានរងគ្រោះផ្ទួនៗដោយសារទឹកជំនន់លិចជាន់ក្រោម អគ្គិភ័យឆាបឆេះជាន់លើ ។

សារព័ត៌មានថៃ Khaosod រាយការណ៍ថា ថ្មីៗនេះ លំនៅឋានពលរដ្ឋថៃមួយកន្លែងកម្ពស់២ជាន់ នៅខេត្តពិស្នុលោក បានរងគ្រោះផ្ទួនៗគ្នា ឬហៅថា ទុក្ខជាន់លើទុក្ខ គឺពេលម្ចាស់លំនៅឋានកំពុងតែប្រមូលសម្ភារៈនៅផ្ទះជាន់ក្រោមគេចពីទឹកជំនន់ ស្រាប់តែអគ្គិភ័យឆាបឆេះលំនៅឋានជាន់លើដោយសារទុសេចរន្តអគ្គិសនី ។ ហេតុការណ៍នេះធ្វើឱ្យម្ចាស់លំនៅឋានស្រងោចចិត្តអាណិតខ្លួន ពីព្រោះទឹកជំនន់វាយប្រហារខ្លាំងហើយ មកជួបអគ្គិភ័យទៀត ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជួយផ្តល់កម្លាំងចិត្ត ។

នៅថ្ងៃទី១ ខែតុលា អ្នកលេង TikTok ម្នាក់ឈ្មោះ «user782283628063» បានបង្ហោះវីដេអូហេតុការណ៍គួរឱ្យខ្លោចចិត្តបំផុតដែលបានកើតឡើងនាពេលថ្មីៗនេះ គឺក្រោយពីទឹកជំនន់លិចលំនៅឋានជាន់ក្រោមហើយ ថែមទាំងត្រូវអគ្គិភ័យឆាបឆេះជាន់លើទៀត ដោយអ្នកបង្ហោះវីដេអូសរសេរថា ៖ «ពេលជញ្ជូនរបស់របរគេចពីទឹកជំនន់ ស្រាប់តែភ្លើងឆេះលំនៅឋានជាន់លើថែមទៀត លើកនេះពិតជាធ្ងន់ធ្ងរមែន» ។

ហេតុការណ៍នេះបានកើតឡើងនៅខេត្តពិស្នុលោក ដែលលំនៅឋាននេះជាលំនៅឋានឪពុក-ម្តាយរបស់ម្ចាស់វីដេអូក្នុង TikTok ។ ពេលនោះ ទឹកជំនន់បានលិចយ៉ាងខ្លាំង ហើយសមាជិកគ្រួសារកំពុងនាំគ្នាជញ្ជូនរបស់របរនៅផ្ទះជាន់ក្រោមទៅទុកនៅជាន់លើ ប៉ុន្តែសុខៗ ក៏ទុសេចរន្តអគ្គិសនីនៅជាន់លើ ។ លំនៅឋានជាន់ក្រោមជាស៊ីម៉ងត៍ និងជាន់ឈើធ្វើពីឈើងាយនឹងឆាបឆេះ ។

អគ្គិភ័យបានឆាបឆេះលំនៅឋានជាន់លើយ៉ាងឆាប់រហ័ស និងពុំអាចពន្លត់ភ្លើងបានឡើយ ។ ក្រោយពីវីដេអូហេតុការណ៍នេះត្រូវបានបង្ហោះក្នុង TikTok ធ្វើឱ្យអ្នកលេងបណ្តាញសង្គមអាណិតអាសូរម្ចាស់លំនៅឋាន និងផ្តល់កម្លាំងចិត្តដល់អ្នកបង្ហោះវីដេអូផងដែរ ដែលមកជួបហេតុការណ៍ទុក្ខជាន់លើទុក្ខបែបនេះក្នុងពេលតែមួយ ។ អ្នកលេងបណ្តាញសង្គមជាច្រើនបានបន់ស្រន់ឱ្យម្ចាស់លំនៅឋានឆ្លងផុតរឿងអាក្រក់នេះឆាប់ៗ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9wDOzuynYYaLou1_ON_Agm0sRB_BYNKln3alVggfo7a4rUo0S-jP55BbsWJ4EM5IqCb51QJLtKVBLeYQ2UZMNDvCrgUd3bI44yrLjaa6pKe9ofQZsfwgMHJl9OCprRsHGVN3xVpxx1fQCW76oO6xYRolYl_hGUhipKb9nqzJmf1C85wHJm1ho3SaMabQ/s686/image_2025-10-02_08-24-56.png