បន្ទាប់ពីកងកម្លាំងថៃបន្តធ្វើទុក្ខបុកម្នេញមកលើខាងកម្ពុជាលែងស្គាល់បុណ្យបាបខែភ្ជុំ វាពិតជាធ្វើឱ្យពលរដ្ឋកម្ពុជារួមទាំងជាតិសាសន៍ដទៃឃើញសន្តានប្រទេសថៃកាន់តែច្បាស់។ ជាមួយនឹងរឿងរ៉ាវដែលកើតឡើងក្តៅគគុកកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ហ្វីយ៉ាតា បានបង្ហាញសារពីប្រិយមិត្តមានទាំងទាហានចង់ជូនដំណើរនាង និងអ្នកគាំទ្រព្រួយបារម្ភចំពោះសុខសុវត្ថិភាព។

Miss Universe Cambodia 2025 បានបង្ហាញសារចំនួនពីរពីអ្នកគាំទ្រខ្លួនកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ដោយភ្ជាប់មកជាមួយនឹងសម្តីថា «ខ្លួនជាបវកញ្ញា ចិត្តជាទាហាន បារម្ភ.. តែចិត្តគិតពីទង់ជាតិខ្លួនបំផុត.. ហ៊ឹម សុំព្រះតាមជួយការពាររាល់ប្រជាជនខ្មែរ រួមទាំងខ្ញុំផងចុះ.. ភាពស្មោះត្រង់ត្រូវតែឈ្នះ..»។ តាមការបង្ហាញរបស់ ហ្វីយ៉ាតា មានគណនីហ្វេកប៊ុកមួយបានអះអាងថាជាទាហានការពារនៅប្រាសាទតាមាន់មានបំណងចង់សុំច្បាប់មេរបស់ខ្លួនជូនដំណើររូបនាងឡើងយន្តហោះ។ 
ខ្លឹមសារមួយទៀតគឺបានបង្ហាញពីអ្នកគាំទ្រដែលសម្តែងការព្រួយបារម្ភចំពោះសុខសុវត្ថិភាពរបស់ ហ្វីយ៉ាតា ដែលត្រូវចេញទៅប្រកួតនៅប្រទេសថៃ។
ស្ថិតក្នុងកាលៈទេសៈនេះវាពិតជាមានភាពតានតឹងសម្រាប់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដែលនឹងត្រូវចេញទៅប្រកួតនាពេលឆាប់ៗខាងមុខនៅប្រទេសថៃក្នុងការតំណាងឱ្យប្រទេសកម្ពុជា។ ហ្វីយ៉ាតា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នាងមានការព្រួយបារម្ភ ប៉ុន្តែពិតជាមិនចង់ឈប់នោះទេ។
គួរបញ្ជាក់ផងដែរថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទឹកដីប្រទេសថៃ៕










