កាហ្វេជាភេសជ្ជៈដ៏ពេញនិយមនៅលើពិភពលោកដោយវាជួយបង្កើនថាមពល និងស្មារតីពេញមួយថ្ងៃ ថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ទឹកនោមផ្អែម និងមហារីកមួយចំនួន ។ ប៉ុន្តែតើជ្រាបទេថា ការផឹកកាហ្វេជាមួយផ្លែឈើ និងអាហារទាំងនេះធ្វើឱ្យប៉ះពាល់សុខភាព ជាពិសេស ប៉ះពាល់ប្រព័ន្ធរំលាយអាហារ ការស្រូបសារធាតុចិញ្ចឹម និងសុខភាពបេះដូង ។
ខាងក្រោមនេះជាផ្លែឈើ និងអាហារមួយចំនួនហាមទទួលទានជាមួយកាហ្វេ រួមមាន ៖
១-ផ្លែឈើរសជាតិជូរ ៖ ផ្លែក្រូច និងក្រូចឆ្មារមានវីតាមីន C ខ្ពស់ ប៉ុន្តែមានអាស៊ីតច្រើន បើទទួលទានវាជាមួយកាហ្វេដែលមានជាតិអាស៊ីតដូចគ្នា វានឹងកាន់តែប៉ះពាល់ក្រពះអាហារ ច្រាលអាស៊ីត ក្រហាយដើមទ្រូង និងងាយក្អួតចង្អោរ ។ ក្រៅពីនេះ វានឹងប្តូររសជាតិកាហ្វេឱ្យកាន់តែល្វីង និងកាត់បន្ថយចំណង់អាហារ ដូច្នេះ គួរបរិភោគផ្លែឈើជូរមុន ឬក្រោយពេលផឹកកាហ្វេ យ៉ាងហោចណាស់ ចាប់ពី៣០នាទី ទៅ៦០នាទី ។
២-សាច់ក្រហម ៖ សាច់គោ សាច់ជ្រូក និងសាច់ចៀមបានផ្តល់នូវសារធាតុដែក ប៉ុន្តែការផឹកកាហ្វេក្រោយទទួលទានសាច់សត្វទាំងនេះ វានឹងរារាំងការស្រូបសារធាតុដែកក្នុងរាងកាយ និងធ្លាក់ចុះរហូតដល់៥០% វាធ្វើឱ្យរាងកាយខ្វះសារធាតុដែក ជាពិសេស ស្ត្រី និងអ្នកពុំទទួលទានសាច់សត្វផ្សេងពីនេះ ។ បើចូលចិត្តទទួលទានអាហារពេលព្រឹកមានសាច់ក្រហម គួរផឹកកាហ្វេក្រោយអាហារប្រមាណ១ម៉ោង ឬបរិភោគស៊ុត និងតៅហ៊ូជំនួស ។
៣-អាហារមានសូដ្យូមខ្ពស់ ៖ ការបរិភោគអាហារមានជាតិប្រៃខ្លាំង រួមមាន អាហារកែច្នៃ នំកញ្ចប់ និងសាច់ក្រក ធ្វើឱ្យសម្ពាធឈាមកើនឡើងខ្ពស់ ។ បើផឹកកាហ្វេជាមួយអាហារទាំងនេះកាន់តែប៉ះពាល់បេះដូង និងសម្ពាធឈាមខ្ពស់ ។ ជម្រើសល្អ គួរទទួលទានអាហារមានសូដ្យូមទាប រួមមាន ៖ បន្លែស្រស់ ឬផ្លែឈើមិនសូវផ្អែម ដើម្បីកាត់បន្ថយបញ្ហាឈាមរត់ ។
៤-អាហារចៀន ៖ សាច់មាន់ចៀន ដំឡូងបារាំងបំពង និងនំដូណាត់សម្បូរខ្លាញ់ច្រើនគ្រោះថ្នាក់ដល់បេះដូង ។ បើទទួលអាហារទាំងនេះជាមួយកាហ្វេ វានឹងជំរុញកំណើនសម្ពាធឈាម និងប្រឈមជាមួយជំងឹសរសៃឈាមបេះដូង ។ ក្រៅពីនេះ កាហ្វេនឹងកាត់បន្ថយការរំលាយខ្លាញ់ ឆាប់ឆ្អល់ពោះ ហើមពោះ គួរប្តូរមកទទួលទានអាហារស្ងោរ ឬអាំង ដើម្បីឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ។
៥-អាហាររសជាតិឌិត ៖ ពេលផឹកកាហ្វេជាមួយអាហាររសជាតិឌិត គឺកាហ្វេអ៊ីននឹងជំរុញការបញ្ចេញអាស៊ីតក្នុងក្រពះកាន់តែខ្លាំងបណ្តាលឱ្យរលាកក្រពះ ច្រាលអាស៊ីត និងឈឺពោះ ។ បើចង់ផឹកកាហ្វេដោយពុំចាំបាច់បារម្ភពីផលប៉ះពាល់ប្រព័ន្ធរំលាយអាហារ គួរចៀសវាងអាហាររសជាតិឌិត ។
សរុបមក ទោះជាកាហ្វេផ្តល់នូវអត្ថប្រយោជន៍ ប៉ុន្តែបើផឹកជាមួយអាហារមួយចំនួនអាចប៉ះពាល់សុខភាពបាន ។ ការផឹកកាហ្វេពុំប៉ះពាល់ក្រពះអាហារ និងបេះដូង គួរតែយកចិត្តទុកដាក់លើការទទួលទានចំណីអាហារ ៕