ប្រទេសថៃ៖ បើទោះជាធូរស្បើយពីព្យុះ ប៉ុន្តែស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃហាក់មិនទាន់ថមថយទៅណាឡើយ ដោយថ្មីៗនេះទំនប់ចៅប្រាយ៉ាដែលជាទំនប់ទឹកដ៏ធំមួយរបស់ថៃ បានបង្កើនការបញ្ចេញទឹករហូតដល់2,000ម៉ែត្រគូបក្នុងមួយវិនាទី ដែលលើសពីកម្រិតធម្មតារបស់វាត្រឹម 1,400 ទៅ 1,500ម៉ែត្រគូបក្នុងមួយវិនាទីប៉ុណ្ណោះ។ កត្តានេះបានជំរុញឲ្យអាជ្ញាធរថៃប្រកាសឲ្យខេត្តចំនួន 5 ត្រៀមខ្លួនទប់ទល់និងផ្លាស់ទីទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2025 បានឲ្យដឹងថា នាយកដ្ឋានធារាសាស្ត្រ (RID) បានបង្កើនអត្រាបញ្ចេញទឹកពីទំនប់ Chao Phraya ក្នុងខេត្ត Chainat ដល់ 2,000 ម៉ែត្រគូបក្នុង 1 វិនាទី ដើម្បីគ្រប់គ្រងបរិមាណដ៏ច្រើននៃទឹកជំនន់ដែលចូលមកពីភាគខាងជើងប្រទេសថៃ។
គិតត្រឹមម៉ោង 6:00ព្រឹកថ្ងៃដដែល ការវាស់វែងបានបង្ហាញស្ថានភាពផ្លាស់ប្ដូរចុងក្រោយថា ទឹកនៅផ្នែកខាងលើនៃទំនប់មានកម្ពស់រហូតដល់ទៅ 17.31ម៉ែត្រ ខណៈទឹកខាងក្រោមមានកម្ពស់ 14.68 ម៉ែត្រ។ ជាមួយគ្នានោះនាយកដ្ឋាន RID បានព្រមានថា ទំនប់នៅខាងក្រោមទឹកចំនួន ៥ ដែល នឹងរងមានហានិភ័យនៃទឹកជំនន់មានដូចជា៖
នៅស្រុក Tambon នៅក្នុងខេត្ត Ang Thong, ស្រុក Klong Phong Pheng ខេត្តអាយុធ្យា, ឃុំ Bang Bal និង Hua Wiang នៅក្នុងស្រុក Sena, Talad Chid និង Tha Din Daeng នៅក្នុងស្រុក Phak Hai (Ayutthaya)។.png)
បន្ថែមពីនោះ នាយកដ្ឋាន RID បាននិយាយថា ស្ថានភាពភ្លៀងធ្លាក់ និងទឹកជំនន់នឹងមានបន្តកាន់តែច្រើន ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងទាំងយប់ទាំងថ្ងៃដើម្បីបញ្ចៀសទឹក និងដែរក្សាសុវត្ថិភាពប្រជាជន។
គួរជម្រាបផងដែរថា ក្រៅពីការកើនឡើងនៃទឹកទន្លេ នាយកដ្ឋានឧតុនិយមថៃក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះខ្លាំងនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ដោយទីក្រុងបាងកក ភាគខាងកើត និងភាគខាងត្បូងប្រឈមមុខនឹងការធ្លាក់ភ្លៀងរហូតដល់ ៧០%។
ការព្យាករណ៍ចុងក្រោយបង្អស់បានបង្ហាញថា ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ ភូមិភាគឦសាន តំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ខាងកើត និងខាងត្បូងនឹងបន្តមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពនេះគឺបង្កឡើងដោយខ្យល់មូសុងដែលឆ្លងកាត់តំបន់ភាគកណ្តាល ភាគខាងត្បូង និងខាងកើតរបស់ប្រទេសថៃ៕.png)










