ប្រទេសថៃ ៖ ប្រទេសថៃបានរងគ្រោះធម្មជាតិមិនឈប់ឈរដោយសារឥទ្ធិពលខ្យល់ព្យុះបណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំង និងទឹកហូរពីតំបន់ព្រៃភ្នំបង្កើតជាទឹកជំនន់លិចលង់តាមបណ្តាខេត្ត ។ ក្រៅពីជួបទុក្ខលំបាកដោយសារទឹកលិចផ្ទះសម្បែង ពលរដ្ឋថៃរស់នៅទាំងភ័យខ្លា.ចដោយសារក្រពើមកជាមួយទឹកជំនន់ ដូចជា ថ្មីៗនេះ ពលរដ្ឋនៅខេត្តរ៉ាក់យ៉ងបានឃើញក្រពើធំ១ក្បាលប្រវែងជាង២ម៉ែត្រតាមផ្លូវបង្កការភ័យខ្លា.ចលែងហ៊ានធ្វើដំណើរ ឬចុះទឹក ខណៈខេត្តអយុធ្យាមានក្រពើហែលមកដល់ក្រោមផ្ទះ ។
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា ខេត្តអយុធ្យាក៏មានទឹកជំនន់ដូចបណ្តាខេត្តផ្សេងៗដែរ ហើយពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីឃើញក្រពើហែលទឹកមកដល់ក្រោមផ្ទះ ខណៈអាជ្ញាធរជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងដោយសារសត្វសាហាវ ។
តាមសេចក្តីរាយការណ៍ គឺកាលពីថ្ងៃទី១៤ ខែកញ្ញា ពលរដ្ឋរស់នៅភូមិ៥ ឃុំថាឌិនឌែង ស្រុកផាកហៃ ខេត្តអយុធ្យា បានឃើញក្រពើជាបន្តបន្ទាប់នៅក្រោមផ្ទះ ក្រោយពីផ្ទះសម្បែងពួកគេជន់លិចដោយសារកម្ពស់ទឹកទន្លេណយកើនឡើងខ្ពស់ ដែលធ្វើឱ្យអ្នកស្រុកពុំហ៊ានចុះពីលើផ្ទះ បានត្រឹមតែប្រាប់គ្នាឱ្យប្រុងប្រយ័ត្ន ។
ស្ត្រីចំណាស់ឈ្មោះ នូនប្រាង អនឡាអរ អាយុ៧៩ឆ្នាំ និយាយទាំងភ័យខ្លាចថា ២ថ្ងៃមុន អ្នកជិតខាងបានឃើញក្រពើហែលក្រោមផ្ទះ ប៉ុន្តែមិនប្រាកដចិត្តថា វាជាការពិតឬអត់ ។ កាលពីថ្ងៃទី១៣ ខែកញ្ញា ពេលលោកយាយកំពុងសម្អាតផ្ទះ ស្រាប់តែឃើញក្រពើនៅក្រោមផ្ទះខ្លួនឯង ប៉ុន្តែដោយសារមិនប្រាកដចិត្ត ក៏អុំទូកទៅមើលជិតៗឃើញថា ជាក្រពើពិតមែន មានប្រវែងជាង១ម៉ែត្រ ហើយវាបានហែលទឹកទៅកន្លែងផ្សេងធ្វើឱ្យលោកយាយលែងហ៊ានចុះទឹក ។
បើតាមការលើកឡើងរបស់មេឃុំថាឌិនឌែង លោក ឌិរេក ភូសាវ៉ាត គឺមានអ្នកថតរូបក្រពើធ្វើឱ្យពលរដ្ឋត្រូវរស់នៅជាមួយទឹកជំនន់ទាំងភ័យខ្លាច ពេលនេះ អាជ្ញាធរបានជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្ន ។ អាជ្ញាធរបានពិនិត្យមើលស្ថានការណ៍តាមស្រុកជារៀងរាល់យប់ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ពេលមានហេតុការណ៍អ្វីកើតឡើងនឹងជួយអន្តរាគមន៍ ។.jpg)
គួរបញ្ជាក់ថា នៅភូមិ៥ ឃុំថាឌិនឌែង ស្រុកផាកហៃ ខេត្តអយុធ្យា មានទឹកជំនន់ជារៀងរាល់ឆ្នាំ ប៉ុន្តែពលរដ្ឋទើបតែឃើញក្រពើជាលើកដំបូងនៅឆ្នាំ២០២៥ ប៉ុន្តែពុំដឹងថាមានក្រពើនៅក្នុងទឹកជំនន់ប៉ុន្មានក្បាលទេ ។
កាលពីថ្ងៃទី៧ ខែកញ្ញា នៅឃុំម៉ាខាមយូ ខេត្តរ៉ាក់យ៉ង មានក្រពើធំ១ក្បាលប្រវែងជាង២ម៉ែត្របង្ហាញខ្លួនតាមផ្លូវបង្កការភ័យខ្លាចដល់ពលរដ្ឋ ក្រោយពីខេត្តនេះលិចទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង ខណៈអាជ្ញាធរសន្និដ្ឋានថា ក្រពើអាចរួចពីទ្រុងពេលទឹកជំនន់ ៕










