មនុស្សភាគច្រើនតែងតែទទួលទានចំណីអាហារ និងភេសជ្ជៈទាំងនេះក្នុងពេលតែមួយដោយសាររសជាតិរបស់វាចូលគ្នា ប៉ុន្តែអ្នកជំនាញផ្នែកចំណីអាហារបានប្រាប់ពីអាហារចំនួន៥ប្រភេទ ដែលពុំគួរទទួលទានជាមួយគ្នា និងត្រូវចៀសវាង ពីព្រោះវាប៉ះពាល់សុខភាព ប៉ះពាល់ប្រព័ន្ធរំលាយអាហារ ថែមទាំងប្រឈមជាមួយជំងឺរ៉ាំរ៉ៃ ។
តើចំណីអាហារ និងភេសជ្ជៈចំនួន៥ប្រភេទ ដែលអ្នកជំនាញហាមទទួលទានជាមួយគ្នាមានអ្វីខ្លះ?
១-ទឹកដោះគោ និងផ្លែឈើរសជាតិជូរ ៖ ការទទួលទានទឹកដោះគោ និងផ្លែក្រូច ឬទឹកក្រូច ឬទឹកក្រូចឆ្មារក្នុងពេលជាមួយគ្នា វាធ្វើឱ្យប្រូតេអ៊ីនក្នុងទឹកដោះគោក្លាយជាដុំតូចៗ ខណៈអាស៊ីតក្នុងផ្លែឈើជូរធ្វើឱ្យពិបាករំលាយអាហារ ។ ការទទួលទានទឹកដោះគោជាមួយផ្លែឈើរសជាតិបណ្តាលឱ្យហើមពោះ ចុកដើមទ្រូង និងណែនពោះ ។
២-សូកូឡា និងទឹកដោះគោ ៖ សារធាតុ Flavonoids នៅក្នុងសូកូឡាផ្តល់ប្រយោជន៍សម្រាប់បេះដូង ប៉ុន្តែប្រូតេអ៊ីនក្នុងទឹកដោះគោបែរជារារាំងការស្រូបយកសារធាតុនេះ ហើយវានឹងបាត់បង់ផលប្រយោជន៍សម្រាប់សុខភាព ។
៣-កាហ្វេ និងចេក ៖ កាហ្វេអ៊ីនជាមួយសារធាតុកាបូអ៊ីដ្រាតដែលរំលាយអាហារលឿនធ្វើឱ្យថាមពលរាងកាយកើនឡើងមួយរយៈ ប៉ុន្តែវានឹងធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស ដែលជាមូលហេតុបណ្តាលឱ្យរាងកាយបាត់ថាមពលលើសមុន ។
៤-ប័រផលិតពីសណ្តែកដី និងនំខេកពណ៌ស ៖ បើទោះជាការទទួលទានចំណីអាហារទាំងនេះមានរសជាតិឆ្ងាញ់ ប៉ុន្តែការខ្វះអាហារសរសៃ និងកាបូអ៊ីដ្រាត គឺយើងនឹងឆ្អែតពុំបានយូរ ថាមពលរាងកាយធ្លាក់ចុះ ឃ្លានអាហារកាន់តែខ្លាំង ។
៥-គ្រឿងស្រវឹង និងកាហ្វេអ៊ីន ៖ កាហ្វេអ៊ីននឹងកាត់បន្ថយអាការៈស្រវឹងធ្វើឱ្យយើងផឹកស្រាកាន់តែច្រើនដោយមិនដឹងខ្លួន ហើយវានឹងបង្កគ្រោះថ្នាក់ដល់សុខភាព ។
ចុងក្រោយ អ្នកជំនាញផ្នែកចំណីអាហារបញ្ជាក់ថា ការទទួលទានចំណីអាហារពុំគួរបែងចែកចំណីអាហារណាល្អ ឬមិនល្អទេ ប៉ុន្តែគួរតែយកចិត្តទុកដាក់លើការទទួលទានចំណីអាហារ និងភេសជ្ជៈផ្សេងៗក្នុងពេលជាមួយគ្នា ដើម្បីឱ្យរាងកាយទទួលបាននូវអាហារូបត្ថម្ភពេញលេញ និងសុវត្ថិភាពបំផុត ៕