ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់អ្នកលេងទិកតុក នូឌី បានធ្វើឱ្យមានការចាប់អារម្មណ៍ជាពិសេស ខណៈអ្នកនៅក្នុងរង្វង់សិល្បៈបានចេញមុខជាច្រើនទាមទាររកយុត្តិធម៌មកកាន់ នូឌី ។ ទោះយ៉ាងណាថ្មីៗនេះស្រាប់តែមានការចែកចាយលើបណ្តាញសង្គមទាមទារទឹកប្រាក់ចំនួន១ម៉ឺនដុល្លារពី នូឌី រហូតលោក ទ្រី សក្កដា លើកជាចង្ងល់ថានរណាជាអ្នកទាមទារទឹកប្រាក់នេះ។
ថ្មីៗនេះអ្នកសិល្បៈជាច្រើនរូបដូចជា សុខ ពិសី លោក ណុប បាយ៉ារិទ្ធ លោក ករុណា ពេជ្រ លោក ទ្រី សក្កដា និងបុគ្គលល្បីផ្សេងទៀតបានបង្ហាញការលើកទឹកចិត្តទៅកាន់ នូឌី និងចង់ឱ្យមានយុត្តិធម៌ចំពោះអ្នកប្រម៉ូតផលិតផលរូបនេះដែលត្រូវបានជាប់ឃុំក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូដែលបណ្តាលឱ្យភាគីម្ខាងទៀតស្លាប់បាត់បង់ជីវិត។ ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមស្រាប់តែមានការចែករំលែកតៗគ្នាដែលមានការចោ.ទប្រកាន់ថា គ្រួសារខាងសពបានទាមទារប្រាក់សំណង១ម៉ឺនដុល្លារពី នូឌី ប៉ុន្តែក៏មានអ្នកលេងបណ្តាញសង្គមដែលហាក់បង្ហាញថាជាសាច់ញាតិសពពុំបានដឹងឮ ឬទាមទារអ្វីនោះ។
រឿងរសើបជុំវិញទឹកប្រាក់១ម៉ឺនដុល្លារនេះ លោក ទ្រី សក្កដា បានបង្ហាញចង្ងល់លើរឿងនេះថានរណាជាអ្នកបង្គាប់ឱ្យទាមទារ។ នៅយប់ថ្ងៃទី៨ ខែកញ្ញា អ្នកដឹកនាំរឿងរូបនេះបានចែករំលែកថា «ស្លាប់ហើយត្រូវបណ្តាសារគេទៀត! ហេតុអ្វីបានយក Noudy Singer ជាមេបញ្ហាសម្រាប់រឿងនេះវិញ? ច្បាប់គឺច្បាប់ តែក៏គួរចេះថ្លឹងថ្លែងឱ្យសមហេតុផលដែរ! 10000$ តើអ្នកណាបង្គាប់ឱ្យទារ ? ស៊ើបឱ្យច្បាស់ អាណិតគ្នាផងលោកព្រះជាម្ចាស់អើយ»។
បើតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណបានកើតឡើងនៅយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវទន្លេសាប ប្រសព្វផ្លូវលំ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គឺអ្នកបើកម៉ូតូHonda PCX (បើកដោយ នូឌី ) បើកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សT) ចំណែកឯអ្នកបើកម៉ូតូ Honda C125 ដែលស្លាប់នៅកន្លែងកើតហេតុបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ នេះបើតាមការសន្និដ្ឋានរបស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។
ក្នុងសេចក្តីបំភ្លឺបានបញ្ជាក់ទៀតថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕