ទីក្រុងធានជីង៖ ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សុី ជីនពីង បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បា.ញ់រវាងកម្ពុជា និង ថៃ ព្រមទាំងគាំទ្រយន្តការសង្កេតការណ៍បទឈប់បា.ញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័ស។ នេះបើយោងតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបរវាង ឯកឧត្តម សុី ជីនពីង និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន លោកសុី ជីនពីង បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមកិច្ចប្រជុំនេះ ដោយការចូលរួមនេះថា គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា កន្លងទៅ។
ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ, ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់, គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ផងដែរ។ .jpg)
ជាការឆ្លើយតប, សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់។
មុននឹងបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាព ដែលរួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច-ពាណិជ្ជកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗផ្សេងទៀត ក្នុងគោលដៅពង្រឹងសមត្ថភាពអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង និង ពង្រឹងការការពារអធិបតេយ្យរបស់កម្ពុជា៕










