ការបរិភោគខ្ទឹមបារាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដូចជា ៖ ជួយប្រព័ន្ធការពាររាងកាយ ជួយបេះដូង ការពារមហារីក ជំនួយឆ្អឹង ប្រឆាំងការរលាក និងមេរោគ ។ លើសពីនេះ ខ្ទឹមបារាំងសម្បូរដោយវីតាមីន សារធាតុរ៉ែ និងសារធារសំខាន់ៗជាច្រើនដែលជួយការពាររាងកាយពីការបំផ្លាញផ្សេងៗយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែមនុស្សភាគច្រើនតែងតែឈឺភ្នែក ឬហូរទឹកភ្នែកពេលហាន់ខ្ទឹមបារាំង ។
យើងអាចប្រើប្រាស់វិធីទាំងនេះដើម្បីកាត់បន្ថយការឈឺភ្នែក ឬហូរទឹកភ្នែកពេលហាន់ខ្ទឹមបារាំង រួមមាន ៖
១-ដំឡូងបារាំង ៖ ហាន់ដំឡូងបារាំងស្រស់ជាចំណិត និងយកវាមកជូតស្រាលៗលើមុខកាំបិតទាំងសងខាងមុនពេលហាន់ខ្ទឹមបារាំងដើម្បីកុំឱ្យឈឺភ្នែក ឬហូរទឹកភ្នែក ។
២-ដាក់ខ្ទឹមបារាំងក្នុងទូរទឹកកកជាន់លើ ៖ លាងខ្ទឹមបារាំងឱ្យស្អាត និងទុកឱ្សស្ងួតទឹក បន្ទាប់មក យកវាទៅដាក់ក្នុងទឹកកកជាន់លើ (ជាន់ត្រជាក់ខ្លាំង) ប្រមាណ១០នាទី ឬដាក់ក្នុងទូរទឹកកកជាន់ខាងក្រោម ប្រមាណ៣០នាទី ។ យើងអាចត្រាំខ្ទឹមបារាំងក្នុងធុងទឹកកកក៏បាន ពីព្រោះជាតិត្រជាក់នឹងធ្វើឱ្យសារធាតុក្នុងខ្ទឹមបារាំងធ្លាក់ចុះពេលត្រូវខ្យល់ និងជួយកាត់បន្ថយការឈឺភ្នែកពេលហាន់ ។
៣-ដុតទៀន ៖ ដុតទៀននៅក្បែរៗពេលហាន់ខ្ទឹមបារាំង ពីព្រោះកំដៅពីភ្លើងទៀននឹងជួយទាញយកសារធាតុក្នុងខ្ទឹមបារាំងបានមួយចំនួន ។
៤-បើកកង្ហារ ៖ អាចបើកកង្ហារពេលហាន់ខ្ទឹមបារាំងដើម្បីបណ្តេញសារធាតុពីខ្ទឹមបារាំងឱ្យឆ្ងាយពីភ្នែក ។ ការបើកបង្អួច ឬប្រើប្រាស់ឧបករណ៍ស្រូបផ្សែង ក៏ជាវិធីជួយកុំឱ្យហូរទឹកភ្នែកពេលហាន់ខ្ទឹមបារាំងផងដែរ ។
៥-នំប៉័ង ឬ Cookie ៖ ការដាក់នំប៉័ង ឬ Cookie ក្នុងមាត់ពេលហាន់ខ្ទឹមបារាំងដើម្បីកាត់បន្ថយការឈឺភ្នែក ពីព្រោះវានឹងធ្វើឱ្យការរំញោចរបស់ច្រមុះធ្លាក់ចុះ និងកាត់បន្ថយការហូរទឹកភ្នែក ។
៦-ទឹកខ្មេះ ៖ ផ្សំទឹកធម្មតាជាមួយទឹកខ្មេះក្នុងបរិមាណស្មើគ្នា រួចហើយ យកទឹកនេះជូតលើជ្រុញ និងកាំបិតមុនពេលហាន់ខ្ទឹមបារាំង ។ ជាតិអាស៊ីតក្នុងទឹកខ្មេះនឹងជួយកាត់បន្ថយសារធាតុក្នុងខ្ទឹមបារាំងដែលធ្វើឱ្យឈឺភ្នែក ។
៧-ពាក់វ៉ែនតា ៖ ពាក់វ៉ែនតាការពារខ្ទឹមបារាំង បើទោះជាពិបាកពេលហាន់បន្តិចក៏ដោយ ប៉ុន្តែវានឹងអាចការពារមានប្រសិទ្ធភាព ។
៨-តាមដង្ហើមតាមមាត់ ៖ អាចផ្លាស់ប្តូរមកដកដង្ហើមតាមមាត់ជំនួសច្រមុះពេលហាន់ខ្ទឹមបារាំង ដែលវិធីនេះជួយកាត់បន្ថយការស្រូបសារធាតុពីខ្ទឹមបារាំងចូលច្រមុះ និងភ្នែក ៕