បាងកក៖ ផ្ទុះការវែកញែក និងរិះគ.ន់សារជាថ្មី ក្រោយនាយករដ្ឋមន្រ្តីស្ដីទីថៃ លោក ភូមថាំ វេឆាយ៉ាឆៃ បានលើកឡើងទាក់ទងនឹងផែនការសាងសង់របងព្រំដែននៅខេត្តស្រះកែវជាក់កម្ពុជា ដោយធ្វើការបញ្ជាក់យ៉ាងច្បាស់ថា៖ ការសង់របងសីមាអចិន្ត្រៃយ៍មួយ អាចធ្វើទៅបានលុះត្រាកម្ពុជា-ថៃ អាចកំណត់ព្រំដែនប្រទេសទាំងពីរឲ្យដាច់ស្រេចសិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី28 ខែសីហា។

ខណៈនេះប្រទេសថៃកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការកសាងរបងព្រំដែនជាប់កម្ពុជាត្រង់ចំណុចខេត្តស្រះកែវ ដែលផែនការផ្ដួចផ្ដើមដោយលោក Songwit Noonpakdee មេបញ្ជាការកងកម្លាំងការពារជាតិ បន្ទាប់ពីថៃបង្កភាពតានតឹងនៅព្រំដែនម្ដងទៀត ជាពិសេសការដាក់បន្លាលួស ព័ទ្ធយកដីខ្មែរមិនចេះចប់។
ទាក់ទឹននឹងគម្រោងការនេះដែរ លោក ភូមថាំ វេឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្ដីទីថៃ បានផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មានថា ការសាងសង់របងមិនទាន់អាចចាប់ផ្ដើមបានភ្លាមៗឡើយ។ ការសង់របងសីមាអចិន្ត្រៃយ៍មួយ អាចធ្វើទៅបានលុះត្រាកម្ពុជា-ថៃ អាចកំណត់ព្រំដែនប្រទេសទាំងពីរឲ្យដាច់ស្រេចសិន។ ដូច្នេះជំហានដំបូង គេនឹងធ្វើរបងបណ្តោះអាសន្នកាត់ផ្លូវតាមព្រំដែន ព្រមទាំងដាក់បន្លាលួសចំនួន៣ជាន់ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់មួយចំនួនជាមុនសិន។
បន្ថែមពីលើនេះ ប្រមុខរដ្ឋាភិបាលថៃបានបញ្ជាក់ថា៖ ការធ្វើរបងព្រំដែនកម្ពុជា-ថៃ នឹងផ្ដល់ផលប្រយោជន៍សម្រាប់ការចល័តកម្លាំងកងទ័ព និងល្បាត ទប់ស្កាត់បទល្មើសឆ្លងដែន ដែលនឹងធ្វើឱ្យការឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិកាន់តែមានភាពពិបាក និងកាត់បន្ថយការឆបោកផ្សេងៗ។
ដោយឡែក គណៈកម្មការ JBC របស់កម្ពុជា បានចាត់ទុកទង្វើនេះថាជាសកម្មភាពទន្ទ្រានកាន់កាប់យកដីជាឯកតោភាគីដោយយោធាថៃ វាជាសកម្មភាពដែលរំលោភទៅលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះសកម្មភាពនេះ ក៏រំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរផងដែរ រាប់ទាំងការបំផ្លាញដល់លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់JBC។
យ៉ាងណាក៏ដោយ ប្រទេសថៃបានប្រព្រឹត្តទង្វើដាក់បន្លាព័ទ្ធផ្ទះពលរដ្ឋខ្មែរដោយមិនចេះអៀនខ្មាសរួចទៅហើយ ហើយកន្លងមកគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ក៏ធ្លាប់ចេញសេចក្ដីថ្លែងការណ៍តវ៉ាប្រឆាំងចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃផងដែរ៕










