ប្រទេសថៃ ៖ កងទ័ពភូមិភាគ២ថៃ បានសរសរក្នុងហ្វេសប៊ុកផេកពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកាលពីល្ងាចថ្ងៃទី២២ ខែសីហា និងចោទប្រកាន់ថា កងកម្លាំងពិសេសកម្ពុជា (BHQ) បង្កប់មីនថ្មីនៅខាងលិចភ្នំ៣៥០ ដែលស្ថិតនៅឆ្ងាយពីទីតាំងប្រតិបត្តិការរបស់កងទ័ពថៃប្រមាណ១០០ម៉ែត្រ ហើយកងទ័ពថៃបានទៅពិនិត្យមើលតំបន់នេះឃើញថា ជាមីន PMN-2 ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ។
នៅថ្ងៃទី២៣ ខែសីហា កងទ័ពភូមិភាគ២ថៃបានសរសេរក្នុងហ្វេសប៊ុកផេកពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា នាវេលាម៉ោង៤ល្ងាច ថ្ងៃទី២២ ខែសីហា កងទ័ពថៃប្រទះឃើញកងទ័ពកម្ពុជា ពី២នាក់ ទៅ៣នាក់ និងសន្និដ្ឋានថា គឺជាកងកម្លាំងពិសេសកម្ពុជា (BHQ) ដោយសារពាក់មួកសុវត្ថិភាពពណ៌ខ្មៅ បានបង្កប់មីនថ្មីនៅខាងលិចតំបន់ភ្នំ៣៥០ ក្នុងឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ដែលស្ថិតនៅឆ្ងាយពីទីតាំងប្រតិបត្តិការរបស់កងទ័ពថៃ ប្រមាណ១០០ម៉ែត្រ ។
ពេលកងទ័ពថៃទៅពិនិត្យមើលក្នុងតំបន់ឃើញថា មីនដែលទើបបង្កប់នេះប្រភេទ PMN-2 ចំនួន១គ្រាប់ ហើយកងទ័ពថៃក៏ប្រើប្រាស់ឧបករណ៍រាវមីនយ៉ាងលម្អិត និងកំណត់សញ្ញាសម្គាល់សម្រាប់ក្រុមរុករកមីនចាត់វិធានការបន្ត ។ ថៃចាត់ទុកថា កងទ័ពកម្ពុជានៅតែបន្តបង្កប់មីនប្រឆាំងមនុស្សក្នុងដែនអធិបតេយ្យរបស់ថៃ ដែលជាការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងល្មើសសន្ធិសញ្ញាអូតាវ៉ាជាបន្តបន្ទាប់ ។ កងទ័ពថៃបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ និងត្រៀមខ្លួនការពារអធិបតេយ្យជាតិដើម្បីសន្តិភាព សម្រាប់ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ។
កងទ័ពថៃនៅតែចោទប្រកាន់ដដែលៗថា កម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីរបស់ខ្លួន បើទោះជាអាជ្ញាធរមីនកម្ពុជាបានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ក្តី ។ កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់មីនថ្មីជាដាច់ខាត កម្ពុជាមានមោទកភាពក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ។ កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។
មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ។ ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ ។ ការចោទប្រកាន់ដោយគ្មានការពិតនឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នាក្នុងស្ថានភាពនេះ ។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេស ចំណុចទី២ ដែលចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនឈរជើងឡើយ ៕










