ក្រុងកូតាបារូ៖ ដោយសង្កេតឃើញពីបញ្ហាអសន្តិសុខនៅក្នុងប្រទេសថៃកើតមានញឹកញាប់ពេក រដ្ឋាភិបាលម៉ាឡេសុីបានណែនាំប្រជាជនខ្លួនឲ្យផ្អាក ឬពន្យាពេលការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ប្រទេសថៃជាបណ្ដោះអាសន្នសិន បន្ទាប់ពីការវា.យប្រហារដោយគ្រាប់បែកនៅខេត្តភាគខាងត្បូងរបស់ថៃចេះតែកើតមានជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Malay Mail របស់ម៉ាឡេសុី។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌ លោក Datuk Kamaruddin Md Nor មានប្រសាសន៍ថា សុវត្ថិភាពត្រូវតែជាអាទិភាពចម្បង សម្រាប់អ្នកដែលនៅតែត្រូវធ្វើដំណើរទៅកាន់ប្រទេសថៃ។
លោកថា៖ ឧប្បត្តិហេតុបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសថៃមិនមែនជារឿងថ្មីទេ។ ដូច្នេះខណៈពេលដែលស្ថានភាពនៅតែអាចប្រែប្រួល វាជាការល្អបំផុតសម្រាប់ប្រជាជនយើងក្នុងការពន្យារពេលផែនការធ្វើដំណើរទៅទីនោះ ជាពិសេសជាមួយនឹងរដូវកាលវិស្សមកាលខាងមុខនេះ។

លោក Datuk បន្តទៀតថា “វិធានការបង្ការនេះគឺមានសារៈសំខាន់ដើម្បីជៀសវាងឧប្បត្តិហេតុដែលអាចគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពលរដ្ឋ។ នៅពេលដែលបញ្ហាបែបនោះបានកើតឡើង វាគួរតែត្រូវបានគេយកជាឧទាហរណ៍ក្នុងការព្រមានមិនឱ្យទៅទីនោះ” ។
គួររំលឹកថា កាលពីថ្ងៃពុធកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កងកម្លាំងស្ម័គ្រចិត្តការពារជាតិថៃយ៉ាងហោចណាស់៤នាក់បានរងរបួស បន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់បែ.កមួយ បានបើកមកបំផ្ទុះនៅជិតប៉ុស្តិ៍ត្រួតពិនិត្យមួយក្នុងឃុំកំពង់ខុកម៉ាហ្វឿង ស្រុកសាឡាម៉ៃ ក្រុងតាកបៃ ខេត្តណារ៉ាធីវ៉ាត់ ដែលជាឧបទ្ទវហេតុមួយបង្កឡើងដោយក្រុមបះបោរមកពីភាគខាងត្បូងរបស់ថៃ។

ក្រៅពីខេត្តភាគខាងត្បូងនេះ សូម្បីតែទីក្រុងបាងកកដែលជាទីប្រជុំជនដ៏ល្បីល្បាញ ក៏ប្រជាជនម៉ាឡេសុីជាច្រើនបានសម្ដែងក្ដីព្រួយបារម្ភ និងភាពខ្លាចរអារបស់ពួកគេ ក្នុងការទៅកម្សាន្តនៅទីនោះផងដែរ។ កត្តាព្រួយបារម្ភនេះ ពុំមែនកើតឡើងដោយសារតែសង្រ្គាម ឬហិង្សាប្រដាប់អាវុ.ធនៅតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាបណ្ដាលមកពីករណីវា.យធ្វើបាបភ្ញៀវទេសចរបរទេសពីសំណាក់ជនជាតិថៃបានកើតមានញឹកញាប់ពេក ជាហេតុជំរុញឲ្យពលរដ្ឋម៉ាឡេសុីជាច្រើនដែលមានគម្រោងមកលេងថៃ បានលុបចោ.លការធ្វើដំណើររបស់ពួកគេ ធ្វើឲ្យចំណូលដែលបានមកពីវិស័យទេសចរណ៍ថៃថយចុះគួរឲ្យកត់សម្គាល់៕










