ថៃ៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៅថៃ ហៅកាត់ថា DDPM របស់ថៃ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានព្រ.មានពីហានិភ័យនៃគ្រោះទឹកជំនន់កម្រិតខ្ពស់ ដែលកើនឡើងពីទន្លេចៅផ្រាយ៉ា នឹងជន់លិចខេត្តភាគកណ្ដាលចំនួន១០ រួមទាំងទីក្រុងបាងកក។ ដូច្នេះអំពាវនាវឲ្យប្រជាពលរដ្ឋថៃឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ តទៅ។

លោក Phasakon Boonyalak អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានឲ្យដឹងថ៖ ខេត្តទាំង១០ របស់ប្រទេសថៃដែលមានលទ្ធភាពខ្ពស់ក្នុងការរងគ្រោះទឹកជំនន់រួមមាន៖ Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Phra Nakhon Si Ayutthaya, Lop Buri, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុងបាងកក។

ខេត្តនិងរាជធានីខាងលើនេះ សុទ្ធសឹងតែជាខេត្តដែលស្ថិតនៅតាមដងទន្លេចៅផ្រាយ៉ា ហើយហានិភ័យនៃទឹកជំនន់នេះបានកើនឡើងខ្ពស់ ស្របពេលដែលកម្ពស់ទឹកទន្លេបានហក់ឡើងយ៉ាងឆាប់រហ័ស ដូច្នេះវានឹងធ្វើឲ្យតំបន់ទំនាបជាច្រើនជាប់ដងមាត់ទន្លេ អាចប្រឈមនឹងការជន់លិច ដោយមានកម្រិតទឹកកើនឡើងពីកម្រិតបច្ចុប្បន្នប្រហែល០.១០ ទៅ ០.៩០ម៉ែត្រ។
អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធបានចាប់ផ្ដើមចុះទៅសម្របសម្រួលនៅតាមខេត្តទាំងឡាយណាដែលនាយកដ្ឋាន DDPM បានជូនដំណឹង ដើម្បីត្រួតពិនិត្យទំនប់ទឹក រៀបចំឧបករណ៍ និង គ្រឿងបរិក្ខារជំនួយសង្រ្គោះគ្រោះមហន្តរាយ។ ចំណែកខាងមន្ត្រីជំនាញ ក៏កំពុងតែតាមដានស្ថានការណ៍យ៉ាងយកចិត្ត និងត្រៀមខ្លួនជាស្រេចសម្រាប់ប្រតិបត្តិការសង្គ្រោះ 24/24 ម៉ោង។
គួរជម្រាបថា កន្លងមកក្រុមអ្នកជំនាញធ្លាប់បានព្រមានថាប្រទេស និងទីក្រុងមួយចំនួនរួមទាំងទីក្រុងបាងកក នឹងជនលិចកប់នៅក្រោមទឹកនៅពេលអនាគតជាក់ជាមិនខាន ប្រសិនបើរដ្ឋាភិបាលរបស់ពួកគេមិនរកវិធានការទប់ទល់ និងដោះស្រាយចាប់ពីពេលនេះតទៅទេនោះ។
ក្រុមអ្នកជំនាញក៏បានពន្យល់ផងដែរថា ទីក្រុងបាងកករបស់ថៃទីតាំងភូមិសាស្ត្រស្ថិតនៅចំដីទំនាបនៃសណ្តទន្លេចៅផ្រាយ៉ា និងនៅជិតមាត់សមុទ្រ ដែលមានកម្ពស់ជាមធ្យមប្រហែល១.៥ ទៅ២ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រប៉ុណ្ណោះ ខណៈតំបន់ខ្លះអាចមានកម្ពស់ទាបជាងនេះទៅទៀត។ ជាមួយគ្នានេះ ដោយសារតែកម្រិតទឹកសមុទ្រនៅលើភពផែនដីបានកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ រួមផ្សុំនឹងកត្តាស្រុតដីទៀតនោះ ធ្វើឲ្យទីក្រុងបាងកកកំពុងប្រឈមនឹងហានិភ័យខ្ពស់ ពីការជន់លិចដោយសារទឹកជំនន់នាពេលខាងមុខ៕










