មាសសុទ្ធមិនខ្លាចភ្លើង ប៉ុន្តែថៃខ្លាចភាគីទី៣! ក្រោយនាយករដ្ឋមន្រ្តីម៉ាឡេសុី លោក Anwar Ibrahim បានស្នើសុំដាក់កម្លាំងអ្នកសង្កេតការណ៍បន្ថែមនៅតាមព្រំដែនកម្ពុជា-ថៃ នាយករដ្ឋមន្រ្តីស្តីទី លោក Phumtham Wechayachai បានចេញមកច្រានចោលសំណើរនោះវិញភ្លាម ដោយលើកហេតុផលថា ជម្លោះព្រំដែនគឺជាបញ្ហាទ្វេភាគី ថៃមិនត្រូវការភាគីទី៣ឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីល្ងាចថ្ងៃទី២០ ខែសីហា។
តាមរយៈការបដិសេធសំណើរនេះ លោក Phumtham បានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា គឺជាបញ្ហាទ្វេភាគី ហើយមិនគួរបើកឲ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។ លោកបានបញ្ជាក់ជាថ្មីថា ស្ថានភាពនៅតែស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ដូចដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនាពេលថ្មីៗនេះ។

លោក Phumtham បានបន្ថែមទៀតថា៖ ប្រសិនបើ ASEAN IOT ចង់បានមនុស្សបន្ថែម សម្រាប់បំពេញប្រតិបត្តិការសង្កេតការណ៍ ពួកគេត្រូវតែប្រើប្រាស់អនុព័ន្ធយោធាមកពីស្ថានទូត ASEAN ឬបុគ្គលិកមកពីស្ថានទូត ASEAN ចំនួន៨។ លោកបានបញ្ជាក់ប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថា ថៃមិនអនុញ្ញាតឱ្យអ្នកខាងក្រៅចូលរួមនៅក្នុងប្រតិបត្តិការនេះទេ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់មេដឹកនាំថៃបែបនេះ លោក Anwar Ibrahim បាននិយាយថា៖ ការបន្ថែមអ្នកអង្កេតការណ៍ មិនមែនជាការជ្រៀតជ្រែកជម្លោះកម្ពុជា និងថៃនោះទេ ប៉ុន្តែដោយសារក្តីបារម្ភលើចំនួនមានកម្រិតនៃអ្នកអង្កេតការណ៍ ចុះទៅទីតាំងផ្ទាល់។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនមានបញ្ហាជាមួយនឹងសំណើររបស់ម៉ាឡេសុីក្នុងការបន្ថែមអ្នកសង្កេតការណ៍នៅតាមព្រំដែនឡើយ ដោយសារប្រសិនបើមានការអនុវត្តបែបនេះ វានឹងជំរុញឲ្យបទឈប់បាញ់រវាងកម្ពុជា-ថៃកាន់តែមានប្រសិទ្ធភាព និងតម្លាភាព គ្មានការចោ.ទប្រកាន់ដដែលៗថាខាងណារំលោ.ភបំពានលើខាងណានោះទេ។
ផ្ទុយទៅវិញ ការណ៍នេះហាក់ត្រូវបានយល់ឃើញខុសគ្នាទាំងស្រុងពីភាគីកម្ពុជា ដោយថៃបែរជាយល់ថា ការបន្ថែមអ្នកសង្កេតការណ៍ គឺជាការបន្ថែមភាគីទី៣ឲ្យចូលលូកដៃជ្រៀតជ្រែកចូលក្នុងជម្លោះរវាងកម្ពុជា និង ថៃ ដែលគួរតែមានការដោះស្រាយត្រឹមទ្វេភាគីប៉ុណ្ណោះ។ ទង្វើនេះបានបង្ហាញឲ្យឃើញពីចេតនាចង់លាក់បាំងការពិតពីភ្នែកអន្តរជាតិ ទើបបានជាថៃមិនចង់ឲ្យមានអ្នកមកសង្កេតការណ៍បន្ថែមដូច្នេះ ព្រោះថាបើថៃពិតជាស្អាតស្អំ និងគោរពច្បាប់មែន ហេតុអ្វីថៃចាំបាច់ត្រូវខ្លាចភាគីទី៣?










