ប្រទេសថៃ ៖ ទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនរបស់ថៃទើបតែរងគ្រោះដោយសាររញ្ជួយដីកន្លងមក ដោយសារទទួលឥទ្ធិពលពីគ្រោះរញ្ជួយដីមានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា ។ ហេតុការណ៍រញ្ជួយដីពេលនោះធ្វើឱ្យពលរដ្ឋថៃភ័យម្តងហើយ ដោយសារការបាក់រលំអគារនៅទីក្រុងបាងកកដែលកំពុងសាងសង់បណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ហើយនៅថ្ងៃទី២១ ខែសីហា នេះ តំបន់ជាច្រើនក្នុងទីក្រុងនេះបានរង្គើដោយសាររញ្ជួយម្តងទៀតធ្វើឱ្យពលរដ្ឋថៃរត់ប្រសាចចុះពីអគារ ។
នាយកដ្ឋានតាមដានគ្រោះរញ្ជួយដីនៃឧតុនិយមថៃបានជូនដំណឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ស្មើកម្រិត៥.៤រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ ដែលចំណុចកណ្តាលនៃគ្រោះរញ្ជួយដីស្ថិតនៅភាគនិរតីស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ និងមានចម្ងាយប្រមាណ២១១គីឡូម៉ែត្រពីប្រទេសថៃ ។ គ្រោះរញ្ជួយដីនេះរង្គើដល់ទីក្រុងបាងកក បណ្តាលឱ្យពលរដ្ឋថៃរត់ប្រសាច ពីព្រោះបារម្ភពីការបាក់អគារដូចពេលកន្លងមក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon និង Khaosod ។
គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានរង្គើដល់តំបន់ជាច្រើននៅទីក្រុងបាងកក ដូចជា ៖ តំបន់ឌិនឌែង គឺជាទីតាំងរបស់ក្រសួងការងារ ដែលធ្វើឱ្យមនុស្សម្នានៅលើអគារត្រូវជម្លៀសចេញពីអគារជាបន្ទាន់ ។ រីឯអគារតំបន់ផ្សេងទៀតនៅទីក្រុងបាងកកក៏រង្គើផងដែរ គឺមនុស្សនៅលើអគារមានអារម្មណ៍វិលមុខ ខណៈសម្ភារៈក្នុងអគាររង្គើទាំងអស់ ។
ក្រៅពីនេះ នៅតំបន់ឃ្លងតើយនឿ តំបន់វឌ្ឍនា គឺមានការរង្គើអគារតិចតួច ប្រមាណ១០នាទី ។ រីឯនៅផ្លូវបាន់ថាត់ថង ផ្លូវពេជ្របុរី ក្នុងតំបន់រ៉ាជថេវី មានសេចក្តីរាយការណ៍ថា មនុស្សក្នុងអគារមានអារម្មណ៍ញ័រ ខណៈអ្នកនៅលើអគារក្នុងតំបន់ស៊ីឡម និងតំបន់បាងរ៉ាក់ ទីក្រុងបាងកក វិលមុខ និងរង្គើរបស់របរ ។ ក្រៅពីនេះ នៅតំបន់សាមសេនណៃ តំបន់ផាយ៉ាថៃ គឺអំពូលក្នុងអគាររង្គើ ដូចគ្នានឹងការរង្គើខុនដូកម្ពស់១៨ជាន់ នៅតំបន់ឃ្លងសាន ។
ដោយឡែក នៅឃុំបាងក្រៈសរ ស្រុកមឿងនុនថាបុរី ខេត្តនុនថាបុរី ឯណោះវិញ គឺអគាខ្ពស់នៅតំបន់ខេរ៉ាយ ជាន់ទី៩ បានរង្គើដូចគ្នា ហើយមនុស្សលើអគារមានអារម្មណ៍វិលមុខ ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២១ ខែសីហានេះ ធ្វើឱ្យពលរដ្ឋថៃបារម្ភម្តងទៀត តើទីក្រុងបាងកកអាចនឹងរងផលប៉ះពាល់ដោយសាររគ្រោះរញ្ជួយដីធ្ងន់ធ្ងរដូចពេលកន្លងមកដែរឬទេ? ឬនេះជាសញ្ញាព្រមានថា ទីក្រុងបាងកកនឹងរងឥទ្ធិពលគ្រោះរញ្ជួយដីខ្លាំងជាងនេះនាពេលឆាប់ៗ ៕










