ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Better News កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានទីប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោក ផាន់សាក់ វិញ្ញារ៉ាត់ បានស្នើរដ្ឋាភិបាលរបស់ខ្លួនបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា និងងាកមកប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដោយលោកស្នើឱ្យប្រកាន់យកសន្តិភាព ពីព្រោះសន្តិភាពជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីរក្សាជីវិតពលរដ្ឋ និងកងទ័ព សន្សំសំចៃការចំណាយថវិកាលើការទិញអាវុ.ធ និងកាត់បន្ថយការខាតបង់ ។.jpg)
ប្រធានទីប្រឹក្សាគោលនយោបាយនាយករដ្ឋមន្ត្រីថៃ លោក ផាន់សាក់ វិញ្ញារ៉ាត់ បានស្នើទៅរដ្ឋាភិបាលរបស់ខ្លួនបែបនេះ ក្រោយពីលោកបានជជែកជាមួយក្រុមពិភាក្សា ស្តីពី «អនាគតទំនាក់ទំនងរវាងកម្ពុជា-ថៃ» ស្របពេលមានស្ថានការណ៍តានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។ លោកថា ៖ «សន្តិភាព គឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីរក្សាជីវិតពលរដ្ឋ និងកងទ័ព ព្រមទាំងកាត់បន្ថយការចំណាយថវិកាជាតិ» ។

លោកនិយាយថា សន្តិភាពជាវិធីស្ងប់ស្ងាត់បំផុត, អាចកាត់បន្ថយការខូចខាតតាំងពីដើមទី និងពុំចាំបាច់ចំណាយប្រាក់យ៉ាងច្រើនទិញអាវុធសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិទៅវិញទៅមក ។ បើកម្ពុជា និងថៃងាកមករកសន្តិភាព វាជាដំណោះស្រាយបញ្ហាសំខាន់ផ្នែកសន្តិសុខ និងជម្លោះព្រំដែន ពីព្រោះសន្តិភាពជាជោគជ័យ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ លោកបានលើកឡើងពីជម្លោះព្រំដែននៅអឺរ៉ុបខាងលិច ក៏បានជ្រើសរើសវិធីរួមរស់ជាមួយគ្នា ខណៈប្រទេសខ្លះនៅអឺរ៉ុបពុំទាន់មានភាពច្បាស់លាស់រឿងបន្ទាត់ព្រំដែន ។.jpg)
ហេតុនេះ សន្តិភាពរវាងកម្ពុជា-ថៃ គឺពុំត្រឹមតែជួយសន្សំសំចៃថវិកាជាតិប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពនឹងជួយរក្សាជីវិតពលរដ្ឋ និងកងទ័ព ដែលជាធនធានមនុស្សរបស់ប្រទេសនីមួយៗ ។ ក្រៅពីនេះ លោកបានស្នើឱ្យមានការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសជិតខាង ដោយផ្លាស់ប្តូរពីការប្រើប្រាស់អាវុធទៅជាការអភិវឌ្ឍតំបន់រួមគ្នា, លើកកម្ពស់ពាណិជ្ជកម្ម, អភិវឌ្ឍន៍សេដ្ឋកិច្ច និងកែលម្អគុណភាពជីវិតពលរដ្ឋ ។
រដ្ឋាភិបាលថៃគួរតែគាំទ្រកងទ័ពឱ្យសម្រេចការងារមានប្រសិទ្ធភាព និងធ្វើឱ្យប្រទេសជិតខាងមើលឃើញថា ការបង្កើតសន្តិភាពរួមគ្នាជាមួយថៃ ក៏មានសារៈប្រយោជន៍ខ្លាំងបំផុតសម្រាប់ប្រទេសខ្លួន ។ ទាំងនេះឆ្លុះបញ្ចាំងពីគោលជំហររបស់ថៃទៅលើសន្តិភាពយូរអង្វែងពុំមែនកើតឡើងដោយសារសង្គ្រាមធ្វើឱ្យភាគីម្ខាងទៀតចុះចាញ់នោះទេ ប៉ុន្តែសន្តិភាពកើតឡើងដោយសារគ្មានភាគីណាមួយកាន់អាវុធប្រយុទ្ធគ្នា សន្តិភាពបានពីភាគីទាំងពីរត្រឡប់មករួមរស់ជាមួយគ្នាវិញ ដោយពុំចាំបាច់មានអ្នកលះបង់ជីវិត ដែលនេះជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមគ្នា ។
ចំណែកពលរដ្ឋកម្ពុជាចង់បានសន្តិភាព ពុំត្រូវការសង្គ្រាមទេ និងស្នើឱ្យពិភពលោកមើលឃើញពីទង្វើឈ្លានពានរបស់ថៃ ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន នាម៉ោង១២អធ្រាត្រ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ។
យោងតាមក្រសួងការពារជាតិកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គឺរយៈពេល២០ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ។ ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ៕










