ប្រទេសថៃ ៖ លោកស្រី ចារុវ៉ាន់ ហិនយ៉ាកន មន្ត្រីគយស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានទទួលសំណើពីក្រុមឈ្មួញនាំចេញទំនិញពីប្រទេសថៃទៅកម្ពុជា ដោយអ្នកតំណាងឈ្មួញបានសំណូមពរឱ្យរដ្ឋាភិបាលផ្តល់ប្រាក់សំណងការខូចខាតឱ្យឈ្មួញនាពេលកន្លងមក ដោយសារវិធានការរឹតបន្តឹងព្រំដែនកម្ពុជា-ថៃ ជាពិសេស ការដឹកទំនិញតាមផ្លូវគោក និងស្នើឱ្យអន្តោប្រវេសន៍ច្រកព្រំដែន កងកម្លាំងបូរ៉ាផា អភិបាលខេត្តស្រះកែវ និងរដ្ឋាភិបាលជជែកជាមួយកម្ពុជាបើកព្រំដែនឡើងវិញ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។
មន្ត្រីគយស្រុកអារញ្ញប្រាថេត លោកស្រី ចារុវ៉ាន់ ហិនយ៉ាកន និយាយថា ទំនិញថៃនាំចេញទៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែមិថុនា កន្លងមក គឺជាមធ្យមខាតបង់ចំនួន៣០០លានបាតក្នុង១ថ្ងៃ ហើយគយពុំបានមើលរំលងផលប៉ះពាល់របស់ឈ្មួញទេ គឺគយបានលើកឡើងពីផលវិបាកឈ្មួញឱ្យកងកម្លាំងបូរ៉ាផា ជ្រាបជាបន្តបន្ទាប់ ។ លោកស្រីបានផ្តល់កម្លាំងចិត្តឱ្យក្រុមឈ្មួញ និងប្រាប់ថា នឹងទទួលដំណឹងល្អនៅខែកក្កដានេះពីរឿងព្រំដែន ។

គយស្រុកអារញ្ញប្រាថេត ត្រឹមតែជាអ្នកអនុវត្ត ប៉ុន្តែគ្រប់គ្នាមានសិទ្ធិលើកឡើងពីផលប៉ះពាល់បើមានបញ្ហាការនាំចេញទំនិញតាមផ្លូវគោក ឬឈ្មួញចាំបាច់ត្រូវនាំចេញទំនិញទៅកម្ពុជា គឺអាចដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស ។ រដ្ឋមន្ត្រី្កក្រសួងពាណិជ្ជកម្មក៏ធ្លាប់និយាយពេលនាយករដ្ឋមន្ត្រីថៃធ្វើដំណើរមកខេត្តស្រះកែវ ថា ឈ្មួញដែលចាំបាច់ត្រូវនាំចេញទំនិញអាចស្នើសុំថវិកាឧបត្ថម្ភពីក្រសួងសម្រាប់ការចំណាយដឹកជញ្ជូនកើនឡើង និងសាកសួរព័ត៌មានលម្អិតនៅការិយាល័យពាណិជ្ជកម្មខេត្តស្រះកែវ ឬដាក់លិខិតទៅអភិបាលខេត្តស្រះកែវ ឬមកជួបគយស្រុកអារញ្ញប្រាថេត គយនឹងជូនដំណឹងបន្តពីការខាតបង់របស់ឈ្មួញដោយសារការបិទព្រំដែន ។
.png)
លោកស្រី ចារុវ៉ាន់ និយាយថា ៖ «ព្រំដែនកម្ពុជា-ថៃផ្លូវគោកបិទ ប៉ុន្តែផ្លូវទឹក និងផ្លូវអាកាសពុំទាន់បិទទេ ដូច្នេះ យើងអាចនាំចេញទំនិញទៅកម្ពុជាបាន ។ ឈ្មួញដែលចាំបាច់ត្រូវនាំចេញទំនិញទៅកម្ពុជា គឺអាចនាំចេញតាមផ្លូវទឹក និងផ្លូវអាកាស រដ្ឋមន្ត្រីពាណិជ្ជកម្មធ្លាប់និយាយថា អាចមានថវិការបស់ក្រសួងសម្រាប់ផ្តល់ឱ្យឈ្មួញដែលត្រូវចំណាយដើមទុនបន្ថែម ។ គ្មានអ្នកណានៅស្ងៀមទេ ទាំងគយ កងទ័ពជើងគោក កងកម្លាំងបូរ៉ាផា និងមន្ត្រីច្រកព្រំដែន គឺចង់ឱ្យបើកព្រំដែនកម្ពុជា-ថៃឡើងវិញ ។ ហេតុនេះ សូមរង់ចាំស្តាប់ដំណឹងល្អ សូមឱ្យមានដំណឹងល្អឆាប់ៗ» ។
ចំណែកលោក អាណាន់ង៉ាម នីតិយ៉ាហ៊ុង ឈ្មួញនាំចេញកង់រថយន្តនៅស្រុកអារញ្ញប្រាថេត ដែលតំណាងឱ្យឈ្មួញដាក់សំណើមកខាងគយ ក៏បានផ្តាំផ្ញើឱ្យគយនាំសំណើរបស់ឈ្មួញចំនួន៧ចំណុចបន្តទៅថ្នាក់លើ ក្នុងនោះឈ្មួញផ្តោតលើវិធានការផ្តល់ប្រាក់ឧបត្ថម្ភដល់ឈ្មួញនាំចេញទំនិញទៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែន ។ ក្រៅពីនេះ លោកនឹងដាក់សំណើទៅអន្តោប្រវេសន៍ច្រកព្រំដែន កងកម្លាំងបូរ៉ាផា និងអភិបាលខេត្តស្រះកែវ ដើម្បីឱ្យជជែកជាមួយកម្ពុជាបើកព្រំដែនឡើងវិញ ។
គួរបញ្ជាក់ថា តាំងពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជា ធ្វើឱ្យពលរដ្ឋ និងឈ្មួញថៃរងផលប៉ះពាល់យ៉ាងខ្លាំង ដូចជា ៖ បាត់បង់ចំណូល អាជីវកម្មដួលរលំ និងចំណាយដើមទុនខ្ពស់ក្នុងការដឹកទំនិញពីថៃមកកម្ពុជា ។ ពួកគេបានសំណូមពរម្តងហើយម្តងទៀតសូមឱ្យកងទ័ព និងរដ្ឋាភិបាលចរចាជាមួយកម្ពុជាបើកព្រំដែន ពីព្រោះពួកគេក៏ស្រឡាញ់ប្រទេសជាតិដូចគ្នាដែរ ៕










