ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ចតុផន ប៊ូរ៉ុតផាត់ បានធ្វើដំណើរមកខេត្តរាជបុរី ដើម្បីតាមដានស្ថានការណ៍ផលិតផលសំខាន់ៗរបស់កសិករក្នុងខេត្ត រួមមាន ៖ ទឹកដោះគោ-ដូងក្រអូប ដែលកំពុងប្រឈមបញ្ហាលក់ពុំដាច់នៅសល់ពាសស្តុក និងតម្លៃថោក ដោយសារតម្រូវការធ្លាក់ចុះ ។ លោកណែនាំឱ្យប្រញាប់ចាត់វិធានការរយៈពេលខ្លី និងវែងដើម្បីដោះស្រាយបញ្ហាជាប្រព័ន្ធ ដោយមានអភិបាលខេត្ត មន្ត្រីរាជការ និងតំណាងផ្នែកឯកជនចូលរួមប្រជុំ ។
ក្រោយពីបានពិនិត្យមើលកសិដ្ឋានផលិតទឹកដោះគោនៅស្រុកផូថារ៉ាម ខេត្តរាជបុរី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចតុផន ប៊ូរ៉ុតផាត់ និយាយថា បច្ចុប្បន្ន ទឹកដោះគោសល់ក្នុងស្តុករហូតដល់១០លានប្រអប់ ដោយសារត្រូវការធ្លាក់ចុះ ។ លោកបានណែនាំឱ្យយកទឹកដោះគោសល់ក្នុងស្តុកទៅចែកចាយនៅតាមស្ថានីយប្រេងឥន្ធនៈ ហាងលក់ទំនិញបោះដុំ-លក់រាយ ព្រមទាំងស្នើពិភាក្សាពីគោលនយោបាយពាក់ព័ន្ធនឹងគម្រោងទឹកដោះគោសាលារៀនដើម្បីជំរុញឱ្យសិស្ស និងយុវជនបង្កើនការផឹកទឹកដោះគោ ។

លោក ចតុផន និយាយថា ៖ «ខ្ញុំពុំព្រងើយកន្តើយនឹងជីវភាពកសិករទេ ខ្ញុំបានចុះមកពិនិត្យមើលបញ្ហាក្នុងតំបន់ដោយខ្លួនឯង និងកំណត់ឱ្យប្រញាប់ចាត់វិធានការរយៈពេលវែង ។ ការប្រើប្រាស់បច្ចេកវិទ្យាកាត់បន្ថយចំណាយដើមទុនផលិតរបស់កសិករថៃអាចប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារពិភពលោក» ។
នារសៀលថ្ងៃដដែល (ថ្ងៃទី១០ ខែកក្កដា) លោក ចតុផន បានដឹកនាំក្រុមមន្ត្រីពាក់ព័ន្ធធ្វើដំណើរទៅសាលាខេត្តរាជបុរី ដើម្បីតាមដានស្ថានការណ៍តម្លៃដូងក្រអូប ដែលជាដំណាំសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត ។ លោកថា ពេលនេះ តម្លៃដូងក្រអូបជាមធ្យមនៅចម្ការ គឺដូង១ផ្លែ មានតម្លៃពី៤បាត ទៅ៥បាតប៉ុណ្ណោះ ខណៈបរិមាណផលិតកើនឡើង ហើយការកុម្ម៉ង់ទិញដូងពីចិនដែលជាទីផ្សារសំខាន់ធ្លាក់ចុះ ទើបធ្វើឱ្យដូងថៃសល់ច្រើន និងបន្ទាបតម្លៃក្នុងស្រុក ។
ក្រសួងពាណិជ្ជកម្មបានកំណត់វិធានការដោះស្រាយបញ្ហាជា៣ដំណាក់កាល រួមមាន ៖
១-រយៈពេលខ្លី ៖ លក់ដូងនៅតំបន់ទេសចរណ៍, ភូមិ, ខុនដូ និងកន្លែងកែច្នៃ
២-រយៈពេលមធ្យម ៖ ជំរុញឱ្យរោងចក្រកែច្នៃទិញដូង និងពង្រីកទីផ្សារក្នុងស្រុក
៣-រយៈពេលយូរ ៖ រកទីផ្សារនាំចេញថ្មី លើកកម្ពស់ស្តង់ដារផលិតផល និងគ្រប់គ្រងផលិតកម្មជាមួយផែនការគ្រប់គ្រងពូជ ជីកសិកម្ម និងថ្នាំកម្ចាត់សត្វល្អិត រួមទាំងលើកកម្ពស់ការកែច្នៃដើម្បីបង្កើនតតម្លៃ ។

ការចំណាយដើមទុនខ្ពស់ ជាពិសេស ជីកសិកម្ម និងថ្នាំកម្ចាត់សត្វល្អិត គឺជាកត្តាសំខាន់ដែលត្រូវដោះស្រាយជាប្រព័ន្ធ រួមទាំងជំរុញតួនាទីមន្ត្រីទូតពាណិជ្ជកម្មបើកទីផ្សារនៅក្រៅប្រទេស និងផ្តល់ឱកាសដល់កសិករ ។ លោក ចតុផន ស្នើឱ្យពលរដ្ឋថៃជួយគាំទ្រតាមគោលនយោបាយ «ថៃធ្វើ ថៃប្រើប្រាស់ ថៃជួយថៃ» ព្រមទាំងជំរុញការកែច្នៃទិន្នផលកសិកម្ម បង្កើនប្រសិទ្ធភាព កាត់បន្ថយដើមទុន និងបង្កើនឱកាស ។
គួរបញ្ជាក់ថា នៅខេត្តរាជបុរី មានផ្ទៃដីដាំដូងក្រអូបជាង១១០,៤៩០រ៉ៃ, កសិករជាង៦,៥០៤នាក់ ខណៈស្រុកមានផ្ទៃដីដាំដូងច្រើនជាងគេ រួមមាន ៖ ស្រុកដាំណឺនសាឌួក, មឿងរាជបុរី និងបាងផេ ៕










