ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Daily News ឱ្យដឹងថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តារាសម្តែង និងតារាម៉ូដែលដ៏ល្បីល្បាញនៅប្រទេសថៃ គឺអ្នកនាង ជែននី ធៀនផូសុវណ្ណ អាយុ៤៤ឆ្នាំ បានបួសជាដូនដីនៅខេត្តស្រះបុរី ដែលមានក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិមកចូលរួមក្នុងពិធី ។ នាងបាននិយាយពីមូលហេតុដែលសម្រេចចិត្តកោរសក់ និងកោរចិញ្ចើមបួសជាដូនជី គឺពុំមែនដោយសាររត់គេចពីបញ្ហាទេ ប៉ុន្តែនាងបួសដើម្បីកូនស្រី សង្ឃឹមថា កូនរបស់នាងនឹងយល់ ។
នៅព្រឹកថ្ងៃទី១ ខែកក្កដា អ្នកនាង ជែននី បានស្លៀកពាក់ជាដូនជីយ៉ាងស្រស់ស្អាតដែលមានម្តាយ ប្អូនស្រី និងកូនស្រីមកចូលរួមក្នុងពិធី ។ ក្រៅពីនេះ ក៏មានបងប្អូន និងមិត្តភក្តិសិល្បៈជាច្រើនមកចូលរួមអនុមោទនាបុណ្យផងដែរ ។ វាជាបរិយាកាសគួរឱ្យរំជួលចិត្ត នាងបានស្រក់ទឹកភ្នែកក្រោយពីកូនស្រីយកបាច់ផ្កាមកសំពះជើងម្តាយ ។

អ្នកនាង ជែននី ពុំបានបួសជាដូនជីដើម្បីគេចពីសេចក្តីទុក្ខទេ ប៉ុន្តែនាងតាំងចិត្តបួសពិតប្រាកដមែនដើម្បីស្វែងរកព្រះធម៌ ។ នាងក៏បាននិយាយពីអាចារ្យម្នាក់ឈ្មោះ អូឡេ ណែនាំឱ្យនាងដកពាក្យសន្យាដើម្បីរួចផុតពីសន្យាកាលពីអតីតជាតិធ្លាប់ពាក់ព័ន្ធជាមួយនាគរាជ ដោយការកោរសក់បួសជាដូនជី ខណៈកន្លងមក នាងបានធ្វើពិធីរាំ ។

បន្ទាំប់ពីបួសជាដូនជីរួច អ្នកនាង ជែននី បានសរសេរពីមូលហេតុដែលសម្រេចចិត្តបួសដោយសារកូនស្រីក្នុងបណ្តាញសង្គមថា ណូឡា កូនស្រីជាទីស្រឡាញ់របស់ម្តាយ ម្តាយបានធ្វើរឿងមួយដែលប្លែកសម្រាប់ក្រសែភ្នែកមនុស្សទូទៅ គឺកោរសក់ កោរចិញ្ចើម និងស្លៀកពាក់ដូនជី ពុំមែនគេចពីអ្វីទេ ប៉ុន្តែដើម្បីដើរចូលទៅក្នុងចិត្តរបស់ខ្លួនឯង រកសេចក្តីស្ងប់ស្ងាត់ពិតប្រាកដ ដែលម្តាយចង់ចែករំលែកឱ្យកូន… ។

ក្រោយពីនាងបានសរសេរក្នុងបណ្តាញសង្គមបែបនេះ មិត្តភក្តិ និងអ្នកគាំទ្រនាងក៏ចូលបញ្ចេញមតិសរសើរពីទឹកចិត្តស្រឡាញ់កូនរបស់ដូនជី ជែននី ព្រមទាំងចូលរួមអនុមោទនាបុណ្យយ៉ាងច្រើន ។
គួរបញ្ជាក់ថា តារាសម្តែងដ៏ល្បីរបស់ថៃរូបនេះបានសម្រេចចិត្តបួសរយៈពេល៩ថ្ងៃ ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ផ្លូវចិត្ត ក្រោយពីមានបញ្ហាជីវិតផ្ទាល់ខ្លួនជាច្រើន ទើបជ្រើសរើសព្រះធម៌ជាទិសដៅសម្រាប់ភាពសុខសាន្តផ្លូវចិត្ត ។ កន្លងមក នាងធ្លាប់ធ្វើដំណើរទៅចូលរួមពិធីកាត់សក់ដោយព្រះសង្ឃនៅប្រទេសស្រីលង្កា ៕










