នៅល្ងាចថ្ងៃទី ១ខែកក្កដា សមាជិកទាំង ៧ នាក់ របស់ BTS រួមមានJin, Suga, J-Hope, RM, Jimin, V, និង Jungkook បានជួបជុំគ្នាឡើងវិញក្នុងការផ្សាយផ្ទាល់នៅលើវេទិកា Weverse ។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្នុងនាមជាក្រុមពេញលេញនៅលើវេទិកានេះ បន្ទាប់ពីជិត ២ ឆ្នាំនិង ៩ ខែ។
ការផ្សាយបន្តផ្ទាល់គឺជាពេលវេលាដ៏មានអត្ថន័យសម្រាប់ BTS និងអ្នកគាំទ្ររបស់ពួកគេគឺ ARMYខណៈដែលក្រុមនេះបានប្រមូលផ្តុំគ្នាជាលើកដំបូងបន្ទាប់ពីបានបាត់មុខអស់រយៈពេលយូរដោយសារការបំពេញកាតព្វកិច្ចយោធា។ Jimin បានចាប់ផ្តើមការ Live ដោយ និយាយថា «ពួកយើងត្រឡប់មកវិញហើយទីបំផុតពួកយើងបាននៅជាមួយគ្នាម្តងទៀត»។
ការប្រគំតន្ត្រីទោលនាពេលថ្មីៗនេះរបស់ J-Hope ដែលមានចំណងជើងថា« Hope on the Street» ក៏បានក្លាយជាប្រធានបទសំខាន់នៃការសន្ទនាផងដែរ។
.png)
ចំណុចសំខាន់នៃការ Live របស់ BTS គឺការប្រកាសអាល់ប៊ុមក្រុមបន្ទាប់របស់ ពួកគេ។ RM ដែលជាប្រធានក្រុមបានចែករំលែកការអាប់ដេតដ៏រំភើបមួយដោយនិយាយថា «យើងនឹងបង្កើតអាល់ប៊ុមដ៏អស្ចារ្យមួយ។ ចាប់ផ្តើមនៅក្នុងខែកក្កដា យើងនឹងចាប់ផ្តើមផ្តោតលើការបង្កើតតន្ត្រីថ្មីជាមួយគ្នា»។នៅពេលដែល RM សួរអំពីកាលបរិច្ឆេទនៃការចេញអាល់ប៊ុមនេះ V បានឆ្លើយតបដោយរំភើបថា «និទាឃរដូវឆ្នាំក្រោយ!» នេះបញ្ជាក់ថាអាល់ប៊ុមថ្មីរបស់ BTS គ្រោងនឹងចេញនៅរដូវផ្ការីកឆ្នាំ ២០២៦។
Jimin បានពន្យល់បន្ថែមថា «អ្នកមួយចំនួនអាចរំពឹងថានឹងមានអ្វីកើតឡើងភ្លាមៗបន្ទាប់ ពីពួកយើងត្រូវបានចេញពីយោធា ។ ប៉ុន្តែយើងមិនអាចរៀបចំអ្វីបានទេពេលកំពុង បម្រើយោធា។ ដូច្នេះយើងនឹងចាប់ផ្តើមពីពេលនេះទៅ»។
ទោះបីជាមិនមានព័ត៌មានលម្អិតអំពីអាល់ប៊ុមនេះត្រូវបានបង្ហាញក៏ដោយ ប៉ុន្តែសមាជិកបានណែនាំថាវានឹងជាអាល់ប៊ុមស្ទូឌីយោពេញលេញ។ បើដូច្នេះមែន វានឹងក្លាយជាអាល់ប៊ុមពេញដំបូងរបស់ពួកគេចាប់តាំងពី «Map of the Soul: 7» ដែលបានចេញផ្សាយកាលពី៦ឆ្នាំមុន។ V ក៏បានបង្ហើបថាលោកមានគម្រោងទៅធ្វើតន្ត្រីនៅអាម៉េរិក។ បន្ទាប់មក RM បាននិយាយថាសមាជិកអាចធ្វើជំរុំសរសេរការធ្វើដំណើរ មួយរយៈ«យើងអាចចាប់ផ្តើមនៅ សហរដ្ឋអាម៉េរិកហើយផ្លាស់ទីទៅកន្លែងផ្សេងៗ»។
នៅចុងបញ្ចប់នៃការផ្សាយផ្ទាល់ RM បានប្រាប់អ្នកគាំទ្រថា «អាល់ប៊ុមថ្មីរបស់យើង ដែលជាអាល់ប៊ុមដំបូងរបស់យើងក្នុងរយៈពេល ៦ឆ្នាំនឹងចេញនៅនិទាឃរដូវក្រោយ។ យើងក៏កំពុងរៀបចំផែនការទេសចរណ៍ពិភពលោកបន្ទាប់ពីនោះផងដែរ។ សូមរង់ចាំបន្តិចទៀត»៕










