ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា ឈ្មួញថៃនៅផ្សាររុងក្លឿងបានលើកឡើងពីការលក់ដូរទំនិញនៅតាមព្រំដែនកម្ពុជា-ថៃស្ទើរដួលរលំ បាត់បង់ប្រាក់ចំណូលទាំងស្រុង ពីព្រោះអតិថិជនទិញទំនិញរហូតដល់៩៩% ជាពលរដ្ឋខ្មែរ ។ ឈ្មួញថៃបានបន់ស្រន់ឱ្យប្រទេសកម្ពុជា និងថៃចរចារកដោះស្រាយបញ្ហាឆាប់ៗដើម្បីឱ្យពួកគេអាចត្រឡប់មកលក់ដូរដូចមុនឡើងវិញ ។

កាលពីថ្ងៃទី២៩ ខែមិថុនា កងកម្លាំងបូរ៉ាផាបានផ្ញើលិខិតទៅអន្តោប្រវេសន៍ខេត្តស្រះកែវឱ្យជូនដំណឹងមកកម្ពុជា ដើម្បីស្នើសុំបើកព្រំដែនមួយចំនួនឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនចេញ-ចូល រយៈពេល៧ថ្ងៃ និងឱ្យរថយន្តដឹកទំនិញថៃដែលកកស្ទះនៅព្រំដែនខាងកម្ពុជាអាចត្រឡប់ទៅថៃវិញ ប៉ុន្តែត្រូវកម្ពុជាបដិសេធ និងពុំអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

បន្ទាប់ពីកម្ពុជាបដិសេធការឆ្លងកាត់ព្រំដែនរបស់រថយន្តដឹកទំនិញថៃគ្រប់ប្រភេទ ដោយសារកងទ័ពថៃបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ឈ្មួញថៃនៅផ្សាររុងក្លឿងដែលនាំចេញទំនិញទៅប្រទេសកម្ពុជា បាន Live ក្នុងបណ្តាញសង្គមថា ការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យការលក់ដូរទំនិញផ្សេងៗស្ងប់ស្ងាត់យ៉ាងខ្លាំង ឈ្មួញពុំអាចនាំចេញទំនិញទៅកម្ពុជា ១០០% ប៉ុន្តែឈ្មួញពុំអាចប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល ។

ឈ្មួញថៃនៅផ្សាររុងក្លឿងចង់ផ្តាំផ្ញើទៅរដ្ឋាភិបាលថា បច្ចុប្បន្ន ការលក់ដូរលំបាកបំផុត និងប៉ះពាល់ដល់បុគ្គលិកជាច្រើនធ្វើការក្នុងហាងលក់ដូរ ។ ឈ្មួញទាំងនេះបានបន់ស្រន់ឱ្យប្រទេសទាំងពីរចរចារកដោះស្រាយឆាប់ៗ និងចង់ឱ្យអ្វីៗគ្រប់យ៉ាងត្រឡប់មកប្រក្រតីឡើងវិញដើម្បីអាចលក់ដូរឱ្យគ្នាដូចមុន ។

ពេលនេះ អតិថិជនឡាវបានកុម្ម៉ង់ទិញទំនិញថៃ ហើយឈ្មួញថៃរូបនេះក៏បានបញ្ជូនទំនិញថៃទៅប្រទេសឡាវ ចំនួន១រថយន្ត ដើម្បីទទួលចំណូលបានខ្លះៗ ។ រីឯការបញ្ជូនទំនិញថៃទៅប្រទេសកម្ពុជា គឺគ្មានសោះ គឺគ្មានការបញ្ជូន១០០% ហើយឈ្មួញក៏បញ្ជូនទំនិញនៅផ្សារប្រាទូណាម នៅទីក្រុងបាងកក ដើម្បីនាំចេញទៅតំបន់អាហ្វ្រិក ។

ឈ្មួញថៃនៅផ្សាររុងក្លឿងបានផ្តាំផ្ញើទៅកងទ័ពថៃ និងអភិបាលខេត្តស្រះកែវ ថា ឈ្មួញភាគច្រើនដែលលក់ដូរនៅតាមព្រំដែនរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបិទព្រំដែន ។ បើថៃនៅតែបិទព្រំដែនជាប់កម្ពុជាបន្តទៀត ពលរដ្ឋនឹងដាច់ពោះស្លាប់មិនខាន ។ រដ្ឋាភិបាលត្រូវតែទទួលស្គាល់ថា ការលក់ដូរតាមព្រំដែនស្ទើរទាំងអស់ គឺពលរដ្ឋថៃនៅព្រំដែនទទួលបានចំណូលពីអតិថិជនខ្មែរ បើថៃបិទព្រំដែនជិតបែបនេះនឹងធ្វើឱ្យបាត់បង់ចំណូលដោយសារគ្មានអតិថិជន ពីព្រោះអតិថិជន៩៩% គឺខ្មែរ ។

គួរបញ្ជាក់ថា ឈ្មួញថៃដែលលក់ដូរ និងនាំចេញទំនិញមកប្រទេសកម្ពុជា បានទាមទារឱ្យរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រញាប់ចរចាស្វែងរកដំណោះស្រាយបញ្ហាជាមួយកម្ពុជាឱ្យបានឆាប់បំផុត ពីព្រោះការបិទព្រំដែនដាក់សម្ពាធកម្ពុជា ពុំបានធ្វើឱ្យកម្ពុជារងផលប៉ះពាល់ទេ ប៉ុន្តែបែរជាពលរដ្ឋថៃរងផលប៉ះពាល់ទៅវិញ ៕