ជឿជាក់ថាអ្នកប្រើបណ្តាញសង្គមជាច្រើននាក់បានដឹងហើយថាកុមារ ឆលី មានជំងឺ មហារីកហើយស៊ូទ្រាំយ៉ាងខ្លាំងក្នុងការព្យាបាល ព្រមទាំងមានសប្បុរសជនជាច្រើន តារាល្បីៗបានជួយបរិច្ចាគទៅកាន់កុមារារូបនេះ។

យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែម្តាយរបស់ ឆលី បានទម្លាយប្រាប់មហាជនថាផេករបស់ ឆលី លែងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនខណៈអ្នកនាងនិងស្វាមីពេលនេះរស់នៅបែក គ្នាហើយ។ ដំណឹងនេះបានធ្វើឱ្យមហាជនមានចិត្តអាណិតទៅដល់ម្តាយ ឆលី ខណៈតារាចម្រៀង វ៉ាន់ នីឡា រួមទាំងពិធីការិនី ណា សាឌី ក៏បានពោលពាក្យនេះ ឡើងមក។

ពិធីការិនីកូនខ្មែរកាត់ថៃ ណា សាឌី បានចែករំលែកវីដេអូរបស់ ម្តាយ ឆលី ដោយភ្ជាប់មកជាមួយនឹងសម្តីថា «ហេតុអ្វីត្រូវទៅចោលកូនពេលលំបាកចឹង?
ហេតុអ្វីអ្នកទុកពួកគាត់ចោល ពុទ្ធោអើយ មនុស្សប្រុស»។ ជាមួយគ្នានេះ ណា សាឌី ក៏បានបង្ហាញថាខ្លួននាងនឹងជួយទិញនំបុ័ងរបស់ម្តាយ ឆលី ឱ្យបានច្រើនៗ។
ងាកមកកាន់តារាចម្រៀង វ៉ាន់ នីឡា វិញក៏បានចែករំលែកការបង្ហោះរបស់ម្តាយ ឆលី និងបានដាក់ចំណងជើងថា « បែកគ្នាសូម្បីផេក Facebook ក៏យកដែរ អត់អាណិតកូនសោះ»។

គួរឱ្យដឹងថាកាលពីថ្ងៃទី៧ មិថុនា ម្តាយឆលី បានចេញមកបញ្ជាក់ពីផេកថ្មីរបស់ខ្លួន ដែលអ្នកនាងជាអ្នកកាន់ដោយផ្ទាល់។ នៅលើទំព័រហ្វេកប៊ុក នំបុ័ង ម៉ាក់ឆលី បានរៀបរាប់ថា «ជម្រាបសួរបងៗនេះជាផេកពិតម៉ាក់ឆលីអ្នកកាន់ផ្ទាល់សូម្បីតែ ផេកកូនៗនិងផេកខ្ញុំរកស៊ីលក់ទុកបង់ថ្លៃផ្ទះជួល,ចិញ្ចឹមកូននិងទុកមើលជំងឺកូនៗទៅពេទ្យ រហូតចំណាយច្រើនក៏អ្នកឯងយកធ្វើជាកម្មសិទ្ធិ ធ្វើមុខរបរខ្លួនឯងហឺមម! ! ! អូច្រលំស្ទាយដដែលធ្វើដាក់ខ្ញុំនឹងកូនៗ »។
ម្តាយរបស់ ឆលី ក៏បានបញ្ជាក់នៅក្នុងខម្មិនដែរថាសម្រាប់ខ្លួនអ្នកនាងគឺឆ្លងកាត់ច្រើន ណាស់ ហើយឡើងរឹងមាំអាណិតតែកូនៗរស់នៅគ្មានភាពកក់ក្ដៅនឹងគេជាពិសេស ឆលី៥ឆ្នាំហើយនៅតែជាមួយម៉ែរហូតឡើងទម្លាប់ ឆលីមិនដែលត្រូវការឪទេព្រោះ ទុកគ្នាចោលរហូត និយាយទៅវាណែនទ្រូងពេក»។ ជាមួយគ្នានេះដែរ ម្តាយ ឆលី ក៏បានបញ្ជាក់ថា កូនៗគឺនៅជាមួយខ្លួន ហើយក៏បានពោលពាក្យសូមទោសដែលផុសរឿង ចឹងៗក្នុងសង្គមតែដោយសារតែអយុត្តិធម៌ពេកសម្រាប់កូនៗរបស់ខ្លួនដែលកំពុងឈឺ៕
		
	









